(ភ្នំពេញ)៖ នារសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្ស និងជាប្រធានគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូគណៈចលនាមហាជន ដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខ័ន្ធ ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានទទួលអនិច្ចកម្ម កាលពីវេលាទៀបភ្លឺ ថ្ងៃសុក្រ ១៥រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២០៥ ក្នុងជន្មាយុ ៧៨ឆ្នាំ ដោយរោគាពាធ។

ក្នុងនាមគណៈចលនាមហាជន សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សូមចូលរួមរំលែកទុក្ខដោយសេចក្ដីសង្វេគបំផុត ជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ព្រមទាំងក្រុមគ្រួសារ និងសូមលំឱនកាយឧទ្ទិសបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្ដិសិទ្ធិទាំងឡាយក្នុងលោក សូមអោយដួងវិញ្ញាក្ខន្ធរបស់ ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទៅកាន់សុគតិភពជានិច្ចនិរន្ដរ៍កុំបីឃ្លៀងឃ្លាតឡើយ។

មរណភាពរបស់ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន ជាការបាត់បង់ ស្វាមី ឪពុក និងជីតា ដែលប្រកបទៅដោយព្រហ្មវិហារធម៌ដ៏ល្អប្រពៃមួយរូប និងជាកុលបុត្រស្នេហាជាតិ មាតុភូមិដ៏ឧត្តុង្គឧត្តមនៃព្រះរាជាណាចក្រកម្ពុជា និងប្រជារាស្ត្រកម្ពុជា ដែលបានចូលរួមយ៉ាងសកម្ម ក្នុងបុព្វហេតុបម្រើជាតិ សាសនា និងព្រះមហាក្សត្រ៕