(ភ្នំពេញ)៖ នារសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ ចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ដែលជាបងប្រុសបង្កើតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ និងជាបងថ្លៃរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានទទួលមរណភាពនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ០២:២៧ នាទីយប់ ដោយរោគាពាធ ក្នុងជន្មាយុ ៧៨ឆ្នាំ។
សូមជម្រាបជូនថា មរណភាពរបស់ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន ជាការបាត់បង់ ស្វាមី ឪពុក និងជីតា ដែលប្រកបទៅដោយព្រហ្មវិហារធម៌ដ៏ល្អប្រពៃមួយរូប និងជាកុលបុត្រស្នេហាជាតិ មាតុភូមិដ៏ឧត្តុង្គឧត្តមនៃព្រះរាជាណាចក្រកម្ពុជា និងប្រជារាស្ត្រកម្ពុជា ដែលបានចូលរួមយ៉ាងសកម្ម ក្នុងបុព្វហេតុបម្រើជាតិ សាសនា និងព្រះមហាក្សត្រ។
រដ្ឋមន្ត្រី ហួត ហាក់ និងគណៈប្រតិភូក្រសួងទេសចរណ៍ទាំងអស់ បានសម្តែងនូវការសោកស្តាយយ៉ាងក្រៃលែង និងចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំ ជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ ញាតិមិត្តទាំងអស់នៃសព និងសូមសម្តែងនូវការគោរពចំពោះវិញ្ញាណក្ខន្ធឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រី វិសិដ្ឋ ហ៊ុន សាន និងសូមវិញ្ញាណក្ខន្ធ ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ អញ្ជើញទៅ កាន់សុគតិភពកុំបីខាន៕