(ភ្នំពេញ)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានបង្ហើបឱ្យដឹងថា កម្ពុជា កំពុងព្យាយាមលក់ឥណទានកាបូនដោយផ្ទាល់តែម្តងទៅកាន់ទីផ្សារអន្តរជាតិ។ ខណៈមូលនិធិអាកាសធាតុបៃតងសកល (Green Climate Fund) ដែលគ្រោងនឹងផ្តល់ដល់កម្ពុជានូវចំនួន ៤០លានដុល្លារ សម្រាប់អនុវត្តកម្មវិធីរេដបូកជាតិ នាសម័យសន្និសីទអង្គការសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុលើកទី២៩ COP29 នៅទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់។

ការលើកឡើងបែបនេះរបស់លោកបណ្ឌិត អ៊ាង សុផល្លែត បានធ្វើឡើងក្នុងឱកាសលោកផ្តល់បទសម្ភាសដល់ក្រុមអ្នកសារព័ត៌មាន ក្នុងពិធីផ្សព្វផ្សាយស្តីពីផែនការសកម្មភាពនៃយុទ្ធនាការសម្អាតផ្លូវជាតិ «ផ្លូវជាតិគ្មានសំរាម សំណល់ប្លាស្ទិក» បានរៀបចំឡើង នៅទីស្តីការក្រសួងបរិស្ថាន នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ ម្សិលមិញ។

លោកបណ្ឌិត អ៊ាង សុផល្លែត បានលើកឡើងយ៉ាងដូច្នេះថា៖ «ខ្ញុំសូមបញ្ជាក់ថា កន្លងមកយើងលក់កាបូន តាមរយៈអង្គការដៃគូ ដើររកម៉ូយដែលជាក្រុមហ៊ុនបរទេសធំៗ អ៊ឹចឹងទេយើងពឹងគាត់ឱ្យជួយរកម៉ូយមក ហើយឱ្យគាត់គ្រប់គ្រងតំបន់ការពារធនធានធម្មជាតិរបស់យើង ជួយដាំដុះស្តារឡើងវិញ […] អ្វីទាំងនេះគ្រាន់តែជាអន្តរកាលទេ ព្រោះយើងពុំទាន់ស្គាល់ផ្លូវ តែឥឡូវនេះយើងស្គាល់ផ្លូវហើយ យើងកំពុងព្យាយាមធ្វើការលក់ដូរផ្ទាល់តែម្តង»

ជាមួយគ្នានេះដែរ លោកបណ្ឌិត អ៊ាង សុផល្លែត បានបន្តថា នៅពេលដែលកម្ពុជា បានខិតខំការព្រៃឈើបានយ៉ាងល្អពីមូលនិធិអាកាសធាតុបៃតងសកល (Green Climate Fund) ដែលគ្រោងនឹងផ្តល់ដល់កម្ពុជានូវចំនួន ៤០លានដុល្លារ សម្រាប់អនុវត្តកម្មវិធីរេដបូកជាតិ នាសម័យសន្និសីទអង្គការសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុលើកទី២៩ COP29 នៅទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់ ពាក់ព័ន្ធនឹងកិច្ចគាំពារបរិស្ថាន។ ជាក់ស្តែងរាជរដ្ឋាភិបាលកម្ពុជា​ ក្រោមការដឹកនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អង្គការសហប្រជាជាតិ បានទទួលស្គាល់ពីលះជម្នះគ្រប់ឧបសគ្គ ដើម្បីការពារធនធានធម្មជាតិ។

រដ្ឋមន្រ្តីក្រសួងបរិស្ថាន មានសុទិដ្ធិនិយមថា នៅឆ្នាំ២០៥០ រាជរដ្ឋាភិបាលកំណត់ថានឹងធ្វើយ៉ាងណាឱ្យកម្ពុជាក្លាយជាប្រទេសអព្យាក្រឹត្យកាបូន។ លោករដ្ឋមន្ត្រីបានសំដែងសេចក្តីត្រេកអរ ចំពោះលទ្ធផល នៃការអនុវត្តគម្រោងរេដបូកទាំងនេះ ហើយក្រសួងបរិស្ថាន ក៏មានមោទកភាពយ៉ាងជ្រាលជ្រៅ ដែលទទួលបានការគាំទ្រពីសហគមន៍អន្តរជាតិ ចំពោះគម្រោងរេដបូកនៅកម្ពុជាក្នុងទីផ្សារកាបូនស្ម័គ្រចិត្ត។

លោកបណ្ឌិត អ៊ាង សុផល្លែត បានបញ្ជាក់ថា ការទទួលបានចំណាត់ថ្នាក់ដ៏ល្អនេះត្រូវបានឆ្លុះបញ្ចាំងនូវគោលនយោបាយដ៏ត្រឹមត្រូវ និងកិច្ចខិតខំប្រឹងប្រែងដ៏សកម្មរបស់រាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ ជាមួយដៃគូ ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេសប្រជាពលរដ្ឋ នៅក្នុងការចូលរួមអនុវត្តគម្រោងរេដបូកនៅកម្ពុជា។

គួរឱ្យដឹងថា យ៉ាងហោចណាស់មានគម្រោងរេដបូក១០ កំពុងតែមានវត្តមាននៅកម្ពុជា។ ក្នុងនោះមានដូចជា៖ គម្រោង​រេដបូកកែវសីមា, ជួរភ្នំក្រវាញខាងត្បូង, ទំរីង (Tumring REDD+Project), គម្រោង​នៅ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​លំផាត់, តំបន់​ជួរ​ភ្នំ​ក្រវាញ​កណ្តាល, ដែន​ជម្រក​សត្វព្រៃ​ភ្នំត្នោត, តំបន់​ទេសភាព​វាល​ទំនាប​ខាង​ជើង, ដែន​ជម្រក​សត្វព្រៃ​សៀមប៉ាង, ដែន​ជម្រក​សត្វព្រៃ​ព្រៃឡង់ និងដែន​ជម្រក​សត្វព្រៃ​ភ្នំសំកុស។ ទោះយ៉ាងណាគម្រោង​រេដបូកភាគច្រើន គឺ​កំពុង​តែ​ស្ថិត​ក្នុង​ដំណាក់​កាល​សិក្សា និងវាយតម្លៃ​នៅ​ឡើយ។ សម្រាប់គម្រោងរេដបូកដែនជម្រកសត្វព្រៃលំផាត់ ត្រូវបានអនុវត្ត ចាប់ពីចុងឆ្នាំ២០២៣ លើផ្ទៃដី ជាង១៣ម៉ឺនហិកតា រវាងក្រសួងបរិស្ថាន និងអង្គការជីវិតធម្មជាតិនៅកម្ពុជា (NLC)៕