(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ បានចេញសេចក្ដីណែនាំស្ដីពី ការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ។

យោងតាមសេចក្ដីណែនាំដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥នេះ បង្ហាញថា ដើម្បីចូលរួមពង្រឹងគុណភាពសេវាកម្មទេសចរណ៍ឲ្យបានល្អប្រសើរ ស្របតាមយុទ្ធនាការ «ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ» និងស្របតាមគុណតម្លៃនៃវប្បធម៌ អរិយធម៌ដ៏ផូរផង់របស់កម្ពុជា ក្រសួងទេសចរណ៍ បានធ្វើការណែនាំដល់ប្រតិបត្តិករទេសចរណ៍ទាំងអស់ ដូចតទៅ៖

* ត្រូវផ្តល់កិច្ចសហការល្អជាមួយអាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ដើម្បីធានារក្សាសន្តិសុខសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងរក្សាឱ្យបាននូវអនាម័យ ព្រមទាំងសោភណភាពនៅតាមមូលដ្ឋានអាជីវកម្ម

* ត្រូវរៀបចំតុបតែងលម្អអំពូលភ្លើងបំភ្លឺ និងដាក់បង្ហាញទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជានៅផ្នែក ខាងក្រៅទីតាំងអាជីវកម្ម។ ផ្នែកខាងក្នុងអាជីវកម្ម ត្រូវរៀបចំដាក់តាំងព្រះឆាយាល័ក្ខណ៍ព្រះអង្គទាំងបី ស្របតាមការណែនាំរបស់ក្រសួងព្រះបរមរាជវាំង

* រាល់ការរៀបចំតុបតែងលម្អទាំងផ្នែកខាងក្នុង និងផ្នែកខាងក្រៅទីតាំងអាជីវកម្មរបស់ប្រតិបត្តិករទេសចរណ៍ សូមបង្ហាញអំពីវប្បធម៌ខ្មែរ អត្តសញ្ញាណខ្មែរ ឬអត្តសញ្ញាណពិសេសរបស់ខេត្ត ដោយមិនឱ្យប្រាសចាក ពីប្រពៃណីទំនៀមទម្លាប់ខ្មែរ

* ត្រូវរៀបចំចំណតឲ្យបានគ្រប់គ្រាន់ជូនភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលមកទទួលសេវាកម្មអាជីវកម្ម របស់ខ្លួន ដោយត្រូវជូនដំណឹងដល់ភ្ញៀវពីទីតាំងដែលអាចប្រើប្រាស់ជាចំណតត្រឹមត្រូវ (ដោយមាន បំពាក់ស្លាកសញ្ញាបញ្ជាក់) និងមិនត្រូវបណ្តែតបណ្តោយឲ្យមានការចតទោចក្រយានយន្ត និងយានយន្ត ដោយគ្មានសណ្តាប់ធ្នាប់ ដែលអាចបង្កផលប៉ះពាល់ដល់ចរាចរណ៍លើផ្លូវសាធារណៈ

* ត្រូវបង្ហាញផលិតផល ឬសេវាកម្មអាជីវកម្មជាសាធារណៈតាមគ្រប់ទម្រង់ និងត្រូវបញ្ជាក់តម្លៃនិង លក្ខខណ្ឌអនុវត្តផ្សេងៗឲ្យបានច្បាស់លាស់ ដែលចាំបាច់សម្រាប់ជាមូលដ្ឋានដល់ភ្ញៀវក្នុងការពិចារណា ជ្រើសរើសទិញផលិតផលទេសចរណ៍ ឬប្រើប្រាស់សេវាកម្មទេសចរណ៍

* ត្រូវរក្សាតម្លៃផលិតផល ឬសេវាកម្មឲ្យបានសមរម្យ និងពង្រឹងគុណភាពសេវាកម្មទេសចរណ៍ឱ្យបាន ល្អប្រសើរ

* ត្រូវក្រើនរំលឹកអំពីសីលធម៌ សុជីវធម៌ និងបណ្តុះបណ្តាលបុគ្គលិកអំពីការទទួលបដិសណ្ឋារកិច្ច និងជំនាញដែលចាំបាច់ពាក់ព័ន្ធនឹងអាជីវកម្មសេវាកម្មទេសចរណ៍ ព្រមទាំងរៀបចំឲ្យបុគ្គលិកមានឯកសណ្ឋាន ត្រឹមត្រូវទៅតាមផ្នែកនីមួយៗ ពិសេសស្នើសុំឲ្យបញ្ចូលលក្ខណៈជាខ្មែរ

* ត្រូវយកចិត្តទុកដាក់ចំពោះការរក្សាអនាម័យបន្ទប់ទឹក ដោយត្រូវដាក់វេនសម្អាតជាប្រចាំឲ្យបានញឹកញាប់ និងមានសម្ភារៈគ្រប់គ្រាន់មានជាអាទិ៍ សាប៊ូលាងដៃ ក្រដាស ជាដើម។ សូមបែងចែករវាងបន្ទប់ទឹក ប្រុស-ស្រី និងរក្សាឲ្យមានសុវត្ថិភាព

* ត្រូវយកចិត្តទុកដាក់ និងចូលរួមទាក់ទាញភ្ញៀវជាតិ-អន្តរជាតិចូលរួមផ្សព្វផ្សាយឱ្យបានសកម្មនូវ យុទ្ធនាការ «ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទេសចរណ៍» «ទេសចរណ៍រីកលូតលាស់ ក្នុងសន្តិភាព» និង «បុគ្គលម្នាក់ៗជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់»

* ត្រូវគោរពតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមានរបស់រាជរដ្ឋាភិបាល ក្រសួងទេសចរណ៍ និងរដ្ឋបាលថ្នាក់ក្រោមជាតិ។

ទទួលបានសេចក្តីណែនាំនេះ ប្រតិបត្តិករទេសចរណ៍ទាំងអស់ និងមន្ទីរទេសចរណ៍រាជធានី ខេត្ត ត្រូវ ចូលរួមសហការផ្សព្វផ្សាយឲ្យបានទូលំទូលាយ និងអនុវត្តតាមសេចក្តីណែនាំនេះ ប្រកបដោយការទទួល ខុសត្រូវ និងប្រសិទ្ធភាពខ្ពស់៕