(ភ្នំពេញ)៖ នៅរសៀលថ្ងៃសៅរ៍ ទី២៩ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភាកម្ពុជា បានបញ្ជាក់ថា ស្ថានភាពជំងឺរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មានសភាពល្អប្រសើរច្រើនគ្រោងធ្វើដំណើរមកកម្ពុជាវិញ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ទោះបីត្រឡប់មកផ្ទះវិញ តែសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅតែបន្តរុំកទាំងមូលរយៈពេល៦សប្តាហ៍។ ដូច្នេះមិនអាចចូលរួមបុណ្យសពបងប្រុសទី១បានឡើយ តែអាចចូលមកដុតធូបជូនបងប្រុសនៅពេលត្រឡប់ពីសិង្ហបុរី ក្នុងករណីសុខភាពគ្មានបញ្ហា។
ក្រៅពីរៀបរាប់ពីស្ថានភាពជំងឺរបស់សម្តេចសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជាឧត្តមភរិយាហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏បន្តរៀបរាប់ពីការចាត់ចែងពិធីបុណ្យ និងបែងចែកទ្រព្យសម្បត្តិរបស់បងប្រុស គឺអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន។
សម្តេចតេជោ បានរៀបរាប់ថា បងប្រុសសម្តេចចែកឋានទៅ គាត់រួចផុតទុក្ខហើយ នៅឡើយសម្តេចត្រូវរ៉ាប់រងគ្រប់យ៉ាង។
កិច្ចការត្រូវរ៉ាប់រងទី១នោះ គឺការរៀបចំយកធាតុរបស់បងថ្លៃដែលចែកឋាន តាំងពីឆ្នាំ២០១៣ គឺ១២ឆ្នាំមុននោះ ពីវត្តក្តីល្វា ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មកដាក់វត្តច័ន្ទបុរីវង្ស ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដើម្បីដាក់ជុំគ្នាជាមួយធាតុរបស់ស្វាមី។ បើតាមសម្តេចតេជោ, អដ្ឋិធាតុរបស់បងថ្លៃសម្តេច នឹងយកពីកំពង់ស្ពឺមក រក្សាទុកនៅវត្តច័ន្ទបុរីវង្សនៅថ្ងៃទី១ ខែមេសា ដើម្បីបញ្ចុះជាមួយបងប្រុសសម្តេចនៅក្នុងចេតិយតែមួយនៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ ខាងមុខ។
កិច្ចការត្រូវរ៉ាប់រងបន្ទាប់ពីបញ្ចុះសពរួចនោះ គឺការធ្វើបុណ្យ៧ថ្ងៃ បន្ថែមដោយបុណ្យ១០០ថ្ងៃ ដើម្បីកុំឱ្យឆ្លងឆ្នាំ ដែលនឹងចាប់ផ្តើមនៅល្ងាចថ្ងៃទី២ ខែមេសា និងបញ្ចប់នៅព្រឹកថ្ងៃទី៣ ខែមេសា។
កិច្ចការត្រូវរ៉ាប់រងមួយទៀត គឺល្ងាចថ្ងៃទី៣ ខែមេសា សម្តេចនឹងធ្វើជាអ្នកបែងចែកទ្រព្យសម្បត្តិរបស់បងប្រុស ដើម្បីបញ្ចៀសជម្លោះណាមួយរវាង បងប្អូនទាំង៥នាក់ ដែលជាកូនរបស់គាត់។
សម្តេចតេជោ បានបញ្ជាក់ថា បងប្រុសរបស់សម្តេចគ្មានទ្រព្យសម្បត្តិ ដើម្បីចែកឱ្យកូនគ្រប់ៗគ្នានោះទេ គឺមានដី និងផ្ទះដែលកំពុងស្នាក់នៅ និងធ្វើបុណ្យសព ដែលមានផ្ទៃក្រឡា ១.២០០ម៉ែត្រការ៉េ និងផ្ទះឈើ១ខ្នង លើដីជាង ៤.០០០ម៉ែត្រការ៉េ នៅអរិយក្សត្រ។
សម្តេចតេជោ បានបន្ថែមថា ស្ថានភាពបែបនេះប្រហែលជាតម្រូវឱ្យសម្តេច ដែលជាមេចំណែក ត្រូវចំណាយបន្ថែមដើម្បីឱ្យក្មួយៗទទួលបានគ្រប់ៗគ្នា។
តាមរយៈសំណេរដែលបានរៀបរាប់នេះ បានស្តែងឱ្យឃើញថា សម្តេចតេជោ ហ៊ុន សែន មិនត្រឹមតែជាមេដឹកនាំជាតិដែលល្អិតល្អន់លើកិច្ចការជាតិនោះឡើយ សម្តេចក៏ជាមេគ្រួសារដែលល្អិតល្អន់ជាទីបំផុត ដើម្បីភាពសុខដុមនៃគ្រួសារ និងសាច់ញាតិ៕