(ភ្នំពេញ)៖ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥នេះ បានផ្ញើសារលិខិតជូនលោក វ៉ាន់មូហាម៉ាត់ណ ម៉ាថា (Wanmuhamadnoor Matha) ប្រធានរដ្ឋសភាថៃ ដោយចូលរួមរំលែកទុក្ខ និងសម្ដែងការសោកស្ដាយចំពោះសោកនាដកម្ម នៃគ្រោះរញ្ជួយដីនៅទីក្រុងបាងកក។

តាមរយៈសារលិខិតដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន សម្ដេចប្រធានរដ្ឋសភា បានលើកឡើងដូច្នេះថា «ខ្ញុំមានសេចក្តីរន្ធត់យ៉ាងក្រៃលែង ដោយទទួលបានដំណឹងអំពីសោកនាដកម្មនៃការរញ្ជួយដី ដែលបាន កើតឡើងនៅក្នុងរាជធានីបាងកក បណ្តាលមកពីឥទ្ធិពលនៃគ្រោះរញ្ជួយដីដ៏ធ្ងន់ធ្ងរនៅប្រទេសមីយ៉ាន់ម៉ា កាលពី ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ដោយបានឆក់យកជីវិតមនុស្ស បំផ្លាញលំនៅប្រជាពលរដ្ឋ និងបង្កការខូចខាត ទ្រព្យសម្បត្តិយ៉ាងធ្ងន់ធ្ងរ ព្រមទាំងមានការជម្លៀសប្រជាពលរដ្ឋជាបន្ទាន់ផងដែរ»។

សម្ដេចបានបន្តថា ក្នុងគ្រាដ៏លំបាកនេះ តាងនាមរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមរូបខ្ញុំផ្ទាល់ ខ្ញុំសូមចូលរួម រំលែកទុក្ខយ៉ាងក្រៀមក្រំ និងសោកស្តាយជាពន់ពេក ជាមួយ ឯកឧត្តមប្រធាន និងតាមរយៈឯកឧត្តម សូមជូន ចំពោះប្រជាជន រាជរដ្ឋាភិបាល និងក្រុមគ្រួសារនៃជនរងគ្រោះដែលបានបាត់បង់ជីវិត និងរងរបួសដោយគ្រោះ ធម្មជាតិដ៏កាចសាហាវនេះ»។

សម្តេចសូមសម្តែងនូវសមានចិត្តដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារ ដែលបានស្លាប់បាត់បង់ជីវិត និងសូមជូនពរ ដល់ជនរងគ្រោះទាំងអស់ឱ្យបានឆាប់ជាសះស្បើយ។ ទន្ទឹមគ្នានេះ សម្តេចក៏សូមជូនពរឱ្យដំណើរការស្តារ និងកសាង ប្រទេសនៃព្រះរាជាណាចក្រថៃ បានទៅកាន់ប្រក្រតីភាពឡើងវិញឆាប់ៗ ពីគ្រោះមហន្តរាយធម្មជាតិនេះ៕