(តាកែវ)៖ រដ្ឋបាលខេត្តតាកែវនៅព្រឹកថ្ងៃព្រហស្បត្ត៍ ទី២៧ ខែមីនា ឆ្នាំ២០២៥ បានធ្វើពិធីក្រុងពាលីសុំសេចក្ដីសុខ សេចក្ដីចម្រើនរៀបចំសង្រ្កាន្តឆ្នាំថ្មីនៅសួនច្បារមាត់បឹងតាកែវ ដោយមានការអញ្ជើញចូលរួមពីលោក វ៉ី សំណាង អភិបាលខេត្ត លោកប្រធានក្រុមប្រឹក្សាខេត្ត និងថ្នាក់ដឹកនាំខេត្តជាច្រើនទៀត។
លោក វ៉ី សំណាង បានថ្លែងថា សម្រាប់កម្មវិធី សង្រ្កាន្តតាកែវ ឆ្នាំ២០២៥នេះ ក្រុមការងាររដ្ឋបាលខេត្ត បានសិក្សាត្រៀមរៀបចំការប្រណាំងរទះគោសាឡី នៅមុនថ្ងៃពិធីបុណ្យចូលឆ្នាំមកដល់ ព្រមទាំងរៀបចំទីតាំងចំនួន ៥កន្លែងធំៗសម្រាប់ផ្ដល់ការកម្សាន្ដជូនបងប្អូនប្រជាពលរដ្ឋ មានដូចជា៖ ពិធីសាសនា, ភូមិមរតកវប្បធម៌ប្រវត្តិសាស្ត្រ, ភូមិល្បែង ប្រជាប្រិយ និងទស្សនីយភាពសិល្បៈចម្រុះ, ភូមិត្រជាក់ចិត្ត, តាកែវភូមិកំណើតខ្ញុំ ដែលនឹងនាំមកជូននូវផ្ទាំងទស្សនីយភាពថ្មីៗ ប្លែកៗជូនបងប្អូនប្រជាពលរដ្ឋទាំងអស់កម្សាន្ត។
អភិបាលខេត្តតាកែវបានថ្លែងបន្តថា «ក្រៅពីការរៀបចំលេងល្បែងប្រជាប្រិយខ្មែរ ការសម្តែងរបាំប្រពៃណី យើងក៏នឹងមានការរៀបចំ ស្តង់ពិព័រណ៍ ដែលមានការចូលរួមពីបណ្ដាមន្ទីរអង្គភាពជុំវិញខេត្ត និងមកពីបណ្ដាស្រុកក្រុង ដែលនឹងដាក់តាំងផលិតផលកើតចេញពីស្នាដៃ កូនខ្មែរ ម្ហូបអាហារខ្មែរ ជាពិសេសគឺមុខម្ហូបប្រចាំតំបន់ផ្សេងៗគ្នាដើម្បីបង្ហាញដល់បងប្អូនប្រជាពលរដ្ឋនិងភ្ញៀវទេសចរណ៍ជាតិអន្តរជាតិមកលេងកម្សាន្តខេត្តតាកែវ នៅក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិរបស់ខ្មែរយើងខាងមុខផងដែរ»៕