(ភ្នំពេញ)៖ លោកបណ្ឌិត តាំង ងួនលី នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីបើកដំណើរការជាផ្លូវការនៃកម្មវិធីពន្លឿន អាជីវកម្មថ្នាលឌីជីថលរដូវកាលទី៤ ដោយមានការចូលរួមពីសំណាក់អ្នកតំណាងដៃគូសហការនៃកម្មវិធីរួមមាន៖ មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព, សហគ្រិនខ្មែរ, និង ធនាគារ វីង ព្រមជាមួយទាំងភ្ញៀវកិត្តិយសជាច្រើនរូបទៀត មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» ។
ពិធីបើកដំណើរការជាផ្លូវការនេះត្រូវបានរៀបចំឡើងដើម្បីជាការអបអរសាទរក្រុមធុរកិច្ចថ្មីទាំង ១០ក្រុម ដែលត្រូវបានជ្រើសរើសឱ្យចូលរួមក្នុងកម្មវិធី និងការប្រកាសបើកជាផ្លូវការនូវកម្មវិធីពន្លឿនអាជីវកម្មថ្នាលឌីជីថលរដូវកាលទី៤។ ធុរកិច្ចថ្មីទាំង១០ នេះក៏នឹងចូលរួមវគ្គបុរេពន្លឿនអាជីវកម្ម និងវគ្គពន្លឿនអាជីវកម្ម ជាបន្តទៀតដើម្បីសម្រួចគំនិតរបស់អាជីវកម្ម និងពង្រឹងសមត្ថភាពរបស់ក្រុមត្រៀមខ្លួនធ្វើបទបង្ហាញទៅកាន់ដៃគូពាក់ព័ន្ធ និងសាធារណជនក្នុង «ថ្ងៃបទបង្ហាញសាធារណៈ» ដែលជាវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី។
ថ្លែងនាឱកាសនោះលោកបណ្ឌិត តាំង ងួនលី បានឱ្យដឹងថា កម្មវិធីពន្លឿនអាជីវកម្មថ្នាលឌីជីថលរដូវកាលទី៤នេះ គឺជាកម្មវិធីគាំទ្រដល់ធុរកិច្ចថ្មី ដែលអាចបង្កើតនិងផ្ដល់ជាថ្នាលឌីជីថល ឬដំណោះស្រាយបែបឌីជីថលប្រកបដោយនវានុវត្តន៍ ឆ្លើយតបនឹងតម្រូវការទីផ្សារ។ កម្មវិធីនេះត្រូវបានរៀបចំក្នុងរយៈពេល ១៤សប្ដាហ៍ និងបែងចែកជា ៣ដំណាក់កាលរួមមាន៖ វគ្គជំរុំចាប់ផ្តើម (Bootcamp), វគ្គពន្លឿនអាជីវកម្ម (Acceleration), និងថ្ងៃបទបង្ហាញសាធារណៈ (Demo Day)។
លោកបណ្ឌិត តាំង ងួនលី ក៏បានប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍ ទិដ្ឋភាពនៃធុរកិច្ចថ្មីក្នុងស្រុក តាមរយៈកម្មវិធីពន្លឿនអាជីវកម្ម កម្មវិធីសហគមន៍ ឬផ្តួចផ្តើមសកម្មភាពថ្មីៗបន្ថែមទៀត ដើម្បីបន្តការបណ្ដុះបណ្ដាលធនធានទេពកោសល្យ និងបណ្តុះស្មារតីសហគ្រិនបន្ថែមទៀត។ សម្រាប់សមិទ្ធិផលនៃកម្មវិធីពន្លឿនអាជីវកម្មថ្នាលឌីជីថលរដូវកាលទី៤ ដើម្បីចូលរួមក្នុងការលើកស្ទួយសេដ្ឋកិច្ចជាតិ តាមរយៈការជ្រោមជ្រែងធុរកិច្ចថ្មី ដែលមានសក្តានុពលខ្ពស់ នៅប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីក្នុងកម្ពុជា ឱ្យកាន់តែប្រសើរឡើងមួយកម្រិតទៀត។
សូមជម្រាបដែរថា កម្មវិធីពន្លឿនអាជីវកម្មថ្នាលឌីជីថលរដូវកាលទី៤ ត្រូវបានរចនាឡើងដើម្បីពន្លឿន និងជ្រោមជ្រែងក្រុមធុរកិច្ចថ្មី ដែលផ្ដល់ដំណោះស្រាយឌីជីថលសម្រាប់អាជីវកម្មប្រភេទ B2B, B2C, និង B2G លើគ្រប់វិស័យដែលមានសក្ដានុពល។ កម្មវិធីនេះផ្ដល់ការគាំទ្ររយៈពេល ១២សប្តាហ៍ដល់ក្រុមធុរកិច្ចថ្មី ដែលរួមមានការបណ្ដុះបណ្ដាល, ការតម្រង់ទិស និងការគាំទ្រហេដ្ឋារចនាសម្ព័ន្ធបន្ថែមរួមមាន៖ Digital Payment Sandbox, CamDX, CamDigiKey, Khmer OCR, Semantic Search, Online Business Registration, Startup Cambodia Platform, AWS Activate Portfolio (មានតម្លៃរហូតដល់ ៥ ពាន់ដុល្លារ) ជាពិសេសទៀតធុរកិច្ចថ្មីក៏អាចភ្ជាប់បណ្ដាញទំនាក់ទំនងជាមួយដៃគូសហការក្នុងតំបន់ផងដែរ។
កម្មវិធីពន្លឿនអាជីវកម្មថ្នាលឌីជីថលរដូវកាលទី៤ ត្រូវបានរៀបចំឡើងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមជាមួយមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ដោយមានការសហការរៀបចំដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និង នវានុវត្តន៍, សហគ្រិនខ្មែរ, រួមជាមួយ មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព៕