(ភ្នំពេញ)៖ លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោ បានលើកឡើងថា គ.ជ.ប ត្រូវយកចិត្តទុកដាក់អនុវត្តការងារពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឱ្យបានល្អប្រសើរ ដើម្បីធានាសិទ្ធិបោះឆ្នោតជូនដល់ ប្រជាពលរដ្ឋខ្មែរគ្រប់រូប ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់បោះឆ្នោតជាធរមាន។
ការលើកឡើងបែបនេះរបស់ លោក ប្រាជ្ញ ចន្ទ បានធ្វើនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥នេះ នៅក្នុងវគ្គអប់រំផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹងអំពីសារៈសំខាន់នៃការបោះឆ្នោត នៅកម្ពុជា ស្តីពី «ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥»។ ដោយមានការចូលរួមពី លោក ហង្ស ពុទ្ធា សមាជ និងជាប្រធានក្រុមអ្នកនាំពាក្យ គ.ជ.ប លោក ជឺ ចំណាន អនុប្រធាន គ.ជ.ប ព្រមទាំងតំណាងសមាគម សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ និងនិស្សិតមកពីគ្រឹះស្ថានសិក្សានានាក្នុងរាជធានីភ្នំពេញ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) ជាច្រើននាក់។
នាឱកាសនេះដែរ លោក ប្រាជ្ញ ចន្ទ បានលើកឡើងយ៉ាងដូច្នេះថា៖ «អនុលោមតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ គឺជាដំណើរការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោតតាម គោលការណ៍ប្រព័ន្ធបញ្ជីបោះឆ្នោតអចិន្ត្រៃយ៍ ដើម្បីធានាឱ្យបញ្ជីបោះឆ្នោតមានគុណភាព មានភាពពេញលេញ ត្រឹមត្រូវ និងបច្ចុប្បន្នភាព។ បញ្ជីបោះឆ្នោត គឺជាតម្រូវការចាំបាច់ ដែលមិនអាចខ្វះបានសម្រាប់ប្រើប្រាស់តាមការកំណត់នៃច្បាប់ សំខាន់គឺបម្រើឱ្យការ បោះឆ្នោតជាសកល។ ហេតុនេះហើយទើប គ.ជ.ប ត្រូវយកចិត្តទុកដាក់អនុវត្តការងារពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឱ្យបានល្អប្រសើរ ដើម្បីធានាសិទ្ធិបោះឆ្នោតជូនដល់ ប្រជាពលរដ្ឋខ្មែរគ្រប់រូប ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់បោះឆ្នោតជាធរមាន»។
លោក ប្រាជ្ញ ចន្ទ បានបន្ដថា ការបោះឆ្នោត គឺជាមូលដ្ឋានគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ។ ការបោះឆ្នោតជាយន្ត ការសម្រាប់ជ្រើសរើសថ្នាក់ដឹកនាំគ្រប់ថ្នាក់រដ្ឋបាល នៃសង្គមប្រជាធិបតេយ្យការគ្រប់គ្រងប្រទេសតាមបែបប្រជាធិបតេយ្យ ផ្តល់អំណាចជាធំដល់ប្រជាពលរដ្ឋនៅក្នុងការ សម្រេចចិត្តលើកិច្ចការធំៗរបស់ប្រទេសជាតិ តាមរយៈការបោះឆ្នោតជ្រើសរើសតំណាងរបស់ខ្លួន។ នៅឆ្នាំ១៩៩៣ អ៊ុនតាក់ (UNTAC) បានរៀបចំការបោះឆ្នោត ដើម្បីជ្រើសតាំងសភាធម្មនុញ្ញ ដោយមានអ្នកបោះឆ្នោតចំនួន ៤,២៦៧,១៩២នាក់ នៃចំនួនអ្នកមានឈ្មោះក្នុង បញ្ជីបោះឆ្នោតសរុប ៤,៧៦៤,៤៣០នាក់ ស្មើនឹង ៨៩.៥៦% បានចេញទៅបោះឆ្នោត។ ការបោះឆ្នោតនេះ មានគណបក្សនយោបាយចូលរួមសរុបចំនួន ២០គណបក្ស និងជាលទ្ធផលគណបក្សដែលទទួលបានអាសនៈក្នុងសភាធម្មនុញ្ញមានតែ ៤គណបក្ស ប៉ុណ្ណោះ គឺគណបក្សហ៊្វុនស៊ិនប៉ិច ទទួលបាន ៥៨អាសនៈ គណបក្សប្រជាជនកម្ពុជា ទទួលបាន ៥១អាសនៈ គណបក្សប្រជាធិបតេយ្យសេរីនិយមព្រះពុទ្ធសាសនា ទទួលបាន ១០អាសនៈ និងគណបក្សម៉ូលីណាកា និងអ្នកតស៊ូខ្មែរដើម្បីសេរីភាពទទួលបាន ១អាសនៈ នៃអាសនៈសរុបចំនួន ១២០អាសនៈ។
បន្ថែមពីនេះ លោក ប្រាជ្ញ ចន្ទ បានបន្ដទៀតថា ពិតមែនតែឆ្នាំ២០២៥នេះ ពុំមានការរៀបចំការបោះឆ្នោតសកលក្តី តែការពិនិត្យ បញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥ គឺជាឆ្នាំដំបូងនៃការធ្វើបច្ចុប្បន្នភាព ទិន្នន័យជីវមាត្រ។ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ ត្រូវអនុវត្តតាមច្បាប់បទបញ្ជា និងនីតិវិធីសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ សេចក្តីសម្រេចផែនការមេ និងប្រតិទិនដែលបានកំណត់។ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៥នេះ មានរយៈពេលតែ២៦ថ្ងៃ តែប៉ុណ្ណោះ គឺចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥។
ជាមួយគ្នានេះ លោក ហង្ស ពុទ្ធា បានបន្ថែមថា គោលបំណងនៃការផ្សព្វផ្សាយ គឺដើម្បីបញ្រ្ជាបការយល់ដឹងពីសារៈសំខាន់នៃការបោះឆ្នោតនៅកម្ពុជា សំខាន់នៃដំណើរការដំណាក់កាលទាំង៤ ទាំងការពិនិត្យបញ្ជី និងការបោះឆ្នោតក៏ដូចជាកម្ពុជាទាំងការបោះឆ្នោតក៏ជាសកម្មភាពទាំងឡាយណាដែលពាក់ព័ន្ធនឹងការបោះឆ្នោតផងដែរ។ ហើយអ្វីដែលជាចំណុចថ្មី គឺការពិនិត្យបញ្ជីឈ្មោះនិងចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ ២០២៥ គឺមិនត្រឹមតែការពិនិត្យបញ្ជីនឹងធ្វើការចុះឈ្មោះនោះទេគឺនៅមានថែមការធ្វើទិន្នន័យ ជីវមាត្រ ទិន្នន័យ ជីវមាត្រ គឺជាចំណុចពិសេសន័យរាងកាយរបស់មនុស្សជាធម្មតាគឺមានការប្លែកគ្នារវាងមនុស្សម្នាក់ទៅមនុស្សម្នាក់ដូចជា ប្រស្រីភ្នែក ទម្រង់មុខ ស្នាម្រាមដៃ ស្នាមក្រយ៉ៅដៃជាដើម។ ហើយសម្រាប់ គ.ជ.ប គឺផ្ដោតទៅលើទិន្នន័យជីវមាត្រ ដែលផ្អែកទៅលើតែពីរចំណុចទេ គឺរូបថត និងស្នាមក្រយៅដៃ។
លោកបានបន្ថែមទៀតថា គិតពីការរៀបចំបញ្ជីបោះឆ្នោតតាមប្រព័ន្ធអេឡិចត្រូនិច ១០ឆ្នាំ ហើយដែល គ.ជ.ប ធ្វើបាន ហើយទម្រង់មុខរបស់មនុស្ស ១០ឆ្នាំនេះ អាចនឹងមានការប្រែប្រួលអ្នកខ្លះ ក៏ទៅធ្វើការ កែសម្រស់ ហើយអ្នកខ្លះគាត់គ្រោះថ្នាក់ចរាចរណ៍ អាចមានការប្រែប្រួលផងដែរ។ជាការពិត គឺត្រូវបន្ថែមឧបករណ៍បន្ថែមមនុស្ស ដែលជាមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លីបន្ថែមទៀត ដើម្បីធានាថារយៈពេល ២៦ថ្ងៃ គឺថ្ងៃទី១ ខែឧសភាដល់ថ្ងៃទី២៦ ខែឧសភា និងទទួលស្វាគមន៍នៅរាល់អ្នក ដែលមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោតដែលចង់ចូលរួមរៀបចំថតឡើងវិញ ផ្ដិតស្នាមក្រយ៉ៅដៃឡើងវិញ ទទួលបានពេញលេញហើយចូលរួមក្នុងការធ្វើបច្ចុប្បន្នភាព នៃបញ្ជីបោះឆ្នោតទាំងអស់គ្នា៕