(រតនគិរី)៖ ជនជាតិវៀតណាមមួយក្រុមនាំសាឡង់ និងសម្ភារជាច្រើនដាក់នៅមាត់ទន្លេសេសាន ស្ថិតក្នុងភូមិភិ ឃុំសេសាន ស្រុកអូរយ៉ាដាវ (ជិតព្រំដែនប្រទេសវៀតណាម)។ ជនជាតិវៀតណាមខាងលើនេះមានចំនួន៦នាក់ មានប៉ាស្ព័រត្រឹមត្រូវចូលតាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ កាលពីពេលថ្មីៗនេះ។ នេះជាការបញ្ជាក់ពីលោកឧត្តមសេនីយ៍ត្រី ចៅ នាង ស្នងការរង និងជាអ្នកនាំពាក្យស្នងការនគរបាលខេត្តរតនគិរីប្រាប់ភ្នាក់ងារ Fresh News នៅរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥។

បើតាមសមត្ថកិច្ចច្រកទ្វារអន្តរជាតិអូរយ៉ាដាវ លួចបង្ហើបឱ្យដឹងថា សាឡង់ និងសម្ភាជាច្រើនខាងលើនេះ ដឹកចូលមកតាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ដោយបង់ពន្ធជូនរដ្ឋប្រមាណ ៨ម៉ឺនដុល្លារ ប៉ុន្តែមិនដឹងថៅកែវៀតណាម យកទៅធ្វើអាជីវកម្មអ្វីទេ។

លោកវរសេនីយ៍ឯក មឿង ខេម ប្រធានការិយាល័យគ្រប់គ្រងជនបរទេស នៃស្នងការនគរបាលខេត្តរតនគិរី ប្រាប់ឱ្យដឹងថា ទោះបីជនជាតិវៀតណាមធ្វើទិដ្ឋាការ E (Visa) មានសុពលភាពរយៈពេល១ខែ ជាភ្ញៀវទេសចរ មិនអាចធ្វើការនៅកម្ពុជាបានទេ។ លុះត្រាតែបន្តទិដ្ឋាការស្នាក់នៅរយៈពេល១ឆ្នាំ នៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ និងមានបណ្ណការងារទើបអាចធ្វើការងារបាន។

លោកបន្តថា ជនជាតិវៀតណាមមួយក្រុមខាងលើនេះ មានតែសមត្ថកិច្ចមូលដ្ឋានដូចជា៖ ប៉ុស្តិ៍នគរបាលរដ្ឋបាលសេសាន និងអធិការនគរបាលស្រុកអូរយ៉ាវចុះឆែកមើល។

ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តរតនគិរី នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ មិនទាន់អាចសុំការបំភ្លឺបន្ថែមពីលោក ​នាង សំអាត អភិបាលរងខេត្តទទួលបន្ទុករ៉ែ និងថាមពល និងលោក អ៊ុង អ៊ួរ ប្រធានមន្ទីររ៉ែ និងថាមពលខេត្តរតនគិរី បានទេ។

សូមបញ្ជាក់ថា បច្ចុប្បន្នសាឡង់ខាងលើនេះ ត្រូវបានរដ្ឋបាលខេត្តរតនគិរី ខ្ចីមកបូមភក់ ល្បាប់ក្នុងបឹងកន្សែងក្រុងបានលុង ខេត្តរតនគិរី៕