(ទីក្រុងហ្សីណីវ)៖ នាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ជាកិច្ចប្រជុំលើកទី២ ដែលជាថ្ងៃចុងក្រោយនៃកិច្ចប្រជុំ លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មការ ត្រួតពិនិត្យគោលនយោបាយពាណិជ្ជកម្មរបស់កម្ពុជាលើកទី៣ តំណាងប្រទេសកម្ពុជា បានធ្វើសេចក្តីថ្លែងការណ៍រួមអំពីលទ្ធផលនៃ «គោលនយោបាយពាណិជ្ជកម្មកម្ពុជាលើកទី៣» (3rd Trade Policy Review-TPR) ទៅកាន់រដ្ឋជាសមាជិក WTO នៅទីស្នាក់ការកណ្តាលរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO)។

ជាលទ្ធផល រដ្ឋជាសមាជិក WTO បានគាំទ្រសេចក្តីថ្លែងការណ៍ និងការចែករំលែកនូវបទពិសោធន៍នានារបស់កម្ពុជា និងបានចាត់ទុកកម្ពុជាជាប្រទេសគំរូមួយចំពោះកិច្ចប្រឹងប្រែងក្លាយជាប្រទេសរីកចម្រើន ជាពិសេសស្ថានភាពកាន់តែប្រសើរឡើង នៃវិស័យវិនិយោគ ពាណិជ្ជកម្ម និងហិរញ្ញវត្ថុ ហើយសប្បាយរីករាយដែលបានឃើញសមទ្ធិផលថ្មីៗរបស់កម្ពុជា។

កិច្ចប្រជុំនេះក៏បានបង្ហាញពីភាពជោគជ័យរបស់កម្ពុជា លើគោលនយោបាយពាណិជ្ជកម្មអន្តរជាតិ នៅអង្គការពាណិជ្ជកម្មពិភពលោក (WTO) ដែលអង្គការនេះមានសមាជិកចំនួន ១៦៦ប្រទេស។ បច្ចុប្បន្ន កម្ពុជាត្រូវបានពិភពលោកទទួលស្គាល់ថាបានចាកចេញពី «ប្រទេសមានការអភិវឌ្ឍតិចតួច» ឆ្ពោះទៅ «ប្រទេសកំពុងអភិវឌ្ឍ» នាចុងឆ្នាំ២០២៩៕