(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យបានជ្រាបថា ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានទទួលមរណភាព នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ០២:២៧នាទី ក្នុងជន្មាយុ ៧៨ឆ្នាំ ដោយរោគាពាធ។

គ្រួសារសព បានរៀបចំពិធីតម្កល់សព និងធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណី នៅគេហដ្ឋានលេខ១៧ ផ្លូវលេខ៣៣៥ ភូមិ២ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

លុះដល់ព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ០៧:១១នាទី នឹងរៀបចំពិធីដង្ហែសព ឆ្ពោះទៅកាន់វត្តច័ន្ទបុរីវង្ស ដោយហែចេញពីគេហដ្ឋាន បត់ស្តាំតាមផ្លូវលេខ៥៩២ បត់ស្តាំតាមផ្លូវលេខ៥៩៨ រហូតដល់ ស្តុបកាំកូស៊ីធី បត់ឆ្វេងតាមមហាវិថីអង្គរភ្នំពេញ បត់ស្តាំ តាមមហាវិថីឈ្នះ ឈ្នះ បត់ឆ្វេងតាមផ្លូវជាតិលេខ៥ រហូតដល់ទីតាំងប្រារព្ធពិធីបុណ្យបញ្ចុះសព តាមប្រពៃណីនៅវត្តច័ន្ទបុរីវង្ស ស្ថិតនៅភូមិសំរោងជើង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ដើម្បីឱ្យការរៀបចំពិធីដង្ហែសពខាងលើ ប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ អាជ្ញាធរមានសមត្ថកិច្ច នឹងធ្វើការរៀបចំសម្រួលចរាចរណ៍នៅតាមតម្រាយផ្លូវដង្ហែសព ជាបណ្តោះអាសន្ន ដោយស្នើសុំបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលត្រូវធ្វើដំណើរឆ្លងកាត់ តាមតម្រាយផ្លូវខាងលើ មេត្តាយោគយល់អធ្យាស្រ័យ និងធ្វើការពង្វាងចរាចរណ៍ដោយក្តីអនុគ្រោះ។

ទទួលបានសេចក្តីជូនដំណឹងនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថ រាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទួលគោក រដ្ឋបាលខណ្ឌសែនសុខ រដ្ឋបាលខណ្ឌឫស្សីកែវ រដ្ឋបាលខណ្ឌព្រែកព្នៅ និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងសហការអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់៕