(ភ្នំពេញ)៖ ករណីរញ្ជួយដីកើតឡើងនៅក្នុងប្រទេសមីយ៉ាន់ម៉ា ត្រូវបានបណ្តាញសង្គមរបស់ក្រុមជ្រុលនិយម បានសរសេរដោយគ្មានការសិក្សាអំពីកត្តាភូគព្ភវិទ្យា និងកត្តាវិទ្យាសាស្ត្ររបស់ពិភពលោកឡើយ។ បណ្តាញសង្គមរបស់ក្រុមជ្រុលនិយម បានសរសេរចោទថាគ្រោះរញ្ជួយដីនេះ គឺបណ្តាលមកពីប្រទេសចិនជាអ្នកបង្ក និងដទៃទៀតនិយាយចោទលើវិបត្តិបរិស្ថានរបស់កម្ពុជាទៅវិញ។ ការសរសេរចោទប្រកាន់ដោយគ្មានសិក្សាអ្វីទាំងអស់នោះ គឺជាព័ត៌មានបំពុលដល់សាធារណមតិ។ Fresh Exclusive មានសេចក្តីរាយការណ៍ស្រាវជ្រាវមួយ ដើម្បីបង្ហាញថា ការរញ្ជួយដី កើតឡើងនៅក្នុងប្រទេសមីយ៉ាន់ម៉ានោះ បណ្តាលមកពីអ្វី?
គ្រោះរញ្ជួយដីកម្រិត ៧.៧រ៉ិចទ័រ ដែលបានវាយប្រហារភាគកណ្តាលប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ គឺបណ្តាលមកពីការប៉ះទង្គិចគ្នា នៃស្រទាប់ដីរំកិល tectonic Plate ចំនួនពីរ គឺស្រទាប់ដីរំកិល Indian Plate និងស្រទាប់ដីរំកិល Eurasian Plate នៅពេលដែរមានចលនារបស់ដុំនៃស្រទាប់ដីប្រេះ Sagaing Fault ស្ថិតនៅក្នុងប្រទេសមីយ៉ាន់ម៉ា។
* ហេតុអ្វីបានជាស្រទាប់ដីរំកិលទាំង២នេះ បានប៉ះទង្គិចគ្នា?
យោងតាមការស្រាវជ្រាវវិទ្យាសាស្ត្រ ស្រទាប់ដុំដីប្រេះ Sagaing Fault គឺជាទីព្រំដែនកំណត់រវាងស្រទាប់ដីរំកិល Indian Plate នៃភាគខាងលិច និងស្រទាប់ដីរំកិល Eurasian Plate នៃភាគខាងកើត។ ស្រទាប់ដីរំកិល Plate ទាំងសងខាងនេះ ត្រូវបានគេស្គាល់ថាវាជាទីកន្លែង ដែលបង្កសកម្មភាពរញ្ជួយដី នៅគ្រាស្រទាប់ដីរំកិល Indian Plate ត្រូវគេរាយកាណ៍ថាបាន រំកិលក្នុងមួយឆ្នាំទៅកាន់ភាគខាងជើង យ៉ាងហោច៦សង់ទីម៉ែត្រក្នុងមួយឆ្នាំ។ ការរំកិលនោះ បានធ្វើឱ្យបុកប៉ះ និងរអិលប៉ះស្រទាប់ដីរំកិល Eurasian Plate ដែលកត្តានេះ បណ្តាលឱ្យស្រទាប់ដីរំកិលសងខាងទាំង២ដែលស្ថិតនាភាគខាងកើតនិងខាងលិចនោះ បានប៉ះគ្នាហើយបង្កើតជាការរញ្ជួយធរណី។ នេះគឺជាធម្មជាតិក្នុងតំបន់នៃប្រទេសទាំងឡាយណា ដែលស្ថិតនៅក្បែររង្វង់ខ្សែ Ring of Fire តែងមានស្រទាប់ក្រោមដីធ្វើចលនា។ ប្រទេសដែល ស្ថិតលើជួរខ្សែ Ring of Fire រួមមានឥណ្ឌូណេស៊ី, នូវែលហ្សេឡង់, Papa New Guinea, Philippines, Japan, United States, Chile, Canada, Guatemala, Russia, Peru, កោះ Solomon ប្រទេស Mexico ប្រទេសឥណ្ឌា តួកគី និង អ៊ីរ៉ង់ ជា ដើម ដែលស្ទើរជារៀងរាល់ឆ្នាំ គេតែងតែមានសេចក្តីរាយការណ៍ពីករណីរញ្ជួយដីពីបណ្តាប្រទេសទាំងនោះមិនដែរខកខានឡើយ។
ទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រសហរដ្ឋអាមេរិក (USGS) បានរាយការណ៍ថា កម្រិតរង្វាស់រំញ័រ មានខ្ពស់ដល់ ៧.៧ រ៉ិចទ័រ។ នេះជារំញ័រដ៏ខ្ពស់មួយដែលមិនអាចចៀសផុតពីភាពអន្តរាយ នៃជីវិតនិងទ្រព្យសម្បត្តិបានឡើយចំពោះតំបន់ដែលស្ថិតនៅក្បែរនោះ។
យោងតាមកំណត់ត្រានៃរង្វាស់ រំញ័រចាប់ពី៣ ដល់ក្រោម ៦ រ៉ិចទ័រ គឺជារំញ័ររវាងពីកម្រិតស្រាលដល់មធ្យម, ចំណែករំញ័រពី ៦ ដល់ ៦.៩ គឺជារំញ័រខ្លាំង និងរវាងពី ៧ ដល់ ៧.៩ គឺជារំញ័រខ្លាំងបង្កគ្រោះថ្នាក់និងមហន្តរាយ ខណៈរំញ័រដែលលើសពីនេះ គឺនឹងបង្កវិនាសកម្ម។ រំញ័រធរណីនៅក្នុងប្រទេសមីយ៉ាន់ម៉ា កាលពីរសៀលថ្ងៃទី២៨ ខែមីនា មានខ្ពស់ដល់ ៧.៧ រ៉ិចទ័រ និងចំណុចកណ្តាលនៃការរញ្ជួយដី បានស្ថិតនៅចម្ងាយប្រហែល ១៦គីឡូម៉ែត្រភាគពាយព្យនៃទីក្រុង Sagaing ក្បែរទីក្រុង Mandalay របស់ប្រទេសមីយ៉ាន់ម៉ា។
* តួលេខរងគ្រោះបណ្តោះអាសន្ននៅមីយ៉ាន់ម៉ា
ការរញ្ជួយដី នេះបានកើតឡើងនៅជម្រៅរាក់ ១០គីឡូម៉ែត្រ ដែលជាធម្មតាគេមិនអាចចៀស ផុតពីការរងទង្គិចដ៏ខ្លាំងរបស់វាឡើយ។ យោងតាមតួលេខបណ្តោះអាសន្នគិតត្រឹមថ្ងៃទី២៩ មីនា ឆ្នាំ២០២៥ ចំនួនអ្នកបាត់បង់ជីវិតនៅមីយ៉ាន់ម៉ា កើនដល់ ១,០០២នាក់ ខណៈអ្នករងរបួសមាន ២,៣៧៦នាក់ និងតួលេខនេះ ត្រូវគេនិយាយថានឹងកើនច្រើនជាងនេះថែមទៀត។
នៅក្នុងប្រទេសមីយ៉ាន់ម៉ា ការរញ្ជួយដីនេះ បានបណ្តាលឱ្យមានការបំផ្លិចបំផ្លាញយ៉ាងខ្លាំងក្លា នៅក្នុងទីក្រុងដូចជា Mandalay, Toungoo និង Aungban នាំឱ្យមានការដួលរលំនៃអគារ ស្ពាន និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត។ ទីតាំងប្រវត្តិសាស្ត្រ រួមទាំងប្រាសាទពុទ្ធសាសនា ក៏ត្រូវបានខូចខាតផងដែរ។
រដ្ឋាភិបាលមីយ៉ាន់ម៉ា បានប្រកាសភាពអាសន្ននៅក្នុងតំបន់ចំនួនប្រាំមួយ ហើយបានអំពាវនាវឱ្យមានជំនួយអន្តរជាតិដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ និងសង្គ្រោះ។ ប្រធានាធិបតីចិន លោក ស៊ីជីនពីង និងប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានចូលរួមរំលែកទុក្ខជាមួយមីយ៉ាន់ម៉ា ដែលបានរងគ្រោះរញ្ជួយដីយ៉ាងធ្ងន់ធ្ងរ ហើយបានបញ្ជូនក្រុមសង្រ្គោះចិននិងរុស្ស៉ី ទៅប្រទេសមីយ៉ាន់ម៉ា ដើម្បីជួយកិច្ចប្រឹងប្រែងសង្រ្គោះដោយផ្ទាល់ថែមទៀត។
* តួលេខរងគ្រោះបណ្តោះអាសន្ននៅប្រទេសថៃ
នៅប្រទេសថៃ ដែលជាប់នឹងប្រទេសមីយ៉ាន់ម៉ា គ្រោះរញ្ជួយដី បានបណ្តាលឲ្យបាក់រលំអគារខ្ពស់ ដែលកំពុងសាងសង់ក្នុងទីក្រុងបាងកក បណ្តាលឲ្យមនុស្សយ៉ាងតិចចំនួន ១០នាក់ស្លាប់ និងរបួសជាច្រើននាក់។ ដោយឡែកមានអ្នកបាត់ខ្លួនជាង ១០០នាក់ ដែលគេជឿថាបានស្ថិតក្រោមគំនរអគារបែកបាក់។ កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះកំពុងបន្តនៅក្នុងប្រទេសទាំងពីរ ដោយអាជ្ញាធរនិងអង្គការជំនួយអន្តរជាតិកំពុងធ្វើការស្វែងរកអ្នកនៅរស់រានមានជីវិត និងផ្តល់ជំនួយដល់អ្នកដែលរងផលប៉ះពាល់។
ប្រទេសជិតខាងក្នុងតំបន់ដូចជាប្រទេសវៀតណាម និងឡាវ និងកម្ពុជា ក៏មានសេចក្តីរាយការណ៍អំពីភាពភ័យរន្ធត់របស់ប្រជាជនមួយចំនួន ដែលពួកគេបាននាំគ្នារត់ចាកចេញពីអាគារខ្ពស់ៗ ដែលពួកគេបានបំពេញការងារ។ មិនមានសេចក្តីរាយការណ៍អំពីទំហំខូចខាតដោយសារតែករណីរញ្ជួយផែនដីនេះ កើតឡើងនៅក្នុងប្រទេសវៀតណាម ឡាវ និងកម្ពុជាឡើយ។
* ប្រទេសកម្ពុជាចូលរួមសោកស្តាយហេតុការណ៍រញ្ជួយដី
ពីប្រទេសកម្ពុជា សម្តេចមហាវរធិបតី ហ៊ុន ម៉ាណែត បានផ្ញើសារចូលរួម «សោកស្តាយជាមួយរាជរដ្ឋាភិបាលថៃ និងរដ្ឋាភិបាលសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា និងចំពោះប្រជាពលរដ្ឋដែលបានទទួលរងគ្រោះដោយឧបទ្ទវហេតុគ្រោះធម្មជាតិរញ្ជួយដីនៅប្រទេសមីយ៉ាន់ម៉ា និងប្រទេសថៃ» និងសម្តេចបវរធិបតី បានថ្លែងថារាជរដ្ឋាភិបាល បាននិងកំពុងយកចិត្តទុក តាមដានស្ថានការណ៍នេះ និងបានបញ្ជួនមន្ត្រីកម្ពុជាដែលពាក់ព័ន្ធចុះទៅ «ផ្ទាល់ដល់កន្លែងកើតហេតុ ដើម្បីក្តាប់នូវព័ត៌មាន និងស្ថានភាពនៅទីនោះ ក៏ដូចជាធ្វើការទំនាក់ទំនងជាមួយប្រជាពលកររបស់យើង ដែលកំពុងធ្វើការនៅទីក្រុងបាងកក ដើម្បីបន្តតាមដានការវិវត្តស្ថានភាព និងផ្តល់ការជួយអន្តរាគមន៍ សំដៅជួយដល់បងប្អូនយើងបានទាន់ពេលវេលា និងតម្រូវការជួយសង្គ្រោះផ្សេងៗផងដែរ»។
សម្តេចបវរធិបតី បានថ្លែងតាមបណ្តាញសង្គមទៀតថា៖ «សុខទុក្ខរបស់ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅ និងធ្វើការងារនៅប្រទេសមីយ៉ាន់ម៉ា និងប្រទេសថៃ ជាពិសេសនៅទីតំបន់រងគ្រោះដោយការរញ្ជួយដី គឺជាអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជាយើង»។
សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាឱ្យ៖ «ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសទាំងពីរ និងទីប្រឹក្សាពលករ បាននិងកំពុងបន្តតាមដានដោយយកចិត្តទុកដាក់ខ្ពស់បំផុតទៅលើកិច្ចការងារនេះ និងសហការជាមួយសមត្ថកិច្ចនៅហ្នឹងកន្លែង ដើម្បីផ្ដល់នូវកិច្ចការអន្តរាគមន៍ជួយដល់បងប្អូនប្រជាពលរដ្ឋខ្មែរ នៅទីនោះឱ្យអស់លទ្ធភាពនិងបានទាន់ពេលវេលា»។
សម្តេចបវរធិបតី នៅបានអំពាវនាវផងដែរ ចំពោះបងប្អូនប្រជាពលរដ្ឋខ្មែរដែលរស់នៅប្រទេសថៃនិងប្រទេសមីយ៉ាន់ម៉ា ដែលមានតម្រូវការ ឬត្រូវការផ្តល់ព័ត៌មានផ្សេងៗ សូមទាក់ទងស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅប្រទេសនីមួយៗ៕