(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា បានបញ្ជាក់ឱ្យដឹងថា បើយោងតាមរបាយការណ៍នាយកដ្ឋានបង្ការ និងគ្រប់គ្រងគ្រោះមហន្តរាយនៃក្រសួមហាផ្ទៃថៃ គិតត្រឹមម៉ោង ១២:៣០នាទីរសៀល ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ អ្នកស្លាប់មានចំនួន ៩នាក់ អ្នករបួស មានចំនួន ៩នាក់ និងអ្នកបាត់ខ្លួនមានចំនួន១០១នាក់។

នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥នេះ បានបញ្ជាក់ឱ្យដឹងទៀតថា ក្រសួងការងារ និងស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំព្រះរាជាណាចក្រថៃឡង់ដ៍ មិនទាន់ទទួលបានការបញ្ជាក់អត្តសញ្ញាណ និងសញ្ជាតិរបស់ជនរងគ្រោះនានាពីអាជ្ញាធរមានសមត្ថកិច្ចថៃនៅឡើយទេ។

ចាប់តាំងពីឧបទ្ទវហេតុរញ្ជួយដីបានកើតឡើង ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តាមរយៈស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំព្រះរាជាណាចក្រថៃឡង់ដ៍ អនុព័ន្ធការងារអមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំព្រះរាជាណាចក្រថៃឡង់ដ៍ និងក្រុមការងារទទួលបន្ទុកប្រទេសថៃ បានចុះទៅផ្ទាល់ដល់កន្លែងកើតហេតុ និងបានប្រាស្រ័យទាក់ទងជាមួយសមភាគី រៀងៗខ្លួនផងដែរ ដើម្បីភ្ជាប់នូវព័ត៌មាន និងស្ថានភាពនៅទីនោះ ក៏ដូចជាធ្វើការទំនាក់ទំនងជាមួយបងប្អូនពលករ ខ្មែរដែលកំពុងធ្វើការនៅទីក្រុងបាងកក ដើម្បីសាកសួរព័ត៌មានជាក់ស្តែងរបស់ពលករដែលរងផលប៉ះពាល់ ក្នុងគោលបំណងផ្តល់កិច្ចអន្តរាគមន៍ឱ្យបានទាន់ពេលវេលាតាមសំណូមពរជាក់ស្តែងរបស់បងប្អូនពលករ៕

ខាងក្រោយនេះជាសេចក្តីជូនដំណឹងរបស់ក្រសួងការងារ៖