(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ទើបនឹងចេញសេចក្តីណែនាំថ្មីមួយទៅដល់បណ្តាក្រសួង ស្ថាប័នរបស់រដ្ឋ លើកលែងតែក្រសួងការពារជាតិ ឱ្យរៀបចំឡើងវិញនូវការកំណត់ និងអនុវត្តមុខងារជាសមត្ថកិច្ចរបស់ខ្លួនឱ្យបានច្បាស់លាស់ កុំឱ្យជាន់តួនាទីភារកិច្ចគ្នា ដើម្បីប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពការងារ។
យោងតាមសារាចរធ្វើឡើងនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ បានគូសបញ្ជាក់ថា ការណែនាំនេះ ធ្វើឡើងដោយផ្អែកលើស្នូលនៃ «យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដែលផ្តោតលើអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋឱ្យក្លាយជារដ្ឋបាលសាធារណៈទំនើប ប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ រាជរដ្ឋាភិបាលបានកំណត់អភិក្រម «រៀបចំផ្ទះឱ្យរៀបរយ» និង «ពង្រឹងជាជាងពង្រីក» ដើម្បីធានាការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួង ស្ថាប័ន ឱ្យមានប្រសិទ្ធភាពខ្ពស់។
ការណែនាំនេះ ក៏បានយោងលើលទ្ធផលនៃការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន និងស្មារតីនៃកិច្ចប្រជុំលើកទី៣ របស់គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា(គ.វ.រ.) នាថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ ផងដែរ។
ក្នុងសារាចរនេះ រាជរដ្ឋាភិបាលកម្ពុជា បានណែនាំក្រសួង ស្ថាប័នរដ្ឋ ត្រូវកំណត់មុខងាររបស់ខ្លួនឱ្យបានច្បាស់លាស់ ដែលជាមុខងារស្នូលតាមវិស័យ និងមុខងាររងនៃមុខងារស្នូលតាមវិស័យ។
រាជរដ្ឋាភិបាល ក៏បានណែនាំក្រសួង ស្ថាប័ន ត្រូវពិនិត្យ រៀបចំ និងកំណត់ក្របខណ្ឌការងារឱ្យបានច្បាស់លាស់ ដើម្បីជាមូលដ្ឋាននៃការរៀបចំរចនាសម្ព័ន្ធអង្គភាព, យន្តការស្ថាប័ន និងប្រព័ន្ធការងារ ឬវិធីសាស្ត្របំពេញការងារសមស្របផ្សេងៗ ដើម្បីធានាការអនុវត្តមុខស្នូល និងមុខងាររងនៃមុខងារស្នូលរបស់ក្រសួង ស្ថាប័ន ឱ្យមានប្រសិទ្ធភាប។
ក្នុងសារាចរនេះ រាជរដ្ឋាភិបាលក៏បានណែនាំពីការគាំទ្រការអនុវត្តមុខងារស្នូល និងមុខងាររងនៃមុខងារស្នូល, ការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តមុខងារស្នូល និងមុខងាររងនៃមុខងារស្នូល, មុខងារ និងការរៀបចំរចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័ន, មុខងារ និងការប្រើប្រាស់ធនធានមនុស្ស, មុខងារ និងការប្រើប្រាស់ថវិការ និងការផ្តល់ការគាំទ្រ៕