(ភ្នំពេញ)៖ លោក អ៊ុច បូររិទ្ធ ប្រធានស្តីទី ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥នេះ បានផ្ញើសារលិខិតជូនលោក មង្គល ស៊ុរ៉ៈសច្ចៈ ប្រធានព្រឹទ្ធសភាថៃ ដោយចូលរួមរំលែកទុក្ខ និងសម្ដែងការសោកស្ដាយចំពោះសោកនាដកម្ម នៃគ្រោះរញ្ជួយដីនៅទីក្រុងបាងកក។
តាមរយៈសារលិខិតដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន ប្រធានស្តីទីព្រឹទ្ធសភាកម្ពុជា បានរៀបរាប់យ៉ាងដូច្នេះថា៖ « ឯកឧត្តម ជាទីគោររាប់អាន! ជាមួយនឹងក្តីក្ដុកក្ដួលជាពន់ពេក ខ្ញុំសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត និងសាមគ្គីភាពដ៏ជ្រាលជ្រៅជាមួយឯកឧត្តម និងតាមរយៈឯកឧត្តម ជូនដល់ប្រជាជននៃព្រះរាជណាចក្រថៃ បន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំង នាពេលថ្មីៗនេះ ដែលបានកើតឡើងនៅផ្នែកនានានៃប្រទេសរបស់ឯកឧត្តមកាលពីថ្ងៃសុក្រ ទី២៨ ខែមីនា ឆ្នាំ២០២៥ បង្កឱ្យមានការបាត់បង់ដ៏ធ្ងន់ធ្ងរនូវអាយុជីវិត ការរងរបួស ការបាត់ខ្លួន ការបំផ្លិចបំផ្លាញដ៏ធ្ងន់ធ្ងរ និងបង្កឱ្យមានផលលំបាកយ៉ាងខ្លាំងដល់តំបន់ និងសហគមន៍ដែលទទួលរងគ្រោះ។
តាងនាមព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមសម្ដែងនូវសមានទុក្ខដ៏ក្រៀមក្រំ ចំពោះក្រុមគ្រួសារដែលបានបាត់បង់សមាជិកជាទីស្រឡាញ់ និងចំពោះប្រជាជនដែលរងផលប៉ះពាល់ពីព្រឹត្តិការណ៍សោកនាដកម្មនេះ។ នៅក្នុងកាលៈទេសៈដ៏លំបាកនេះ ខ្ញុំសូមសម្តែងនូវសាមគ្គីភាពជាមួយប្រជាជន និងរាជរដ្ឋាភិបាលថៃ។ យើងខ្ញុំទទួលស្គាល់នូវភាពរឹងមាំ និងភាពធន់របស់ប្រជាជាតិថៃ ព្រមទាំងមានទំនុកចិត្តទាំងស្រុងលើកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរថៃ ក្នុងការផ្តល់ជំនួយសង្គ្រោះ ការធានាសុវត្ថិភាពដល់សហគមន៍ដែលរងផលប៉ះពាល់ និងការចាប់ផ្តើមដំណើរការស្តារឡើងវិញ។
សូម ឯកឧត្តម ទទួលនូវសមានចិត្តដ៏ជ្រាលជ្រៅបំផុត និងការគាំទ្រឥតងាករេរបស់យើងខ្ញុំ។ ទឹកចិត្ត របស់យើងខ្ញុំស្ថិតនៅជាមួយជនរងគ្រោះ ក្រុមគ្រួសារ និងភ្នាក់ងារអន្តរាគមន៍ដ៏ក្លាហានដែលកំពុងធ្វើការដោយមិនចេះនឿយហត់ ក្នុងការប្រឈមមុខចំពោះគ្រោះមហន្តរាយនេះ។ ដោយការគោរពរាប់អាននិងសាមគ្គីភាពដ៏ជ្រាលជ្រៅ»៕