(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារលិខិតថ្លែងអំណរគុណ ជូនចំពោះឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា ដែលបានផ្ញើសារលិខិតចូលរួមរំលែកទុក្ខ ចំពោះមរណភាពរបស់ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន រដ្ឋលេខាធិការនៃក្រសួងសាធារណការ និងដឹកជញ្ជូន ដែលត្រូវជាបងប្រុសបង្កើតទី១របស់សម្តេច។
នៅក្នុងសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា ខ្ញុំសូមថ្លែងអំណរគុណដោយស្មោះសរ និងសូមប្រសិទ្ធពរជ័យជូន ឯកឧត្តម និង លោកជំទាវ ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រីទាំងអស់ មានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ជន្មាយុយឺនយូរ ជោគជ័យគ្រប់ភារកិច្ចដ៏ត្រចះត្រចង់បន្ថែមទៀត ក្នុងបេសកកម្មដឹកនាំបម្រើ ជាតិ សាសនា ព្រះមហាក្សត្រ និងប្រជាជនកម្ពុជាដ៏ឧត្តុង្គឧត្តម និងសូមសមប្រកបដោយពុទ្ធពរទាំងបួន ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕