(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ទី២៨ ខែមីនា ឆ្នាំ២០២៥នេះ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសហការីបានទទួលជួបពិភាក្សាការងារជាមួយលោក ម៉ាយ ជាំងទ្បុង (Mai Jianglong) អនុប្រធានក្រុមហ៊ុន China Minsheng Stone Industry Group មកពីទីក្រុងសៀមិន សាធារណរដ្ឋប្រជាមានិតចិន នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ជំនួបនេះ ធ្វើឡើងក្នុងគោលបំណងពិភាក្សាអំពីការបណ្តាក់ទុនវិនិយោគកែច្នៃថ្មម៉ាប និងផលិតថ្មម៉ាបសិប្បនិម្មិតនៅកម្ពុជា។
លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្តែងនូវការស្វាគមន៍ និងគាំទ្រគម្រោងវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា និងបានជម្រាបជូនក្រុមហ៊ុនពីបរិស្ថានវិនិយោគនៅកម្ពុជា ដែលពោរពេញដោយភាពអំណោយផល ពិសេសរបបលើកទឹកចិត្តវិនិយោគ និងវិធានការគាំទ្រនានារបស់រាជរដ្ឋាភិបាលដែលបានបន្តដាក់ចេញសំដៅធ្វើឱ្យបរិយាកាសវិនិយោគ និងធុរកិច្ចនៅកម្ពុជាកាន់តែប្រសើរទ្បើង និងកាន់តែមានភាពទាក់ទាញ។
លោកអគ្គលេខាធិការបានលើកទឹកចិត្តឱ្យក្រុមហ៊ុនរួសរាន់សម្រេចចិត្តក្នុងការបណ្តាក់ទុនវិនិយោគដើម្បីឆាប់ទទួលបានផលចំណេញ និងបានជំរុញឱ្យក្រុមហ៊ុនខិតខំប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកក្នុងខ្សែច្រវាក់ផលិតកម្មរបស់ខ្លួនឱ្យអស់សមត្ថភាពដើម្បីចូលរួមបង្កើតតម្លៃបន្ថែម។
សូមជម្រាបថា បន្ទាប់ពីសមាគមថ្មអារកម្ពុជា បាននាំយកនូវសក្តានុពលថ្មអារកម្ពុជា ទៅចូលរួមពិធីបើកពិព័រណ៍ថ្មអន្តរជាតិ សៀមែន ប្រទេសចិន លើកទី២៥ នៅទីក្រុងសៀមែន ខេត្តហ៊្វូជៀន សាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី ១៦-១៩ ខែមីនា ឆ្នាំ២០២៥កន្លងទៅ។ យ៉ាងហោចណាស់មានដៃគូវិនិយោគចំនួន៥គម្រោង បានចាប់អារម្មណ៍លើការវិនិយោគលើវិស័យថ្មអារ នៅក្នុងប្រទេសកម្ពុជា ហើយគ្រោងនឹងមកចុះកិច្ចព្រមព្រៀងវិនិយោគលើវិស័យថ្មអារនៅក្នុងប្រទេសកម្ពុជា នាខែមេសាខាងមុខនេះ នៅក្នុងទុនវិនិយោគសរុបប្រមាណ៥០លានដុល្លារអាមេរិក។ នេះបើតាមការបញ្ជាក់របស់លោកស្រី ឡេង ដាវី អគ្គនាយិកាក្រុមហ៊ុន ឬទ្ធីក្រានីត និងជាអនុប្រធានសមាគមថ្មអារកម្ពុជា ៕