(ព្រះវិហារ)៖ បុរសជាអ្នកបើកត្រាក់ទ័រម្នាក់បានរងរបួសធ្ងន់ធ្ងរ ត្រុវបានក្រុមគ្រួសារបញ្ជូនទៅធ្វើការសង្គ្រោះនៅមន្ទីរពេទ្យ ចំណែកត្រាក់ទ័របានរងការខូចខាតស្ទើរទាំងស្រុង ក្នុងហេតុការណ៍ផ្ទុះមីនតោន​ពេលកំពុងភ្ជួរដីដាំដំឡូង នៅរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ ស្ថិតក្នុងភូមិសែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

បើតាមរបាយការណ៍របស់លោក លិញ យុត នាយតំណាងមីនប្រចាំស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានបញ្ជាក់ថា ជនរងគ្រោះជាអ្នកបើកបរត្រាក់ទ័រមានឈ្មោះ វន វុន ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិចារ ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៅមុនពេលកើតហេតុជនរងគ្រោះបានបើកត្រាក់ទ័រភ្ជួរដីដាំដំឡូង ចៃដន្យបានជាន់មីនតោនបណ្តាលឱ្យផ្ទុះកក្រើកឡើងបណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ ចំណែកត្រាក់ទ័របានរងការខូចខាតស្ទើរទាំងស្រុង។

ក្រោយហេតុការណ៍កើតឡើង ជនរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនមកធ្វើការសង្គ្រោះនៅមន្ទីរពេទ្យសម្តេចអគ្គមហាសេនាបតីតេហ៊ុន សែន នៅឃុំស្រអែម តែដោយរបួសធ្ងន់ធ្ងរជនរងគ្រោះត្រូវបានបញ្ជូនបន្ត ទៅធ្វើការសង្គ្រោះនៅឯមន្ទីរពេទ្យបង្អែក ១៦មករា ខេត្តព្រះវិហារ៕