(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅរមណីយដ្ឋានធម្មជាតិ «ទេទឹកពុះ» ដែលស្ថិតនៅក្នុងឃុំតាសាល ស្រុលឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដើម្បីពិនិត្យលទ្ធភាពក្នុងការរៀបចំកញ្ចប់ទស្សនកិច្ចទាក់ទាញភ្ញៀវទេសចរឲ្យមកទស្សនាឲ្យបានច្រើន ដើម្បីជួយលើកកម្ពស់ជីវភាពប្រជាសហគមន៍ក្នុងមូលដ្ឋានឲ្យកាន់តែមានភាពរីកចម្រើន។

ការចុះពិនិត្យដោយផ្ទាល់នេះ បន្ទាប់ពីទទួលបានគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញក្រសួង តំណាងផ្នែកឯកជនក្នុងវិស័យទេសចរណ៍ រួមទាំងសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) សហព័ន្ធទេសចរណ៍កម្ពុជា (CTF) សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក (PATACC) និងក្រុមហ៊ុនវីរៈប៊ុនថាំ។

សូមជម្រាបថា រមណីយដ្ឋានធម្មជាតិ «ទេ ទឹកពុះ» ជាតំបន់ធម្មជាតិដ៏កម្រមួយ គឺមានបាតុភូតធម្មជាតិចម្លែក ដែលទឹកមានសីតុណ្ហភាពខ្ពស់រហូតដល់ ៧០អង្សារសេ។ ទឹកនេះ ចេញមកពី៦ប្រភព និងមានក្លិនដូចស្ពាន់ធ័រ និងថ្មកំបោរ នៅផ្ទៃទឹក មានទំហំ ៨០ម៉ែត្រការ៉េ និងមានផ្ទៃដីសរុប ៥ហិកតា ដែលពោរពេញដោយស្មៅខ្ពស់ៗដ៏ស្រស់ស្អាត ហើយប្រជាជននៅក្នុងតំបន់នោះ ដែលជាជនជាតិសួយ មានជំនឿថាជាតំបន់ដ៏ស័ក្ដិសិទ្ធិ សម្រាប់ភ្ញៀវទេសចរដែលបានទៅកម្សាន្តនៅទីនោះហើយ នឹងនាំសំណាងល្អត្រឡប់ទៅវិញ ជាពិសេសអ្នកមានជំងឺខ្លះអាចទៅលុបលាងមុខដោយទឹកថ្លាឈ្វង់នៅទីនោះ ខ្លះអាចចុះត្រាំទឹក នឹងអាចជាសះស្បើយពីជំងឺផងដែរ៕