(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥នេះ បានផ្ញើសារលិខិតជូន នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោង ឡាំង (Min Aung Hlaing) ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ដោយចូលរួមរំលែកទុក្ខ និងសម្តែងការសោកស្តាយចំពោះឧបទ្ទវហេតុ គ្រោះរញ្ជួយដី នៅក្នុងប្រទេសមីយ៉ាន់ម៉ា។

តាមរយៈសារលិខិត សម្តេចរដ្ឋសភាធិបតី បានលើកឡើងដូច្នេះថា៖ «ខ្ញុំមានសេចក្តីរន្ធត់យ៉ាងក្រៃលែង និងសោកស្តាយជាពន់ពេក ដោយទទួលបានដំណឹងអំពីសោកនាដកម្ម នៃគ្រោះធម្មជាតិរញ្ជួយដីដ៏ធ្ងន់ធ្ងរ ដែលបានវាយប្រហារប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ បានឆក់យកជីវិតមនុស្សជាច្រើន រួមទាំងព្រះសង្ឃជាទីគោរពសក្ការៈជាច្រើនអង្គ បំផ្លាញលំនៅដ្ឋានប្រជាពលរដ្ឋ និងបង្កការខូចខាតទ្រព្យសម្បត្តិយ៉ាងធ្ងន់ធ្ងរ ព្រមទាំងបង្ខំឱ្យមានការជម្លៀសប្រជាពលរដ្ឋជាបន្ទាន់ផងដែរ»។

តាងនាមរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមរូបសម្តេចផ្ទាល់ សម្តេចសូមចូលរួម រំលែកទុក្ខយ៉ាងក្រៀមក្រំ និងសោកស្តាយជាពន់ពេក ជាមួយ នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោង ឡាំង និងតាមរយៈនាយឧត្តមសេនីយ៍ជាន់ខ្ពស់ សូមជូនចំពោះរដ្ឋាភិបាល និងប្រជាជន នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ព្រមទាំងក្រុមគ្រួសារនៃជនរងគ្រោះដែល បានបាត់បង់ជីវិត និងរងរបួសដោយគ្រោះធម្មជាតិដ៏កាចសាហាវនេះ។

សម្តេចប្រធានរដ្ឋសភា សូមសម្តែងនូវសមានចិត្តដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារ ដែលបានស្លាប់បាត់បង់ជីវិត និងសូមជូនពរ ដល់ជនរងគ្រោះទាំងអស់ឱ្យបានឆាប់ជាសះស្បើយ។ ទន្ទឹមគ្នានេះ សម្តេចក៏សូមជូនពរឱ្យដំណើរការស្តារ និងកសាង ប្រទេសមីយ៉ាន់ម៉ាបានទៅកាន់ប្រក្រតីភាពឡើងវិញឆាប់ៗ ពីគ្រោះមហន្តរាយធម្មជាតិនេះ៕