(ភ្នំពេញ)៖ គ្រោះរញ្ជួយដី គឺជាគ្រោះធម្មជាតិមួយ នៅក្នុងចំណោមគ្រោះធម្មជាតិជាច្រើនទៀតដែលអាចកើតមានឡើងដោយមិនមានការព្យាករណ៍មួយច្បាស់លាស់បំផុតនោះទេ ដូច្នេះនៅពេលមានគ្រោះរញ្ជួយដីកើតឡើង មហន្តរាយជាច្រើនក៏បានកើតឡើង រួមមាន ការបាត់បង់អាយុជីវិត និងហេដ្ឋារចសម្ព័ន្ធជាច្រើនទៀត។ តើយើងគួរធ្វើបែបណា ដើម្បីកាត់បន្ថយគ្រោះបន្ថយ ឱ្យនៅកម្រិតទាបតាមតែអាចធ្វើទៅបាន ជាពិសេសគឺ ការពារអាយុជីវិតនោះ?
ខាងក្រោមនេះគឺជាវិធានការណ៍សំខាន់ៗ ដែលបណ្ដាញព័ត៌មាន Fresh News បានដកស្រង់ចេញពីសារព័ត៌មានថៃ ដែលមានអ្នកជំនាញ បានបង្ហាញដើម្បីអាចជួយកាត់បន្ថយហានិភ័យនៃគ្រោះរញ្ជួយដីមានដូចជា៖
A. តើត្រូវធ្វើអ្វីខ្លះនៅពេលដែលដឹងថាដីចាប់ផ្តើមញ័ររញ្ជួយហើយ
* រក្សាលំនឹងផ្លូវចិត្តសិន កុំជ្រួលច្របល់
* ដកដង្ហើមឲ្យបានវែងៗ គ្រប់គ្រងសតិអ្នកបានស្ងប់សិន
* កុំប្រញ៉ាប់រត់ចេញពីផ្ទះភ្លាមៗពេក ត្រូវសង្កេតឱ្យច្បាស់លាស់សិន ព្រោះបើមិនបានពិនិត្យមើលទេអាចមានអ្វីៗរលំ ឬធ្លាក់មកត្រូវ
B. ត្រូវដឹង និងស្គាល់ពីកន្លែងដែលមានសុវត្ថិភាពបំផុតនៅក្នុងផ្ទះរបស់អ្នក
* ជ្រកនៅក្រោមតុដែលរឹងមាំ, ដាច់ខាតមិនត្រូវទៅជ្រកនៅក្រោមទ្វារនោះទេ
* ឈរ ឬឱបឱ្យជាប់ជាមួយនឹងសសរកន្លោង ដែលនៅកណ្តាលផ្ទះ ឬក្រាបនៅក្បែរជញ្ជាំង
* នៅឱ្យឆ្ងាយពីកញ្ចក់ បង្អួច អំពូលភ្លើង និងរបររបរផ្សេងៗដែលងាយបែក និងបាក់ធ្លាក់មក
* រកខ្នើយ ភួយ ឬកាបូបអ្វីមកបាំងការពារក្បាលរបស់អ្នកមុនគេ
C. បើសិនជាអ្នកស្ថិតនៅលើអាគារខ្ពស់ ត្រូវចេញមកឱ្យបានលឿនបំផុត
* សូមប្រើប្រាស់តែជណ្តើរជើងតែប៉ុណ្ណោះ (ជណ្តើរយន្ត និងជណ្តើរប្រអប់គឺមានហានិភ័យខ្លាំងណាស់)
* ព្យាយាមនៅឱ្យឆ្ងាយពីទូទឹកកក ទូកញ្ចក់នានា ឬសម្ភារៈ សង្ហារឹមនានា ដែលអាចនឹងរលំមកបាន
* ពិនិត្យមើលខាងលើក្បាលផង ក្រែងមានអ្វីដែលអាចធ្លាក់មកភ្លាមៗ
* នៅពេលឃើញខ្សែភ្លើង សូមនៅឱ្យឆ្ងាយ
* ពិនិត្យមើលតាមជញ្ជាំងអាគារ បើឃើញមានស្នាមប្រេះហើយ រកកន្លែង ដែលរឹងមាំ ឬផ្លូវចេញទៅក្រៅឱ្យលឿនបំផុត ហើយព្យាយាមរកកន្លែង ដែលទូលាយៗ
D. ប្រការគួរធ្វើ និងមិនគួរធ្វើបើពេលអ្នកបើកបរ
* សូមកុំបើកបរនៅពេលដីចាប់ផ្តើមរញ្ជួយហើយ
* រកកន្លែងឈប់នៅតាមចិញ្ចើមផ្លូវ ហើយស្ថិតនៅក្នុងឡាន ចាំរហូតដល់ដីឈប់ញ័ររញ្ជួយ
* កុំឈប់នៅក្រោមស្ពាន ជិតអាគារខ្ពស់ៗ ជិតបង្គោលភ្លើង ឬក្រោមផ្ទាំងប៉ាណូធំៗ
E. AFTER SHOCK: នៅពេលដីឈប់រញ្ជួយហើយ មិនមែនមានន័យថាអស់មហន្តរាយនោះទេ។ ជានិច្ចកាល នៅពេលដែលផែនដីឈប់រញ្ជួយហើយ មិនមែនឈប់ភ្លាមនោះទេ គឺក្រោយពេលនោះចន្លោះពី ១ម៉ោង ទៅ ២៤ម៉ោង តែងមានការរញ្ជួយពីក្រោយបន្តទៀតជាច្រើនដង ដែលភាគច្រើនគឺកម្រិតតិចជាងមុន អញ្ចឹងហើយមិនមានសុវត្ថិភាពនោះទេក្នុងការចូលទៅកាន់អាគារដែលមានសភាពប្រះស្រាំហើយនោះ។ សូមនៅតែបន្តស្មារតីប្រុងប្រយ័ត្ន៕