(ភ្នំពេញ)៖ លោកសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល និងគណៈប្រតិភូ នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញមាតុភូមិនិវត្តន៍ បន្ទាប់បញ្ចប់ទស្សនកិច្ចនៅទីក្រុងហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន រយៈពេលល៣ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥។
លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រីបានថ្លែងថា ដោយមានការរអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងតាមការអញ្ជើញរបស់ គណៈកម្មាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍ពាណិជ្ជកម្មហុងកុង។ «ក្នុងនាមក្រសួងសុខាភិបាល ខ្ញុំបានដឹកនាំគណៈប្រតិភូ ក្រសួងសុខាភិបាល ទៅធ្វើទស្សនកិច្ចនៅទីក្រុងហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី២៣-២៧ ខែមីនា ឆ្នាំ២០២៥ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ សំដៅសម្រេចឱ្យបាននូវចំណុចអាទិភាពសុខាភិបាល និងផែនការយុទ្ធសាស្ត្រសុខាភិបាល ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាម យុទ្ធសាស្ត្របញ្ចកោណ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា»។
សូមជម្រាបថា ដំណើរទស្សនកិច្ចនេះ មានលក្ខណៈគ្រប់ជ្រុងជ្រោយ ដើម្បីស្វែងយល់ប្រព័ន្ធសុខាភិបាល នៅទីក្រុងហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ និងផ្តល់តម្លៃខ្ពស់ដល់កិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ចិន ជាពិសេស ដើម្បីពង្រឹងចំណងសាមគ្គីភាព និងមិត្តភាពដែកថែបរវាងប្រទេសទាំងពីរ។
ក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូបានជួបប្រជុំពិភាក្សាការងារជាមួយស្ថាប័ន អង្គភាពសំខាន់ៗ នៃទីក្រុងហុងកុងរួមមាន៖
ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥៖
*ជួបប្រជុំពិភាក្សាការងារជាមួយលោក Dr Edwin TSUI អ្នកគ្រប់គ្រងមជ្ឈមណ្ឌលបង្ការសុខភាព និងប្រព័ន្ធគ្រប់គ្រងសុខភាពសាធារណៈ ការពារនិងគ្រប់គ្រងជំងឺ និងឱសថ នៃទីក្រុងហុងកុង
*ចូលរួមពិភាក្សាការងារជាមួយឯកឧត្តមសាស្ត្រាចារ្យ LO Chung-mau ប្រធានស្ថាប័នទទួលបន្ទុកសុខាភិបាល (Secretary for Health) នៃកទីក្រុងហុងកុង
*ជួបប្រជុំពិភាក្សាការងារជាមួយលោកវេជ្ជបណ្ឌិត Tony KO ប្រធានប្រតិបត្តិ នៃអាជ្ញាធរមន្ទីរពេទ្យ នៃទីក្រុងហុងកុង
* ទស្សនកិច្ចនៅមន្ទីរពេទ្យ Kwong Wah Hospital នៃទីក្រុងហុងកុង
* ជួបប្រជុំជាមួយលោក Erick Tsang Kwok-Wai ប្រធានស្ថាប័នទទួលបន្ទុកធម្មនុញ្ញ និងកិច្ចការ ដីគោក (Secretary for Constitutional and Mainland Affairs/ representative)
ថ្ងៃទី២ នៃដំណើរទស្សនកិច្ច ដែលត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥៖
* ជួបប្រជុំជាមួយលោក Algernon YAU ប្រធានស្ថាប័នទទួលបន្ទុកពាណិជ្ជកម្ម និងការិយាល័យ អភិវឌ្ឍន៍សេដ្ឋកិច្ច (Secretary for Commerce and Economic Development Bureau) នៃទីក្រុងហុងកុង
* ជួបប្រជុំពិភាក្សាការងារជាមួយ Ricky YAU អនុប្រធានគណៈកម្មការ និងជាប្រធានផ្នែកប្រតិបត្តិការ នៃគណៈកម្មការប្រឆាំងអំពើពុករលួយ នៃទីក្រុងហុងកុង
* ទស្សនកិច្ចនៅវិទ្យាស្ថានស្រាវជ្រាវបច្ចេកវិទ្យា និងវិទ្យាសាស្ត្រក្រុងហុងកុង (Hong Kong Applied Science and Technology Research Institute, ASTRI)
* ជួបប្រជុំជាមួយលោកសាស្ត្រាចារ្យ Philip CHIU ព្រឹទ្ធបុរសនៃមហាវិទ្យាល័យវេជ្ជសាស្ត្រ នៃសាកលវិទ្យាល័យចិនក្រុងហុងកុង
* ជួបប្រជុំជាមួយលោកវេជ្ជបណ្ឌិត CHENG Raymond អនុប្រធានប្រតិបត្តិ នៃមន្ទីរពេទ្យ Prince of Wales
ថ្ងៃទី៣ និងចុងបញ្ចប់នៃដំណើរទស្សនកិច្ច ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥៖
* ជួបប្រជុំជាមួយ Dr Stephen WONG នាយកប្រតិបត្តិគោលនយោបាយ នៃក្រុងហុងកុង (Head, Chief Executive’s Policy Unit, CPU)
* ជួបប្រជុំជាមួយលោកស្រី Christina CHEUNG មន្រ្តីទទួលបន្ទុកច្បាប់ នៃស្ថាប័នយុត្តិធម៌ហុងកុង ដោយបានចែករំលែកពីការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធនឹងវិស័យសុខាភិបាល។
* ទស្សនកិច្ចវប្បធម៌ នៅតំបន់គូលូងខាងលិច (West Kowloon Cultural District) ដែលជាគោលដៅវប្បធម៌ដ៏សំខាន់និងជាបេះដូងហុងកុង
* អញ្ជើញទៅទស្សនកិច្ចមន្ទីរពិសោធន៍ នៃរោងចក្រផលិតឱសថសំខាន់មួយនៃទីក្រុងហុងកុង Synco Hong Kong Ltd.៕