(ស្វាយរៀង)៖ លោកបណ្ឌិត សម តារា សមាជិកគណៈកម្មាធិការកណ្តាល សមាជិកសភាមណ្ឌលស្វាយរៀង និងជាអនុប្រធានគណៈកម្មការទី១ នៃរដ្ឋសភា នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញជួបសំណេះសំណាលជាមួយមាជិកក្រុមប្រឹក្សាស្រុកកំពង់រោទិ៍ និងចុះសួរសុខពលរដ្ឋដែលមានជីវភាពខ្វះខាត។
ពិធីនេះមានការចូលរួមពីលោក ប៊ុន សាវ៉ាន់ សមាជិកក្រុមប្រឹក្សាខេត្ត ព្រមទាំងក្រុមការងារគណបក្សថ្នាក់ខេត្ត លោក សុច ពិសី អភិបាលស្រុក និងលោក លោកស្រីជាសមាជិកក្រុមប្រឹក្សាស្រុកកំពង់រោទិ៍ជាច្រើនរូបទៀតផងដែរ។
នៅឱកាសនោះ លោកបណ្ឌិត សម តារា បានផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តស្វាយរៀង ដែលសម្ដេចតែងតែនឹករលឹកដល់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ និងបងប្អូនទាំងអស់នៅទូទាំងខេត្តស្វាយរៀង។
លោកបណ្ឌិត សម តារា បានកោតសរសើរ និងអរគុណអាជ្ញាធរដែនដី នៅក្នុងមូលដ្ឋានស្រុកកំពង់រោទិ៍ទាំងអស់ ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ដោះស្រាយបញ្ហាប្រឈម និងបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានដោយមិនប្រកាន់និន្នាការនយោបាយ សាសនា ឬបក្ខពួកក៏ដូចជាការរក្សាស្ថិរភាព នយោបាយ ធានាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈបានយ៉ាងល្អប្រសើរ។
មន្ថែមលើសពីនេះ លោកបណ្ឌិត សម តារា បានស្នើដល់មន្ត្រីរាជការ ក៏ដូចជាមន្ត្រីនយោបាយ អ្នកបម្រើនយោបាយទាំងអស់នៅស្រុកកំពង់រោទិ៍ ត្រូវតែចូលរួមតាមដានព័ត៌មានសភាពការណ៍ និងព្រឹត្តិការណ៍ពិភពលោកដែលបានកើតមានឡើងដូចជាបញ្ហាសង្គ្រាម នៅតាមបណ្តាប្រទេសមួយចំនួន ភូមិសាស្ត្រនយោបាយ បញ្ហាសេដ្ឋកិច្ចបម្រែបម្រួលអាកាសធាតុ និងគ្រោះធម្មជាតិ ដោយកាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ម្សិលមិញ មានគ្រោះរញ្ជួយដីកម្រិត ៧,៧រុិចទ័រ នៅប្រទេសភូមា និងថៃ ដែលបានបង្កឱ្យមានមនុស្សស្លាប់ជាច្រើននាក់ និងខូចខាតហេដ្ឋារចនាសម្ព័ន្ធមួយចំនួនធំ បញ្ហាទាំងអស់នេះដែលអាចជះឥទ្ធិពលមកដល់ប្រទេសកម្ពុជា ក៏ដូចជានៅក្នុងតំបន់អាស៊ីផងដែរ ដូច្នេះត្រូវត្រៀមលក្ខណៈឱ្យបានគ្រប់គ្រាន់ ក្នុងការទប់ទាល់ និងសម្របខ្លួនតាមស្ថានការណ៍ពិភពលោក ដែលកើតមានក្នុងពេលបច្ចុប្បន្ន និងទៅអនាគត។
លោកបានបន្ថែមថា ប្រទេសជាតិដែលអាចខ្លាំងបានទាល់តែមានធនធានមនុស្សខ្លាំង ក្នុងការចូលរួមការងារអភិវឌ្ឍន៍សង្គមជាតិ ដូច្នេះ មន្ត្រីរាជការទាំងអស់គ្នា ត្រូវពង្រឹងសមត្ថភាពខ្លួនឯងដោយសិក្សាស្រាវជ្រាវរៀនសូត្របន្ថែម ដើម្បីបង្កើនចំណេះ ជំនាញឱ្យរឹតតែល្អថែមទៀត។
ក្នុងឱកាសនោះ លោកបណ្ឌិត សម តារា បានឧបត្ថម្ភក្នុងកម្មវិធី និងជូនដល់ពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន ២,៧០០,០០០រៀលផងដែរ៕