(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានគូសបញ្ជាក់ថា យើងដល់ពេលវេលាត្រូវស្រឡាញ់ជាតិ ស្រឡាញ់ធនធានធម្មជាតិហើយ សុំកុំដោយសារតែភាពស្រែកឃ្លាន ដើម្បីតែបំពេញក្រពះផ្ទាល់ខ្លួន មកកាប់បំផ្លាញធនធានធម្មជាតិ (ព្រៃកោងកាង) ឱ្យសោះ សូមចងចាំថាអ្នកឯងធ្វើបានធម្មជាតិប៉ុណ្ណា ច្បាស់ណាស់ធម្មជាតិនឹងវាយបកបំផ្លាញយើងទំហំប៉ុណ្ណឹងដូចគ្នា។
ការលើកឡើងរបស់លោកបណ្ឌិតសភាចារ្យ សុខ ទូច បានធ្វើឡើងក្នុងឱកាសលោកបានអញ្ជើញបិទ សិក្ខាសាលា ស្ដីពី «ការអភិរក្សជីវៈចម្រុះនិងការលើកកម្ពស់ជីវភាពរស់នៅប្រកបដោយចីរភាព ក្នុងប្រព័ន្ធអេកូឡូស៊ីព្រៃកោងកាងខេត្តកោះកុង» ក្រោយការសិក្សាស្រាវជ្រាវពីប្រព័ន្ធអេកូឡូស៊ីព្រៃកោងកាងក្នុងតំបន់ពាក្យក្រសោប និងតំបន់រ៉ាមសារកោះកាពិ ខេត្តកោះកុង នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ ដែលរៀបចំដោយវិទ្យាស្ថានជីវសាស្ត្រ វេជ្ជសាស្ត្រ និងកសិកម្ម នៃរាជបណ្ឌិត្យសភាកម្ពុជា។
លោកបណ្ឌិតសភាចារ្យ សុខ ទូច បានលើកឡើងថា ពេលទៅដល់កោះកុងក្រៅ គឺគ្មានសមុទ្រណាល្អដូចសមុទ្រខ្មែរនោះទេ ពោលមានទឹកសមុទ្រ និងឆ្នេរខ្សាច់សរក្បួស ជាពិសេសមានបរិស្ថានល្អបរិសុទ្ធ។ «អ្នកបំផ្លាញមិនមែនជាមនុស្សសំខាន់នោះទេ ដោយសារតែភាពស្រែកឃ្លាន លុយគាត់ចាយ៣តទៀតក៏អត់អស់ដែរ ប៉ុន្តែ គាត់នៅតែបំផ្លាញ កុំព្រោះតែក្រពះគាត់បំផ្លាញ់អ្វីៗទាំងអស់»។ នេះជាការលើកឡើងបន្ថែមរបស់លោកបណ្ឌិតសភាចារ្យ សុខ ទូច។
លោកបណ្ឌិតសភាចារ្យ សុខ ទូត បានលើកឡើងយ៉ាងដូច្នេះថា៖ «យើងមកពេលវេលាស្រឡាញ់ជាតិយើង ស្រឡាញ់ធម្មជាតិយើងហើយ អ្នកឯងធ្វើបាបធម្មជាតិប៉ុណ្ណា ធម្មជាតិនឹងបកមកយើងវិញបែបនោះ កំហឹងធម្មជាតិទប់មិនបាននោះទេ អ៊ឹចឹងបើយើងស្រឡាញ់ធម្មជាតិ ធម្មជាតិនឹងផ្តល់សេចក្តីសុខឱ្យយើង ៣យ៉ាង គឺទី១៖ ជាម្លប់ ទី២៖ ទាក់ទាញទឹក និងទី៣៖ ផ្តល់ឧកស៉ីហ្សែន»។
លោកបណ្ឌិតសភាចារ្យ សុខ ទូច បានបន្តថា ព្រៃកោងកាងមានសារៈសំខាន់ជួយទប់លំនឹងដី និងការពារឆ្នេរសមុទ្រពីការហូរច្រោះ និងការបាក់ដី បន្ថែមពីនេះបានជួយកាត់បន្ថយ និងការពារគ្រោះធម្មជាតិ ដូចជាខ្យល់ព្យុះ។ ជាមួយគ្នានេះ ក៏ដើរតួជាតម្រងធម្មជាតិ ដោយត្រងសារធាតុបំពុល និងកាកសំណល់ចេញពីទឹក ជាពិសេសជួយកែលម្អគុណភាពទឹក និងរក្សាលំនឹងបរិស្ថានទឹក ព្រមទាំងជាជម្រកដ៏សំខាន់ម្រាប់ពពួកមច្ឆជាតិ និងសត្វសមុទ្រជាច្រើនប្រភេទ ជាពិសេសជាកន្លែងបន្តពូជពង កូន និងលូតលាស់ដ៏ល្អប្រសើរសម្រាប់ជីវិតសត្វសមុទ្រគ្រប់ប្រភេទ ដែលជាការទ្រទ្រង់ដល់សេដ្ឋកិច្ចប្រជានេសាទ និងសន្តិសុខស្បៀង។
លោកបណ្ឌិតសភាចារ្យ សុខ ទូច ក៏បានពញ្ញាក់ស្មារតី ដល់យុវជន ឱ្យចេះស្រឡាញ់ធនធានធម្មជាតិទាំងអស់ ចូលរួមផ្សព្វផ្សាយ និងលើកពីគុណតម្លៃនៃធនធានធម្មជាតិ ដល់មនុស្សនៅជុំវិញខ្លួន។ យុវជនទាំងអស់ ត្រូវរួមគ្នាគិត រួមគ្នាធ្វើ ឱ្យឱ្យធនធានធម្មជាតិ ជីវៈចម្រុះ ជាពិសេសព្រៃកោងកាងដែលជាព្រៃទឹកប្រៃផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់សត្វសមុទ្រ សម្រាប់ធ្វើជាចំណីរបស់មនុស្សគ្រប់ៗរូប។
បន្ថែមពីនេះ លោកបណ្ឌិត សុខ ទូច បានគូសបញ្ជាក់ថា ព្រៃកោងកាងជាទីតាំងមួយអាចបង្កើតជាគោលដៅទេសចរណ៍ចំនួន២បាន គឺទី១៖ ទេសចរណ៍សិប្បនិម្មិត ពោលគឺអាចធ្វើផ្ទះស្នាក់បាននៅលើដើមកោងកាង និងទី២៖ អាចបង្ហាញហ្វូងសត្វត្រីហែរនៅតាមឫសកោងកាងដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឬអាចនេសាទត្រីទាំងនេះសម្រាប់លក់ជូនភ្ញៀវទេសចរជាដើម។
លោកបណ្ឌិតសភាចារ្យ សុខ ទូច បានបញ្ជាក់ថា ដើមកោងកាងនៅកម្ពុជា គឺមានភាពទាក់ទាញដោយសារតែមានឫសធំ វែង ដុះចាក់ស្រេះគ្នា ដែលជាទីគយគន់ដល់អ្នកទេសចរណ៍ទាំងឡាយទេសនាមិនចេះជិនណាយ។
សម្រាប់លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បានបញ្ជាក់ថា ព្រៃកោងកាងមានតួនាទីសំខាន់ជាកន្លែងរក្សាផលស្តុក ដែនជម្រក និងប្រភពពូជ មច្ឆជាតិដែលជាប្រភពធនធានសមុទ្រដ៏សម្បូរបែប ដែលចាំបាច់ត្រូវតែការពារ អភិរក្ស និងដាំស្តារឡើងវិញ។ បន្ថែមពីនេះទៅទៀត តំបន់ព្រៃកោងកាងជាតំបន់អេកូទេសចរណ៍ ដ៏មានសក្តានុពលផងដែរ។
លោកបណ្ឌិត បានគូសបញ្ជាក់ថា ដូច្នេះ ការអភិរក្សជីវៈចម្រុះមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ ទៅនឹងការអភិរក្សប្រព័ន្ធអេកូឡូស៊ីព្រៃកោងកាង ដែលជាទីជម្រក និងផ្តល់ជាប្រភព ចំណីយ៉ាងសំខាន់សម្រាប់ការរស់នៅ និងការលូតលាស់របស់ជីវៈចម្រុះគ្រប់ប្រភេទនៅ តំបន់ឆ្នេរភាគនិរតីមួយនេះ។ បច្ចុប្បន្ននេះ រុក្ខជាតិកោងកាងស្ថិតនៅក្នុងបញ្ជីក្រហម របស់ពិភពលោកជាប្រភេទរងគ្រោះ រីឯប្រភេទជីវៈចម្រុះវិញកំពុងរងការបំផ្លាញក្នុងនោះ មានជីវៈចម្រុះប្រហែល១លានប្រភេទកំពុងស្ថិតក្នុងហានិភ័យនៃការផុតពូជផងដែរ៕