(ភ្នំពេញ)៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន និងក្រុមការងារបញ្ញាសិប្បនិម្មិត ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ និងប្រមូលធាតុចូលលើកទី២ ស្ដីពី «ការរៀបចំយុទ្ធសាស្ត្រជាតិ ស្ដីពីបញ្ញាសិប្បនិម្មិត» ក្រោមប្រធានបទ «កិច្ចពិភាក្សានៃសហគមន៍អ្នកបច្ចេកទេសបញ្ញាសិប្បនិម្មិត»។
សិក្ខាសាលានេះ ដើម្បីបញ្ជ្រាបចំណេះដឹងពាក់ព័ន្ធនឹងការវិវត្តនិងវឌ្ឍនភាពស្រាវជ្រាវ នៃបញ្ញាសិប្បនិម្មិតនៅកម្ពុជា, បង្ហាញគម្រោងបញ្ញាសិប្បនិម្មិតមួយចំនួន ដែលកំពុងអនុវត្តនៅក្នុង ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងធ្វើកិច្ចពិភាក្សាស្តីពីទិន្នន័យ និងសំណុំធនធានបច្ចេកទេស ដើម្បីជំរុញការអភិវឌ្ឍបញ្ញាសិប្បនិម្មិតនៅកម្ពុជា។
សិក្ខាកាមដែលបានអញ្ជើញចូលរួម មានមកពីបណ្តាក្រសួង ស្ថាប័ន គ្រឹះស្ថានអប់រំនិងស្រាវជ្រាវ សហគមន៍អ្នកជំនាញ អ្នកបច្ចេកទេស និងតួអង្គពាក់ព័ន្ធនានា ក្នុងវិស័យសាធារណៈ និងវិស័យឯកជន ដែលមានសរុបប្រមាណ១៥០នាក់។ សិក្ខាសាលានេះ ធ្វើឡើងនៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥។
សិក្ខាសាលានេះ ត្រូវបានថ្លែងសុន្ទរកថា បើកស្វាគមន៍ដោយ លោក ហាក់ សុខហេង អនុរដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងបន្តដោយបទបង្ហាញចំនួន៤ លើប្រធានបទ៖
១៖ «សាវតារ និងវឌ្ឍនភាពការស្រាវជ្រាវបញ្ញាសិប្បនិម្មិតនៅកម្ពុជា» ដោយលោក សេង សុភាព ប្រធានបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា,
២៖ «ការអភិវឌ្ឍ TranslateKH» ដោយលោក ឡាយ អជដេត អ្នកជំនាញជាន់ខ្ពស់បញ្ញាសិប្បនិម្មិតក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍, ឮ
៣៖ «ការអភិវឌ្ឍ Khmer Braille Translator» ដោយលោកបណ្ឌិត លី រតនា ប្រធានផ្នែកស្រាវជ្រាវ និងអភិវឌ្ឍ នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា
និង៤៖ «ទស្សនៈមួយចំនួនពាក់ព័ន្ធនឹងគម្រោងអភិវឌ្ឍ Khmer LLM» ដោយលោកបណ្ឌិត អ៊ិន សុវណ្ណ ប្រធាននាយកដ្ឋានបរិវត្តកម្មរដ្ឋាភិបាលឌីជីថល នៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល។
ក្នុងសិក្ខាសាលានេះ ក៏មានកិច្ចពិភាក្សាលើប្រធានបទ «ទិន្នន័យ និងសំណុំធនធានបច្ចេកទេស ដើម្បីជំរុញការអភិវឌ្ឍបញ្ញាសិប្បនិម្មិតនៅកម្ពុជា» ដែលទទួលបានការសាកសួរជាច្រើន ពីសិក្ខាកាម។ ក្នុងនោះដែរ លោក សេង សុភាព ប្រធានបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា បានផ្តល់កិត្តិយសបិទសិក្ខាសាលាដោយជោគជ័យល្អប្រសើរផងដែរ៕