(ពោធិ៍សាត់)៖ លោកស្រី អាំង សុជាតា ខូយរីដា អនុប្រធានកិត្តិយស និងជាប្រធានក្រុមការងារឥស្សរជនឆ្នើម ថ្នាក់ សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ អមដំណើរដោយលោក វ៉ាន់ ហ៊ាង នាយកប្រតិបត្តិសាខា លោកស្រី អភិបាលរងនៃគណៈអភិបាលស្រុក ព្រមទាំងសហការី នាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ មកចែកជូនដល់ស្រ្តីមានផ្ទៃពោះ ស្ត្រីសម្រាលកូនរួច ស្ត្រីត្រៀមសម្រាល ជនចាស់ជរាមានពិការភាព និងអ្នកមានផ្ទុកមេរោគអេដស៏ ចំនួន១៧នាក់ នៅមណ្ឌលសុខភាពបឹងបត់កណ្តោល ស្ថិតក្នុងឃុំបឹងបត់បណ្តោល ស្រុកបាកាន ខេត្តពោធិ៍សាត់។

អំណោយមនុស្សធម៌ ដែលត្រូវចែកជូនស្រ្តីត្រៀមសម្រាល ចំនួន៧នាក់ ក្នុងម្នាក់ៗថវិកា៥ម៉ឺនរៀល ក្រៅពីនោះមុង សារុង សម្ភារប្រើប្រាស់ផ្ទះបាយ និងសម្រាប់កូនង៉ាមួយចំនួន។ ចំពោះអ្នកផ្ទុកមេរោគអេដស៏ និងជនចាស់ជារាមានពិការភាពចំនួន១០នាក់ ក្នុងម្នាក់ៗថវិកា៥ម៉ឺនរៀល អង្ករ២៥គីឡូក្រាម មី១កេស ត្រីខ១យួរ និងសម្ភារប្រើប្រាស់គ្រូពេទ្យ ចំនួន១២នាក់ ក្នុងម្នាក់ៗថវិកា២ម៉ឺនរៀល និងសាប៊ូខ្លិន១ដប។

នៅក្នុងឱកាសសំណេះសំណាល និងសួរសុខទុក្ខនោះ លោកស្រី អាំង សុជាតា ខូយរីដា បានកោតសរសើរដោយស្មោះដល់មន្ត្រីមណ្ឌលសុខភាពបឹងបត់កណ្តោល ដែលជាប់ចំណាត់ថ្នាក់លេខ៣ ក្នុងឆ្នាំ២០២៣ ទូទាំងប្រទេស ក្នុងការពិនិត្យ ព្យាបាលជំងឺ ជូនប្រជាជនប្រកបដោយការយកចិត្តទុកដាក់។ លោកស្រីបានជម្រាបជូនថា យោងតាមអនុសាសន៍របស់ សម្ដេចកិត្តិព្រឺទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួម អគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាព ស្រ្តី ជាមាតា ទារក និងកុមារ ក៏ដូចលោក ខូយ រីដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្ត សម្តេចនិងលោក តែងតែណែនាំដល់សាខា អនុសាខា ត្រូវយកចិត្តទុកដាក់គិតគូរ ព្រោះថាស្ត្រីដែលចាប់ពីមានផ្ទៃពោះ តាំងពីខែដំបូងត្រូវទៅពិនិត្យ ផ្ទៃពោះ ជាប្រចាំ ទៅតាមការកំណត់របស់ក្រុមគ្រូពេទ្យឆ្មប នៅតាមមណ្ឌលសុខភាពនានា ដែលនៅជិតផ្ទះ។

ដូច្នេះហើយបានជាក្រុមការងារឥស្សរជនឆ្នើមថ្នាក់សាខា បានចុះមកសំណេះសំណាល និងនាំយកអំណោយមនុស្សធម៌មកចែកជូនស្ត្រីមានផ្ទៃពោះត្រៀមសំរាល ស្ត្រីទើបសំរាលកូន អ្នកផ្ទុកមេរោគអេដស៍ ជនចាស់ជរាគ្មានទីពឹង នៅមណ្ឌលសុខភាពបឹងបត់កណ្តោលនាពេលនេះ មិនច្រើនតែក៏អាចជួយសម្រាលបន្ទុកនូវការលំបាកក្នុងរយ:ពេលខ្លី។

លោកស្រីបានថ្លែងអំណរគុណ ចំពោះអាជ្ញាធរដែនដី ព្រះសង្ឃ និងសប្បុរសជន ដែលតែងតែចូលរួមជាមួយរដ្ឋបាលខេត្ត ស្រុកក្រុងទាំងថវិកា និងកម្លាំងកាយ ដើម្បីធ្វើកិច្ចការមនុស្សធម៌។ លោកស្រីក៏បានលើកទឹកចិត្តឱ្យស្ត្រីគ្រប់ៗរូប និងលោកតា លោកយាយ និងបងប្អូនជនពិការ បន្តការប្រកបរបរ ដើម្បីចិញ្ចឹមជីវិតប្រចាំថ្ងៃ ដាំដំណាំ ចិញ្ចឹមសត្វ ក្នុងគោលបំណងកាត់បន្ថយ នៃការចំណាយថវិកា ពីការទិញមកពីខាងក្រៅ អ្វីដែលសំខាន់បន្លែទាំងនោះ គ្មានជាតិគីមី មិនប៉ះពាល់ សុខភាពថែមទៀតផង។

លោកស្រី ក៏បានក្រើនរំលឹកដល់អាជ្ញាធរភូមិឃុំ ត្រូវចុះជាប់ជាប្រចាំជាមួយបងប្អូនប្រជាពលរដ្ឋ ត្រូវធ្វើការតាមដានស្ថានភាពជីវភាពរបស់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ពីវិបត្តិ នៃជំងឺហានិភ័យ និងបន្តពិនិត្យលទ្ធភាព ដើម្បីចូលរួមចំណែកជួយប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា នៅក្នុងមូលដ្ឋានរបស់ខ្លួន តាមអនុសាសន៍សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា មិនឱ្យអ្នកណាម្នាក់ស្លាប់ដោយសារភាពអត់ឃ្លានឡើយ។ បន្ថែមពីនេះទៀត សូមឱ្យលោកតា លោកយាយ ក៏ដូចប្រជាជនគ្រប់រូបអោយយកទុកដាក់ចិត្ត ចំពោះបញ្ហាសុខុមាលភាពមិនត្រូវធ្វេសប្រហែសឡើយ គឺហូបស្អាត ផឹកស្អាត រស់នៅស្អាត ប្រកបដោយបរិស្ថានអនាម័យ។

ក្នុងថ្ងៃដដែលនោះ លោកស្រី អាំង សុជាតា ខូយរីដា និងប្រតិភូ ក៏បានបន្តនាំយកអំណោយមនុស្សធម៌ ទៅចែកជូនជនចាស់ជរា និងមានពិការភាព ដល់ខ្នងផ្ទះ ចំនួន១០គ្រួសារ ក្នុងនោះមានភូមិរបងរមាស ៥គ្រួសារ និងភូមិឬស្សីតាម៉ាន់ ៥គ្រួសារ ក្នុងឃុំបឹងបត់កណ្តោល ដោយក្នុងមួយគ្រួសារ អង្ករ២៥គីឡូក្រាម និងថវិកា៥ម៉ឺនរៀល៕