(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ ចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលនៃព្រឹត្តិការណ៍បុណ្យទន្លេ លើកទី៩ នៅខេត្តតាកែវ ក្រោមប្រធានបទ «គុណតម្លៃនៃទន្លេ៖ ផ្សារភ្ជាប់វប្បធម៌ និងទេសចរណ៍ធម្មជាតិ» ដែលធ្វើឡើងកាលពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥កន្លងទៅនេះ។
យោងតាមសេចក្ដីប្រកាសព័ត៌មានដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥នេះ បង្ហាញថា ព្រឹត្តិការណ៍បុណ្យទន្លេ លើកទី៩ នៅខេត្តតាកែវ បានប្រព្រឹត្តទៅប្រកបដោយ បរិយាកាសអធិកអធម និងសប្បាយរីករាយ ដោយទទួលបានការចូលរួមយ៉ាងច្រើនកុះករពីភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលអញ្ជើញមកពីគ្រប់មជ្ឈដ្ឋាន។
ព្រឹត្តិការណ៍ទេសចរណ៍ដ៏វិសេសវិសាលនេះ ទទួលបានការអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បំផុតពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងពិធីបើកជាផ្លូវការព្រឹត្តិការណ៍ បុណ្យទន្លេ លើកទី៩ នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ នៅខេត្តតាកែវ ផងដែរ។
ព្រឹត្តិការណ៍បុណ្យទន្លេ លើកទី៩ ឆ្នាំ២០២៥ នៅលើទឹកដីខេត្តតាកែវ បានប្រព្រឹត្តទៅប្រកបដោយភាពឱឡារិក អធិកអធម មានភាពរលូន សុខសុវត្ថិភាព មានសណ្តាប់ធ្នាប់សាធារណៈល្អ រក្សាបាននូវបរិស្ថានអនាម័យល្អ ទទួលបានការគាំទ្រពីគ្រប់មជ្ឈដ្ឋានជាតិ-អន្តរជាតិ ព្រមទាំងទទួលបានភាពជោគជ័យប្រកបដោយលទ្ធផលវិជ្ជមាន ដែលក្នុងរយៈពេល ៣ថ្ងៃនេះ រួមមាន៖
*មានទេសចរជាតិមកលេងកម្សាន្តសរុបជិត៣៦ម៉ឺននាក់ និងទេសចរបរទេសប្រមាណជាង១ពាន់នាក់
*ចំពោះការតាំងពិព័រណ៍សមិទ្ធផល មហោស្រពម្ហូបអាហារនិងភេសជ្ជៈ ការតាំងពិព័រណ៍ពាណិជ្ជកម្មផលិតផល ក្នុងស្រុក និងផលិតផលកសិ-ទេសចរណ៍ គម្រោងអភិវឌ្ឍន៍ទេសចរណ៍នៅខេត្តជាប់ដងទន្លេ ព្រមទាំងការ សម្តែងទស្សនីយភាពសិល្បៈ ការប្រគំតន្ត្រី តន្ត្រីមហាជន និងព្រឹត្តិការណ៍កម្សាន្តសប្បាយជាច្រើនទៀត ដែលទទួលបានការចូលរួមទស្សនាជាច្រើនកុះករ និងមានការគាំទ្រយ៉ាងផុសផុលពីភ្ញៀវទេសចរជាតិ-អន្តរជាតិ
*សកម្មភាពកីឡា ដែលរួមមានទាំងកីឡាលើទឹក និងលើគោក ចំនួន ១០ ប្រភេទ រួមមាន៖ រត់កម្សាន្តមហាជន ៥ គម កីឡាវាយសី កីឡាប៉េតង់ កីឡាអុកចត្រង្គ ជិះទូកកាយ៉ាក ទូកកានូ កីឡារែក លោតមឹក កីឡា ប្រដាល់គុនខ្មែរ កីឡាប៉ារ៉ាមូទ័រ និងការបង្ហោះគោម មានភ្ញៀវជាតិ-អន្តរជាតិ មហាជន បងប្អូនប្រជាពលរដ្ឋ ក្រុមយុវជន សិស្សានុសិស្ស និងមន្ត្រីរាជការ ចូលរួមលេងកម្សាន្ត និងទស្សនាសរុបចំនួនប្រមាណ១ ម៉ឺននាក់
*សិក្ខាសាលាស្តីពី «ការអភិវឌ្ឍ ការគ្រប់គ្រង និងពង្រឹងគុណភាពផលិតផលសេវាកម្មទេសចរណ៍» ត្រូវបានផ្សព្វផ្សាយទូលំទូលាយដល់ក្រសួង ស្ថាប័ន តំណាងរដ្ឋបាលរាជធានី ខេត្ត មន្ទីរទេសចរណ៍ទាំង២៥ រាជធានី ខេត្តទាំងអស់ មន្ទីរអង្គភាពជុំវិញខេត្ត មន្ត្រីរាជការ វិស័យឯកជន ដៃគូអភិវឌ្ឍ ប្រតិបត្តិករទេសចរណ៍ សមាគមទេសចរណ៍ សិស្ស និស្សិត អ្នកផលិតមាតិកា (Influencer) និងអ្នកពាក់ព័ន្ធមហាគ្រួសារវិស័យទេសចរណ៍ ក្នុងគោលបំណងចែករំលែកចំណេះដឹង បទពិសោធន៍ អំពី ចំណុចខ្លាំង ចំណុចខ្វះខាត កាលានុវត្តភាពក្នុងការវិនិយោគ បញ្ហាប្រឈម ទស្សនវិស័យ និងការកំណត់គោលដៅ អភិវឌ្ឍន៍ក្នុងវិស័យទេសចរណ៍
*ការរៀបចំពិធីដាំដើមឈើអនុស្សាវរីយ៍ ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍទេសចរណ៍ បៃតងនៅកម្ពុជា ពិសេសការពារបរិស្ថាន និងអភិរក្សធនធានធម្មជាតិ ដែលជាសកម្មភាពជំរុញ និងគាំទ្រ គោលនយោបាយអភិវឌ្ឍបៃតងរបស់រាជរដ្ឋាភិបាល និងយន្តការអភិវឌ្ឍទេសចរណ៍ជាអន្តរជាតិប្រកបដោយ និរន្តរភាព ភាពធន់ និងបរិយាបន្ន សំដៅឱ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញប្រកបដោយ ភាពស្អាត និងបៃតង។
ជារួម ការរៀបចំព្រឹត្តិការណ៍បុណ្យទន្លេឆ្នាំ២០២៥នេះ គឺមានការចូលរួមកាន់តែផុសផុលពីគ្រប់ភាគីពាក់ព័ន្ធ ទាំងផ្នែករដ្ឋ និងឯកជនក្នុងចូលរួមផ្សព្វផ្សាយសក្តានុពលទេសចរណ៍នៃខេត្តជាប់ដងទន្លេ និងបានចូលរួមគាំទ្រ គោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការយកចិត្តទុកដាក់អភិវឌ្ឍតំបន់តាមដងទន្លេប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវ។
ជាមួយគ្នានេះ ព្រឹត្តិការណ៍បុណ្យទន្លេ បានផ្តល់នូវអត្ថប្រយោជន៍យ៉ាងច្រើន ដូចជា៖
ទី១៖ បង្ហាញពីសាមគ្គីភាពរឹងមាំគ្រប់តួអង្គពាក់ព័ន្ធ តាមអភិក្រម «ជវភាព នៃប្រព័ន្ធតួអង្គតែមួយ»
ទី២៖ ជំរុញការអភិវឌ្ឍ និងកំណើនសេដ្ឋកិច្ច
ទី៣៖ លើកកម្ពស់ការអភិវឌ្ឍបៃតង ដែលមានការគិតគូរអំពីធនធានវប្បធម៌ ធម្មជាតិ និងបរិស្ថាន
ទី៤៖ លើកកម្ពស់ការអប់រំ និងការយល់ដឹង និង
ទី៥៖ លើកកម្ពស់វិស័យទេសចរណ៍កម្ពុជា។
បន្ថែមពីនេះ ក្រសួងទេសចរណ៍ បានបញ្ជាក់ថា ដោយទទួលបាន គោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចធិបតីនាយករដ្ឋមន្ត្រី នាឱកាសពិធីបិទព្រឹត្តិការណ៍បុណ្យទន្លេ លើកទី៩ លោកអភិបាលនៃគណៈអភិបាលខេត្តតាកែវ ក្នុងនាមជាខេត្តម្ចាស់ផ្ទះ បានប្រគល់ទង់បុណ្យទន្លេជូន អភិបាលខេត្តពោធិ៍សាត់ ដែលជាខេត្តទទួលសិទ្ធិក្នុងការរៀបចំព្រឹត្តិការណ៍បុណ្យទន្លេ លើកទី១០ នៅក្នុងអំឡុងខែមីនា ឆ្នាំ២០២៦។
ខេត្តពោធិ៍សាត់ គឺជាគោលដៅទេសចរណ៍ធម្មជាតិ វប្បធម៌ ប្រវត្តិសាស្ត្រ និងជាជង្រុកសម្បត្តិធម្មជាតិដ៏មហាសាល សម្បូរទៅដោយជ្រលងភ្នំ ទន្លេ ទឹកជ្រោះ បឹងបួរ អូរស្ទឹង ព្រៃព្រឹក្សាស្រស់បំព្រង ថ្មកែវ ផលិតផលកសិកម្មចម្រុះ និងស្ថានីយបុរាណ ព្រមទាំងមានបងប្អូនជនជាតិដើមភាគ តិចជាច្រើន ក្រុមផងដែរ។
ទន្ទឹមនឹងនេះ ក្រសួងទេសចរណ៍ បានអំពាវនាវដល់គ្រប់ក្រសួង ស្ថាប័ន ផ្នែករដ្ឋនិង ឯកជន ព្រមទាំងប្រជាពលរដ្ឋទាំងអស់ចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការផ្សព្វផ្សាយនូវពាក្យស្លោក «ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទេសចរណ៍» «ទេសចរណ៍ រីកលូតលាស់ក្នុងសន្តិភាព» និង «បុគ្គលម្នាក់ៗ ជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់» ដើម្បីលើកកម្ពស់វិ យទេសចរណ៍នៅកម្ពុជាយើងឱ្យកាន់តែរីកចម្រើន៕