(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញមកដល់កម្ពុជាវិញហើយ បន្ទាប់ស្នាក់នៅព្យាបាល និងតាមដានស្ថានភាពជំងឺមួយរយៈខ្លីនៅប្រទេសសិង្ហបុរី។ អញ្ជើញដល់កម្ពុជាភ្លាម បើទោះបីរូបកាយកំពុងជាប់ដោយជំងឺយ៉ាងណាក្តី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត មិនបានអញ្ជើញទៅសម្រាកនោះឡើយ គឺបន្តដំណើរអញ្ជើញគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន។
ព្រោះតែជំងឺបានធ្វើឱ្យសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មិនបានដង្ហើមចុងក្រោយរបស់បងប្រុសជាទីគោរពស្រឡាញ់នោះឡើយ។ នៅមុខមឈូសសពបងប្រុស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានបង្ហាញនូវក្តីវិប្បយោគក្តុកក្តួលអួលណែនឱរាយ៉ាងជ្រាលជ្រៅបំផុត។ ទឹកភ្នែកច្រើនដំណក់ហូរស្រក់ឥតដាច់ ព្រោះក្តីស្រណោះដល់មនោសញ្ចេតនា អនុស្សាវរីយ៍ល្អៗ អនុស្សាវរីយ៍ក្នុងគ្រាកម្សត់នៃជីវិតពេលប្រទេសមានវិបត្តិជាដើម។
សូមបញ្ជាក់ថា អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បងប្រុសច្បងរបស់ សម្តេចតេជោ ហ៊ុន សែន បានទទួលអនិច្ចកម្ម នាម៉ោង២៖២៧នាទីព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ក្នុងជន្មាយុ៧៨ឆ្នាំ ដោយរោគាពាធ៕