(ភ្នំពេញ)៖ មជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា (ម.ជ.ម.) មានកិត្តិយសសូមជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ ម.ជ.ម. បានរៀបចំកិច្ចប្រជុំមហាសន្និបាតប្រចាំឆ្នាំលើកទី១១ ក្រោមអធិបតីភាព លោកមជ្ឈត្តករ សាន គីរី ប្រធាន ម.ជ.ម. នៅសណ្ឋាគារ ហ្វ៊ែរហ្វៀល បាយ ម៉ារៀត ភ្នំពេញ។
កិច្ចប្រជុំមហាសន្និបាតបានពិនិត្យ និងសម្រេចលើរបាយការណ៍គ្រប់គ្រងឆ្នាំ២០២៤ និងត្រីមាសទី១ ឆ្នាំ២០២៥ របាយការណ៍ហិរញ្ញវត្ថុ ប្រចាំឆ្នាំ២០២៤ និងត្រីមាសទី១ ឆ្នាំ២០២៥ ផែនការសកម្មភាព និងថវិកាសម្រាប់ឆ្នាំ២០២៥ និងត្រីមាសទី១ ឆ្នាំ២០២៦។ លើសពីនេះ កិច្ចប្រជុំមហាសន្និបាតក៏បានជ្រើសតាំងសមាជិកក្រុមប្រឹក្សាប្រតិបត្តិអាណត្តិទី៥ ចំនួន ៧ (ប្រាំពីរ) រូប សម្រាប់អាណត្តិ ៣ (បី) ឆ្នាំ ផងដែរ។
បន្ទាប់មកនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ សមាជិកក្រុមប្រឹក្សាប្រតិបត្តិអាណត្តិទី៥ របស់ ម.ជ.ម បានធ្វើការ បោះឆ្នោតជាសម្ងាត់ នៅ ម.ជ.ម. ដើម្បីជ្រើសតាំង ប្រធាន ១ (មួយ) រូប អនុប្រធាន ១ (មួយ) រូប និង អគ្គហេរញ្ញិក ១ (មួយ) រូប ដែលរៀបចំឡើងដោយគណៈកម្មការរៀបចំការបោះឆ្នោត របស់ ម.ជ.ម. ក្រោម អធិបតីភាព លោកមជ្ឈត្តករ សាន គីរី ប្រធាន ម.ជ.ម. ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាប្រតិបត្តិអាណត្តិទី៤ និងក្រុមប្រឹក្សាប្រតិបត្តិអាណត្តិទី៥ ។
ជាលទ្ធផល ក្រុមប្រឹក្សាប្រតិបត្តិអាណតិ្តទី៥ របស់ ម.ជ.ម. មានសមាសភាពដូចខាងក្រោម៖
១. លោកមជ្ឈត្តករ ហ៊ឹប ណារិទ្ធិ វេស៍ ជាប្រធានក្រុមប្រឹក្សាប្រតិបត្តិ និងប្រធាន ម.ជ.ម.
២. លោកស្រីមជ្ឈត្តករ លឹម រដ្ឋា ជាអនុប្រធានក្រុមប្រឹក្សាប្រតិបត្តិ និងអនុប្រធាន ម.ជ.ម.
៣. លោកមជ្ឈត្តករ កង តារាវុធ ជាអគ្គហេរញ្ញិកនៃ ម.ជ.ម.
៤. លោកមជ្ឈត្តករ Jay Bryan COHEN ជាសមាជិកក្រុមប្រឹក្សាប្រតិបត្តិ
៥. លោកមជ្ឈត្តករ ប៊ិន សម្បត្តិថារ័ត្ន ជាសមាជិកក្រុមប្រឹក្សាប្រតិបត្តិ
៦. លោកស្រីមជ្ឈត្តករ ខេត ឈិន ជាសមាជិកក្រុមប្រឹក្សាប្រតិបត្តិ
៧. លោក Ruwan HULUGALLE តំណាងសមាគមពាណិជ្ជកម្មអាមេរិកនៅកម្ពុជា ជាសមាជិកក្រុមប្រឹក្សាប្រតិបត្តិ។
ម.ជ.ម. ជាស្ថាប័នឯករាជ្យ និងមិនស្វែងរកប្រាក់ចំណេញ ដែលត្រូវបានបង្កើតឡើងដោយច្បាប់ស្តីពី មជ្ឈត្តការផ្នែកពាណិជ្ជកម្មឆ្នាំ២០០៦។ ក្នុងនាមជាមជ្ឈមណ្ឌលមជ្ឈត្តការពាណិជ្ជកម្មតែមួយគត់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ម.ជ.ម. មានបេសកកម្មផ្តល់ជូននូវការដោះស្រាយវិវាទពាណិជ្ជកម្មក្រៅប្រព័ន្ធតុលាការប្រកបដោយអព្យាក្រឹតភាព និងប្រសិទ្ធភាព។ នាពេលបច្ចុប្បន្ន ម.ជ.ម. មានសមាជិកជាមជ្ឈត្តករច្រើនជាង ១១៥ (មួយរយដប់ប្រាំ) រូប ដែលមានសញ្ជាតិខ្មែរ និងបរទេស។ ចាប់តាំងពីការចាប់ផ្តើមដំណើរការជាផ្លូវការក្នុងឆ្នាំ ២០១៣ មក ម.ជ.ម. បាន ទទួល និងចាត់ចែងសំណុំរឿងចំនួន ៤៧ (សែសិបប្រាំពីរ) ដែលទំហំវិវាទច្រើនជាង ១៦៥ (មួយរយហុកសិបប្រាំ) លានដុល្លារអាមេរិក។