(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥នេះ បានបង្ហាញរូបថតរបស់សម្តេចកាលពី៤ឆ្នាំមុន នៅពេលកម្ពុជាប្រយុទ្ធប្រឆាំង នឹងការរីករាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍ ដែលពេលនោះសម្តេចមានសកម្មភាពដ៏មមារញឹក ក្នុងការរៀបចំមន្ទីរពេទ្យ ដើម្បីសង្គ្រោះអ្នកជំងឺកូវីដ១៩។
តាមរយៈបណ្តាញសង្គមហ្វេសប៊ុក សម្តេចនាយករដ្ឋមន្រ្តី បានលើកឡើងទាំងស្រុងដូច្នេះថា៖ «មួយភ្លែតសោះ ៤ឆ្នាំកន្លងផុតទៅហើយ។ រូបថតនេះ គឺក្នុងពេលដែលខ្ញុំកំពុងដឹកនាំរៀបចំមន្ទីរពេទ្យហ្លួងម៉ែ (អតីតមន្ទីរពេទ្យស្ត្រីនគរទេព) ដើម្បីប្រែក្លាយជាមន្ទីរពេទ្យព្យាបាលជំងឺកូវីដ១៩ បន្ទាប់ពីបញ្ចប់ការរៀបចំមណ្ឌលព្យាបាលជំងឺ១៩ នៅសណ្ឋាគារ The Great Duke។
ខ្ញុំនៅចាំច្បាស់ថា នៅពេលនោះ គឺយើងកំពុងស្ថិតនៅក្នុងដំណាក់កាលមិនច្បាស់លាស់ អំពីអនាគតរបស់ប្រទេសជាតិ និងប្រជាជនយើងនៅឡើយ នៅក្នុងដំណាក់កាលដែលមានការឆ្លងនិងស្លាប់មនុស្សជាច្រើននៅតាមបណ្ដាប្រទេសនានាលើសាកលដោយសារជំងឺកូវីដ១៩។
ដោយឡែកនៅព្រះរាជាណាចក្រកម្ពុជា ពេលនោះគឺជាដំណាក់កាលដំបូងនៃការឆ្លងរីករាលដាលនៅក្នុងសហគមន៍ ដែលមានអ្នកឆ្លងកើនឡើងយ៉ាងលឿន។ ជាក់ស្ដែងនៅរាជធានីភ្នំពេញ មានអ្នកឆ្លងជំងឺកូវីដ១៩ រាប់រយនាក់ក្នុងមួយថ្ងៃ ដែលមន្ទីរពេទ្យរបស់យើងមិនអាចរ៉ាប់រងបាន។
ទោះស្ថិតនៅក្នុងស្ថានភាពមិនច្បាស់លាស់អំពីការវិវឌ្ឍន៍នៃជំងឺកូវីដ១៩ នាពេលនោះក៏ដោយ អ្វីដែលច្បាស់សម្រាប់ខ្ញុំនាពេលនោះគឺ បើយើងនៅស្ងៀមមិនធ្វើអ្វីសោះ បញ្ហានិងមិនរលាយបាត់នោះទេ។ ផ្ទុយទៅវិញបញ្ហាអាចវិវឌ្ឍន៍កាន់តែធ្ងន់ធ្ងរទៅទៀត។
ហេតុដូច្នេះយើងមិនមានជម្រើសអ្វីក្រៅអំពីការប្រឈមផ្ទាល់ជាមួយនឹងបញ្ហា ហើយខិតខំចូលរួមដោះស្រាយទៅតាមលទ្ធភាពដែលយើងអាចធ្វើទៅបាន រួមទាំងការរៀបចំមណ្ឌលព្យាបាលកម្រិតស្រាល និងពេទ្យព្យាបាលកម្រិតធ្ងន់សម្រាប់ព្យាបាលនិងសង្គ្រោះជីវិតប្រជាពលរដ្ឋដែលឆ្លងជំងឺកូវីដ១៩ ឱ្យអស់លទ្ធភាពតាមដែលអាចធ្វើទៅបាននៅពេលនោះ»៕