(ភ្នំពេញ)៖ នៅសាកលវិទ្យាល័យអាស៊ីអឺរ៉ុប រសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ ស្ថានទូតចិនប្រចាំកម្ពុជា និងសាកលវិទ្យាល័យអាស៊ីអឺរ៉ុប បានគាំទ្រដល់សមាគមអ្នកស្រាវជ្រាវ វឌ្ឍនភាពកម្ពុជា-ចិន និង សមាគមមូលនិធិសង្គម ដើម្បីការអភិវឌ្ឍអប់រំនៅកម្ពុជា បានរួមគ្នារៀបចំកម្មវិធីផ្សព្វផ្សាយពី «អាហារូបករណ៍ឆ្នាំ២០២៥របស់ ក្រសួងពាណិជ្ជកម្មចិនហៅកាត់ថា (MOFCOM)» ជូនដល់មន្ត្រីរាជការ សិស្សនិស្សិត និងសាធារណជនទូទៅ។

កម្មវិធីនេះមានការចូលរួមពីមន្ត្រីរាជការមកពីទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងសាធារណការនិងដឹកជញ្ជូន ក្រសួងអប់រំ យុវជននិងកីឡា ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងយុវជនមកពីសមាគមអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត.) សហភាពសហព័ន្ធយុវជនកម្ពុជា សភាសម្ព័ន្ធសហជីពជាតិកម្ពុជា និស្សិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុប សរុបចំនួន២០០រូប។

លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានគូសរំលេចថា ដោយទទួលបាន ការគាំទ្រពីស្ថានទូតចិនប្រចាំនៅកម្ពុជា ចាប់ពីឆ្នាំ២០១៨មក សមាគមតែងបានរៀបចំនូវវេទិកានេះ ក្នុងគោលបំណងសំខាន់ រួមចំណែកចំនួន៤គឺ ១-ពន្លាតការយល់ដឹងកាន់តែស៊ីជម្រៅពីនីតិវិធី នៃការទទួលបានអាហារូបករណ៍ MOFCOM ២-បន្តការលើកទឹកចិត្តដល់មន្ត្រីរាជការ សិស្ស-និស្សិតកម្ពុជា រួមគ្នាផ្សព្វផ្សាយ និងចែករំលែកបន្ត ៣-ពង្រីកទំនាក់ទំនងរវាង ប្រជាជននិងប្រជាជន កម្ពុជានិងចិន និង៤-រឹតចំណងមេត្រីភាពរវាងអង្គពាក់ព័ន្ធនានា ក្នុងការសម្របសម្រួលទទួលយក អាហារូបករណ៍ MOFCOM។

អ្នកឧកញ៉ា លី ឃុនថៃ ប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានប្រសាសន៍ថា អាហារូបករណ៍ MOFCOMនេះ គឺជាមុំដ៏សំខាន់បំផុតមួយ ក្នុងការរួមចំណែក ជួយលើកម្ពស់វិស័យអប់រំកម្ពុជា ជាពិសេសបានផ្តល់ឱកាសដល់មន្ត្រីរាជការ និងយុវជនកម្ពុជាបានទៅបន្ត ការសិក្សានៅប្រទេសចិន ព្រមទាំងទទួលបាននូវពុទ្ធិមហាសាលពីអ្នកជំនាញ អ្នកឯកទេស និងអ្នកដែលពោរពេញដោយ បទពិសោធន៍ជ្រាលជ្រៅរបស់ប្រទេសចិន។

លោក Wang Peng លេខាទី១ប្រចាំការិយាល័យសេដ្ឋកិច្ច និងពាណិជ្ជកម្មនៃស្ថានទូតចិនប្រចាំកម្ពុជា បានមានប្រសាសន៍ថា វិស័យធនធានមនុស្សជាគ្រឹះដ៏សំខាន់បំផុត សម្រាប់ការអភិវឌ្ឍប្រទេស ហើយអាហារូបករណ៍ MOFCOMនេះនឹងក្លាយជាវេទិកាដ៏សំខាន់មួយ សម្រាប់បង្កើនបរិមាណបញ្ញវន្តកម្ពុជាដើម្បីចូលរួមនៅក្នុងការអភិវឌ្ឍសង្គមជាតិ។ លោកបានបន្ថែមទៀតថា តាមរយៈបទពិសោធន៍កន្លងមក អាហារូបករណ៍ MOFCOM នេះ មានគុណតម្លៃ សម្រាប់រួមចំណែកបង្កើន មូលធនមនុស្សនៅកម្ពុជា និងរួមចំណែកជាវេទិកាដ៏សំខាន់ សម្រាប់មិត្តកម្ពុជាក្នុងការផ្សព្វផ្សាយ ពីទេសចរណ៍ និងវប្បធម៌របស់ខ្លួនដល់មិត្តចិន និងបណ្តាមិត្តភក្តិបរទេសថែមទៀតផង។

ក្រោយបទឧទ្ទេសនាម និងការបកស្រាយយ៉ាងក្បោះក្បាយទៅនឹងសំណួររបស់អង្គពិធី ឯកឧត្តម ឡាវ វ៉ាន់ រដ្ឋលេខាធិការ ក្រសួងសាធារណការនិងដឹកជញ្ជូន បានធ្វើការបូកា​សរុបដោយបានថ្លែង នូវការកោតសរសើរនិងវាយតម្លៃខ្ពស់ របស់អង្គភាពទាំង៣ ដែលបានសហការរៀបចំវេទិកានេះ ក្នុងស្មារតីចូលរួមចំណែកកាន់តែសកម្មថែមទៀត ក្នុងកិច្ចបង្កើនវិមាត្រទំហំនៃមូលធនមនុស្ស ស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ក្រោមការដឹកនាំប្រកបដោយភាពវាងវៃ និងខ្លាំងក្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមក៏បានលើកទឹកចិត្តបន្ថែមទៀតដល់មន្ត្រីរាជការ និងយុវជនកម្ពុជាក្តាប់ឱ្យជាប់នូវកាលានុវត្តភាពដ៏ល្អប្រសើរនេះ ហើយក៏អាចឈ្វេងយល់ស៊ីជម្រៅ លម្អិត និងច្បាស់លាស់ពីអាហារូបករណ៍នានាទាំងក្នុងប្រទេសកម្ពុជា ទាំងនៅបរទេសតាមរយៈសមាគមអ.ម.ត.ផងដែរ៕

វិទ្យុមិត្តភាពកម្ពុជាចិន