(ភ្នំពេញ)៖  អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយលិខិតគតិយុត្តគាំទ្រការគ្រប់គ្រងចំណូលមិនមែន សារពើពន្ធ ក្នុងក្របខ័ណ្ឌនៃការផ្ទេរមុខងារ និងការចែករំលែកចំណូលមិនមែនសារពើពន្ធពីរដ្ឋបាលថ្នាក់ជាតិ ទៅឱ្យ រដ្ឋបាលថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត វង់ សណ្តាប់ រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារចំពោះកិច្ចកម្រិតថ្នាក់ដឹកនាំ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាប្រធាន គណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ អមដោយ ឯកឧត្តមបណ្ឌិត យ៉េត វីណែល អនុរដ្ឋលេខាធិការ កសហវ. និងជាអគ្គលេខាធិការរង នៃ អ.គ.ហ. តំណាងរបស់ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ កសហវ. និងជាអគ្គលេខាធិការ នៃ អ.គ.ហ. និង ឯកឧត្តម អូន ប៊ុនហាក់ អនុរដ្ឋលេខាធិការ កសហវ.។ 

សិក្ខាសាលាផ្សព្វផ្សាយនេះ មានការអញ្ជើញចូលរួមដោយផ្ទាល់ និងតាមរយៈប្រព័ន្ធវីដេអូអនឡាញពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងមកពីក្រសួង ស្ថាប័ន, ការដ្ឋានកែទម្រង់អាទិភាពរបស់រាជរដ្ឋាភិបាល, រដ្ឋបាលរាជធានី ខេត្ដ ក្រុង ស្រុក ខណ្ឌ, អង្គភាពក្រោមឱវាទ កសហវ., មន្ទីរ សហវ. រាជធានី ខេត្ត, ព្រមទាំង អង្គភាព និងមន្ទីជំនាញជុំវិញរាជធានី ខេត្ដ សរុបចំនួនប្រមាណ ១៧០០ រូប។


ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈ, សិក្ខាសាលនេះ ត្រូវបានរៀបចំឡើងដើម្បីពង្រឹងប្រសិទ្ធភាព នៃការអនុវត្តអនុក្រឹត្យលេខ ២៨៣ អនក្រ.បក ចុះថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ ស្ដីពីគោលការណ៍ និងនីតិវិធីបន្ថែមសម្រាប់ការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធក្នុងក្របខ័ណ្ឌ នៃការផ្ទេរមុខងារ និងការចែករំលែកចំណូលមិនមែនសារពើពន្ធ ពីដ្ឋបាលថ្នាក់ជាតិ ទៅរដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈការផ្សព្វផ្សាយ និងអនុវត្តនូវលិខិតគតិយុត្តគាំទ្រនានា ជាអាទិ៍៖ (១)- សារាចរលេខ ០១៣ សហវ.ស.រ.អគហ ចុះថ្ងៃទី២២ ខែ តុលា ឆ្នាំ២០២៤ ដែលបានបកស្រាយលម្អិតទៅលើអនុក្រឹត្យលេខ២៨៣, (២)- អនុក្រឹត្យលេខ ២៤៩ អនក្រ.បក ចុះថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្តីពីការកំណត់អត្រាចែករំលែកចំណូលពីសេវាសាធារណៈ និងចំណូលពីការចាត់ចែងទ្រព្យសម្បត្តិរដ្ឋ ពីរដ្ឋបាលថ្នាក់ក្រោមជាតិ ជូនជាគុណប្រយោជន៍ដល់ថវិការដ្ឋបាលថ្នាក់ក្រោមជាតិ និង (៣)-ប្រកាសលេខ១៤៥ សហវ.ប្រក.គហ ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ ស្តីពីការដាក់ឱ្យប្រើគំរូប្រកាសអន្តរក្រសួង/ ប្រកាសរួម និងគំរូរបាយការណ៍ពាក់ព័ន្ធនឹងការផ្តល់សេវាសាធារណៈ និង ការពិន័យ។

សិក្ខាសាលានេះ ជាឱកាសដ៏មានតម្លៃសម្រាប់តួអង្គដែលមានការពាក់ព័ន្ធ លើកឡើងអំពីបញ្ហាប្រឈមនានា និងឈ្វេងយល់អំពីដំណោះស្រាយគន្លឹះៗ ពាក់ព័ន្ធនឹងការគ្រប់គ្រងនិងប្រមូលចំណូលមិនមែនសារពើពន្ធ ក្នុងក្របខ័ណ្ឌនៃ នៃការផ្ទេរមុខងារ និងការចែករំលែកចំណូលមិនមែនសារពើពន្ធ ពីដ្ឋបាលថ្នាក់ជាតិ ទៅរដ្ឋបាលថ្នាក់ក្រោមជាតិ ពិសេស ជាមូលដ្ឋាននៃការឈានដល់ការបញ្ចប់ការកែសម្រួលប្រកាសអន្តរក្រសួងនានា រវាងរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងរដ្ឋមន្រ្តីក្រសួង ឬប្រធានស្ថាប័នដែលមានការពាក់ព័ន្ធ។

ឯកឧត្តមបណ្ឌិត វង់ សណ្តាប់ បានគូសបញ្ជាក់ថា ដើម្បីបន្តលើកកម្ពស់ការអភិវឌ្ឍមូលដ្ឋាន ព្រមទាំងកែលម្អឱ្យកាន់តែប្រសើរឡើងនូវការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ, ក្រៅពីធនធានចំណូលសារពើពន្ធ, រាជរដ្ឋាភិបាលបាន សម្រេចផ្ទេរ និងចែករំលែកធនធានចំណូលមិនមែនសារពើពន្ធបន្ថែម ពីរដ្ឋបាលថ្នាក់ជាតិទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈការផ្ទេរមុខងារប្រមូលចំណូលពីសេវាសាធារណៈ, ការចែករំលែកចំណូលពីសេវាសាធារណៈរបស់រដ្ឋបាល ថ្នាក់កណ្តាល និងចំណូលពីការចាត់ចែងទ្រព្យសម្បត្តិរដ្ឋ ជាអាទិ៍៖ ចំណូលពីសម្បទាននេសាទ,ចំណូលពីការជួល ទ្រព្យសម្បត្តិរដ្ឋរបស់មន្ទីរជំនាញ រាជធានី ខេត្ត, ចំណូលពីសម្បទានដីសេដ្ឋកិច្ច, ចំណូលពី ផលព្រៃឈើ, និងចំណូល ផ្សេងទៀត តាមការសម្រេចដ៏ខ្ពង់ខ្ពស់ពីប្រមុខរដ្ឋាភិបាល។


មុននឹងបញ្ចប់ ឯកឧត្តមបណ្ឌិត វង់ សណ្តាប់ រដ្ឋលេខាធិការ នៃ កសហវ. និងជាប្រធានក្រុមការងារចំពោះកិច្ចកម្រិតថ្នាក់ដឹកនាំ ក្នុងនាមតំណាង ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានវាយតម្លៃខ្ពស់ចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងអង្គភាព ស្ថាប័នពាក់ព័ន្ធ ដែលបានចូលរួមយ៉ាងសកម្មលើការរៀបចំលិខិតគតិយុត្តគាំទ្រដល់ការអនុវត្តអនុក្រឹត្យលេខ ២៨៣ អនក្រ.បក ចុះថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣។ ជាចុងក្រោយ ឯកឧត្តមបណ្ឌិត បានថ្លែងអំណរគុណថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ដែលបានចំណាយពេលវេលាដ៏មានតម្លៃចូលរួម សិក្ខាសាលាផ្សព្វផ្សាយដ៏មានសារៈសំខាន់នេះ និងជូនពរដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការជួបប្រទះទៅនឹងពុទ្ធពរទាំង៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។