(ភ្នំពេញ)៖ ក្រុមយុវជនស្ម័គ្រចិត្តនិស្ស័យ មានបំណងក្នុងការរៀបចំកម្មវិធីប្រចាំឆ្នាំមួយដែលមានឈ្មោះថា សង្ក្រាន្តវិទ្យាល័យ ក្រោមប្រធានបទ «សាទរ វឌ្ឍនភាពទំពាំងកម្ពុជាថ្មី» ដោយគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៤ដល់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៥ នៅបរិវេណ វិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ហ៊ុន សែន ជម្ពូវ័ន ដែលស្ថិតនៅក្នុងមូលដ្ឋាន ខណ្ឌពោធិ៍សែនជ័យ។
ក្រុមយុវជនស្ម័គ្រចិត្តនិស្ស័យ ត្រូវបានបង្កើតឡើងក្នុងគោលបំណងចូលរួមជាមួយ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីលើកស្ទួយ និងផ្សព្វផ្សាយសិល្បៈ វប្បធម៌ និងប្រពៃណីខ្មែរ ក៏ដូចជាចូលរួមបណ្តុះផ្នត់គំនិងដល់យុវសិស្សនៅកម្រិតមធ្យមសិក្សា ឲ្យចេះចូលរួមចំណែកនៅក្នុងកិច្ចការសង្គម ព្រមទាំងចូលរួមថែរក្សាសិល្បៈវប្បធម៌ និងប្រពៃណីខ្មែរ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានស្តីពី « កម្មវិធីសង្ក្រាន្តវិទ្យាល័យ ឆ្នាំ២០២៥ ជំនាន់ទី៧ និងសម្ពោធវិធីដេអូបទចម្រៀងផ្លូវការ» នាយប់ថ្ងៃទី២៨ ខែមីនា លោក សារិ ពុទ្ធិរិទ្ធ តំណាងក្រុមការងារសង្ក្រាន្តវិទ្យាល័យ បានលើកឡើងថា កម្មវិធីសង្ក្រាន្តវិទ្យាល័យ នេះ នឹងរៀបចំឡើងដោយផ្តោតលើ សសរស្តម្ភចំនួនបួន រួមមាន វប្បធម៌ ប្រពៃណី យុវជន និងការអភិវឌ្ឍ និងក្នុងគោលបំណងសំខាន់ៗដូចជា ចូលរួមផ្សព្វផ្សាយ និងលើកតម្កើង វប្បធម៌សិល្បៈបុរាណ និងប្រពៃណី ដោយរួមបញ្ជូលទាំង ឧបករណ៏ភ្លេង របាំប្រជាប្រិយ និងរបាំប្រពៃណីរបស់ខ្មែរតាំងបុរាណកាលមក។
លោកបានបន្ថែមទៀតថា កម្មវិធីសង្រ្កាន្តវិទ្យាល័យ ក៏បានដាក់បញ្ជូលនូវរបៀបវារៈដែលទាក់ទងនឹងការអភិវឌ្ឍរបស់យុវជន ក្នុងគោលបំណងដើម្បីជំរុញទេពកោសល្យយុវជន ឱ្យមានភាពច្នៃប្រឌិត និងនវានុវត្តន៍ ជាពិសេសបានផ្តល់ឱកាសដល់សិស្សានុសិស្សបានចូលរួមក្នុងការងារសង្គម ស្វែងយល់ពីការងារជាក្រុម បំណិនជីវិត តាមរយៈការផ្សាភ្ជាប់ និងលើកទឹកចិត្តយុវជនមកពីវិទ្យាល័យនានា ចូលរួមដោយមិនប្រកាន់ទស្សនៈ វិទ្យាល័យនិយម ព្រមទាំងដើម្បីត្រៀមអបអរសាទរ និងផ្សព្វផ្សាយពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៨ ក្នុងន័យ ផ្សាភ្ជាប់នូវស្មារតីសាមគ្គីភាព សុខដុមរមនា ក៏ដូចជាការបញ្ជ្រាបការយល់ដឹងអំពីវប្បធម៌ ប្រពៃណីខ្មែរ ដ៏ល្អផូរផង់ដែលបានបន្សល់ពីកេរ្តិ៍ដំណែលដូនតាតាំងពីបុរាណកាលរៀងមក។
សូមបញ្ជាក់ថា កម្មវិធី «សង្ក្រាន្តវិទ្យាល័យ» បានប្រារព្ធឡើង៧ដងរួចមកហើយ ពោលគឺ លើកទី១ ក្នុងឆ្នាំ២០១៦ នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ហ៊ុន សែន ជម្ពូវ័ន, លើកទី២ ក្នុងឆ្នាំ២០១៧ នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ហ៊ុន សែន ជម្ពូវ័ន និងលើកទី៣ ក្នុងឆ្នាំ២០១៨ នៅវិទ្យាល័យ ជាស៊ីមសាមគ្គី លើកទី៤ ក្មុងឆ្នាំ២០១៩ នៅវិទ្យាល័យ ឥន្ទ្រទេវី លើកទី៥ ក្នុងឆ្នាំ២០២៣នៅ វិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ហ៊ុន សែន ជម្ពូវ័ន លើកទី៦ ក្នុងឆ្នាំ២០២៤ នៅវិទ្យាល័យបឹងត្របែក៕