(ភ្នំពេញ)៖ លោក ជាប សត្ថារតន៍ រដ្ឋលេខាធិការប្រចាំការ និងជាប្រធានលេខាធិការដ្ឋាន នៃក្រុមការងារផ្នែកសេដ្ឋកិច្ច សង្គមឌីជីថល និងទូរគមនាគមន៍ (ក្រុមការងារ «ណ») នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំស្ដីពី យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកន នៃក្រុមការងារ «ណ»។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីតំណាងនៃក្រុមការងារ «ណ» ផ្នែកឯកជន មកពីសភាពាណិ្ជកម្មកម្ពុជា សរុបប្រមាណ ១៥រូប ដែលរៀបចំធ្វើឡើង នៅទីស្ដីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
យន្តការវេទិកា រាជរដ្ឋាភិបាល-ផ្នែកឯកជន ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៩ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នាពេលនោះ និងជាប្រធានព្រឹទ្ធសភានាពេលបច្ចុប្បន្ន។
នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំកិច្ចប្រជុំវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ និងបានដាក់ចេញវិធានការកែទម្រង់មុតស្រួច ជាកញ្ចប់ចម្បងៗចំនួន ១១ចំណុច ដែលត្រូវបានបំបែកជាវិធានការសរុបចំនួន ១៨៨ សម្រាប់ងាយស្រួលដល់ការតាមដាននិងវាយតម្លៃ។
សូមជម្រាបជូនថា កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើង រវាងតំណាងផ្នែករាជរដ្ឋាភិបាល និងផ្នែកឯកជន នៃក្រុមការងារ «ណ» ដើម្បីដោះស្រាយបញ្ហាមកពីវិស័យឯកជន ប្រមូលទិន្នន័យក្នុងវិស័យ និងរៀបចំរបាយការណ៍ជូនក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
ក្រោយក្រុមការងារទាំង ១៦ មកពីក្រសួង ស្ថាប័ន និងផ្នែកឯកជន បានផ្ដល់ជូនរបាយការណ៍រួចរាល់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នឹងរៀបចំរបាយការណ៍តាមដានវឌ្ឍនភាព ការងារនៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ជូនរាជរដ្ឋាភិបាល រៀងរាល់ឆមាស ឬ ២ដងក្នុងមួយឆ្នាំ៕