(កណ្ដាល)៖ លោកវេជ្ជបណ្ឌិត គាម ពិសិដ្ឋ ប្រធានគណៈគ្រូពេទ្យខេត្តកណ្ដាល បានថ្លែងបញ្ជាក់ថា ការលើកកម្ពស់គុណភាពវិជ្ជាជីវៈក្រមសីលធម៌ក្នុងវិស័យសុខាភិបាលជា ចលករមិនអាចខ្វះបានរបស់សង្គមជាតិពេលក្នុងបច្ចុប្បន្ន និងទៅអនាគត។
លោកវេជ្ជបណ្ឌិត គាម ពិសិដ្ឋ បានថ្លែងដូចនេះនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ នាឱកាសអញ្ជើញជាអធិបតីក្នុងទិវាអភិវឌ្ឍន៍វិជ្ជាជីវៈវេជ្ជសាស្ត្ររបស់ក្រុមគ្រូពេទ្យលើកទី១៦ របស់ខេត្តកណ្ដាល ដោយមានការចូលរួមពីលោកវេជ្ជបណ្ឌិត គួយ ប៊ុនធឿន ប្រធានមន្ទីរសុខាភិបាលខេត្តកណ្ដាល និងប្រធានការិយាល័យទូទាំងស្រុក.ក្រុង ក្នុងខេត្តកណ្ដាល ព្រមទាំងលោកគ្រូអ្នកគ្រូពេទ្យក្នុងវិស័យឯកជន ដែលធ្វើឡើងនៅសាលាគរុកោសល្យ ខេត្តកណ្ដាល ។
នាឱកាសនោះលោកវេជ្ជបណ្ឌិត គាម ពិសិដ្ឋ បានកោតសរសើរដល់គណៈគ្រូពេទ្យដែលបំពេញការងារកន្លងមកប្រកបដោយវិជ្ជាជីវៈ និងទទួលបានលទ្ធផលល្អ តែក៏មានចំណុចខ្វះខាតតិចតួច និងភាពចន្លោះប្រហោង ដែលទាមទារឲ្យក្រុមគ្រូពេទ្យទាំងអស់ត្រូវបំពេញបន្ថែមក្នុងស្ថាប័នរបស់ខ្លួន ដើម្បីឲ្យមានការអភិវឌ្ឍទៅតាមតម្រូវការរបស់សង្គម និងអតិថិជនមកទទួលសេវាព្យាបាលប្រកបដោយប្រសិទ្ធភាព។
ជាមួយគ្នានេះលោកវេជ្ជបណ្ឌិត គួយ ប៊ុនធឿន បានថ្លែងថា គោលបំណងសំខាន់នៃទិវាអភិវឌ្ឍន៍វិជ្ជាជីវៈវេជ្ជសាស្ត្រ របស់ក្រុមគ្រូពេទ្យលើកទី១៦នេះ គឺស្វែងរកចំណុចខ្លាំង និងចំណុចខ្សោយដែលគណៈគ្រូពេទ្យបានអនុវត្តកន្លងមក។ ទន្ទឹមនឹងការប្រឹងប្រែង ខិតខំទាំងនេះសមាជិកសមាជិកាក្រុមប្រឹក្សាគណៈគ្រូពេទ្យយើង នៅមានចំណុចអវិជ្ជមានមួយចំនួនតូចដែលត្រូវកែលម្អ។ គ្រូពេទ្យដែលទើបបញ្ចប់ការសិក្សាថ្មីៗ ពុំសូវយល់ជ្រួបជ្រាបអំពីច្បាប់បទបញ្ជាផ្ទៃក្នុង ដែលកត្តានេះជំរុញឲ្យក្រុមគ្រូពេទ្យខិតខំបង្ហាញផ្លូវក្នុងទិសដៅឱ្យវិជ្ជាជីវៈវេជ្ជសាស្ត្រឲ្យកាន់តែល្អប្រសើរ៕