(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភា​កម្ពុជា បានសម្តែងនូវការសោកស្តាយ និងក្រៀមក្រំយ៉ាងជ្រាលជ្រៅជាមួយ​រាជរដ្ឋាភិបាល និងប្រជាជនថៃ ចំពោះការជួបនូវហេតុការណ៍មហន្តរាយ​នៃគ្រោះ​រញ្ជួយដី។

ក្នុងសារលិខិតជូនលោកស្រី ផែថនថាន ស៊ីណាវ៉ាត់ នាយករដ្ឋមន្ត្រីថៃ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន បានគូសរំលេចបែបនេះ «ខ្ញុំ មានសេចក្ដីក្រៀមក្រំក្រៃលែង ដោយបាន​ទទួល​ដំណឹងសោកនាដកម្មនៃការបំផ្លិចបំផ្លាញយ៉ាងច្រើន រួមទាំងការបាត់បង់​អាយុ​ជីវិតមនុស្ស ការរងរបួស ការខូចខាត ឬការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ បង្ក ដោយគ្រោះរញ្ជួយដីធ្ងន់ធ្ងរ នៅរាជធានីបាងកក កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ កន្លងទៅនេះ»។

តាងនាមឱ្យប្រជាជនកម្ពុជាទាំងមូល សម្តេចតេជោ ហ៊ុន សែន បានបានចូលរួម​រំលែកនូវសមានទុក្ខដ៏ក្រៀមកំ ជាមួយលោកស្រីនាយករដ្ឋមន្ត្រី និងក្រុមគ្រួសារជនរងគ្រោះ រាជរដ្ឋាភិបាល និងប្រជាជនថៃទាំងអស់ ចំពោះការបាត់បង់ទាំងនេះ។

ក្នុងសារលិខិតនេះ សម្តេចតេជោ ក៏បានបួងសួងសូមវិញ្ញាណក្ខន្ធអ្នក​ស្លាប់​បានទៅកាន់សុគតិភព និងប្រជាជនរងរបួសឆាប់បានជាសះស្បើយ។

តាមរយៈការដឹកនាំរបស់លោកស្រីនាយករដ្ឋមន្ត្រីថៃ និងភាពធន់របស់ប្រជាជនថៃ, សម្តេចតេជោ ហ៊ុន សែន បង្ហាញជំនឿយ៉ាងមុតមាំថា ព្រះរាជាណាចក្រថៃ នឹងត្រូវបានស្ដារឡើង វិញទាំងស្រុង ពីគ្រោះមហន្តរាយធម្មជាតិដ៏អាក្រក់នេះ ក្នុងពេលដ៏ខ្លីខាងមុខនេះ ជាក់ជាមិនខាន។

សូមបញ្ជាក់ថា ការរញ្ជួយដីកម្រិត៧.៧រិចទ័រ ពីប្រទេសមីយ៉ាន់ម៉ា បានបង្កឱ្យក្រុងបាងកក ប្រទេសថៃ រងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរផងដែរ។ អគារកំពុងសាងសង់មួយកន្លែង បានបាក់រលំសង្កត់លើកម្មករក្នុងការដ្ឋានជាច្រើននាក់។ មកដល់ពេលនេះក្រុមជួយសង្គ្រោះកំពុងប្រតិបត្តិការរុករងជនរងគ្រោះក្រោមគំនរអគារយ៉ាងយកចិត្តទុកដាក់ខ្ពស់បំផុត៕