(ភ្នំពេញ)៖ លោកស្រី ខា ឡេង រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ត្រឹមរយៈពេល ២ខែ នៃឆ្នាំ២០២៥នេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងចិន សរុបមានជាង ២ពាន់ ៦៦២ លានដុល្លារអាមេរិក ដោយក្នុងនោះទំហំនាំចេញពីកម្ពុជាទៅចិន គិតជាទឹកប្រាក់មានចំនួនប្រមាណជាង ២១៧លានដុល្លារអាមេរិក ហើយទំហំនៃការនាំចូលពីចិន មកកម្ពុជា មានចំនួនជាង ២ពាន់ ៤៤៤លានដុល្លារអាមេរិក ដែលមានការកើនឡើងប្រមាណ ២១.១ភាគរយបើធៀបនឹង រយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤ កន្លងទៅ។

ការឱ្យដឹងបែបនេះរបស់លោកស្រី ខា ឡេង បានធ្វើឡើងក្នុងឱកាសដែលលោកស្រីអញ្ជើញជាតំណាងលោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក្នុងពិធីដំណើរការពន្លាជាតិកម្ពុជា នៅលើថ្នាលពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិច របស់ក្រុមហ៊ុន JD.com ដែលជាក្រុមហ៊ុនពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចដ៏ធំរបស់ចិន។

មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ការផ្តួចផ្តើមបង្កើតផ្ទាល់ពន្លាជាតិ និងមានគម្រោងនាំយកផលិតផលរបស់កម្ពុជា ទៅបង្ហាញនៅលើថ្នាលពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចរបស់ខ្លួនហើយសកម្មភាពនេះនឹងជំរុញដល់សកម្មភាពពាណិជ្ជកម្មរវាងកម្ពុជា និងចិន ដំណើរការកាន់តែខ្លាំងក្លា ព្រមទាំងបង្កើនឱកាសសម្រាប់ផលិតផល កម្ពុជាអាចទទួលការបញ្ជាទិញ និងនាំចេញទៅកាន់អ្នកប្រើប្រាស់ទីផ្សារចិន និងអន្តរជាតិ។ ចំណុចនេះក៏ជាសក្ខីភាពឆ្លុះបញ្ចាំងពីទំនុកចិត្ត​ និងគុណភាពនៃផលិតផលខ្មែរ ជាពិសេសជាការចូលរួមថែរក្សាចំណងមិត្តភាពកម្ពុជា-ចិន មានរយៈពេលជាង ២ពាន់ឆ្នាំមកហើយ ជាមិត្តភាពដែកថែប នៅក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ស្របតាមកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ ដែលមានចក្ខុវិស័យប្តេជ្ញារួមគ្នាជំរុញការកសាងសហគមន៍ជោគវាសនាតែមួយ។

លោកស្រី ខា ឡេង ​បានឱ្យដឹងយ៉ាងដូច្នេះថា៖ «បន្ថែមពីនេះ យើងសង្កេតឃើញថាសកម្មភាពពាណិជ្ជកម្មរវាងកម្ពុជាចិន បន្តយ៉ាងសកម្មដោយយោងតាមស្ថិតិពាណិជ្ជកម្មកម្ពុជា ត្រឹមរយៈពេល ២ខែនៃឆ្នាំ២០២៥ នេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងចិន សរុបមានជាង ២ពាន់ ៦៦២លានដុល្លារអាមេរិក ដោយក្នុងនោះទំហំនាំចេញពីកម្ពុជាទៅចិន គិតជាទឹកប្រាក់មានចំនួនប្រមាណជាង ២១៧ លានដុល្លារអាមេរិក ហើយទំហំនៃការនាំចូលពីចិន មកកម្ពុជា មានចំនួនជាង ២ពាន់ ៤៤៤លានដុល្លារអាមេរិក ដែលមានការកើនឡើងប្រមាណ ២១.១ ភាគរយ បើធៀបនឹង រយៈពេលដូចគ្នា កាលពីឆ្នាំ២០២៤ កន្លងទៅ»។

ជាមួយគ្នានេះដែរ លោកស្រីរដ្ឋលេខាធិការ បានថ្លែងថា កន្លងមក ក្រសួងពាណិជ្ជកម្មក៏បានចូលរួមយ៉ាងសកម្មក្នុងការជំរុញការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី រវាងកម្ពុជា និងចិន ដោយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះអាចសម្រេចបានការចុះអនុស្សរណៈនៃ ការយោគយល់គ្នាជាមួយភាគីចិន ស្តីពីការជំរុញពាណិជ្ជកម្ម ជំរុញការនាំចេញផលិតផលក្នុងស្រុកទៅកាន់ទីផ្សារចិន ជាពិសេសបង្កើនការរៀបចំការតាំងពិព័រណ៍ក្នុង និងក្រៅប្រទេសធ្វើយ៉ាងណាផ្សព្វផ្សាយផលិតផលកម្ពុជា បានកាន់តែទូលំទូលាយ។

គួររម្លឹកថាកាលពីខែធ្នូ ឆ្នាំ២០២៤ ក្រសួងពាណិជ្ជកម្ម បានរៀបចំពិព័រណ៍ពាណិជ្ជកម្មកម្ពុជា (ហៅកាត់ CTE) ដែលមានការអញ្ជើញចូលរួមក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងគោលបំណងជំរុញសកម្មភាពពាណិជ្ជកម្មកម្ពុជា ដែលបានរួមចំណែកបង្កើតកិត្តិនាមថ្មី និងកាន់តែទំនើប ដោយក្នុងនោះក្រសួងពាណិជ្ជកម្ម បានផ្សារភ្ជាប់ការតាំងពិព័រណ៍ថ្មីនេះ ជាមួយគោលគំនិតច្នៃប្រឌិតថ្មី ប្រកបដោយភាពរស់រវើកបង្ហាញលក្ខណៈពិសេសពាណិជ្ជកម្ម និងអត្តសញ្ញាណវប្បធម៌ក្នុងយុគសម័យទំនើប ជាពិសេសបានបង្ហាញពីផលិតផលដែលមានគុណភាពខ្ពស់របស់កម្ពុជា ការបង្ហាញពីសមត្ថភាពផលិតកម្មទំនើបកម្ម ការសម្រួលការនាំចេញ និងការប្រើប្រាស់បច្ចេកវិទ្យាទំនើប និងចុងក្រោយបម្រើឱ្យវិស័យពាណិជ្ជកម្ម។ បន្ថែមពីនេះក្រសួងពាណិជ្ជកម្ម ក៏បានចូលរួមក្នុងការរៀបចំពន្លាជាតិកម្ពុជា សម្រាប់ព្រឹត្តិការណ៍ពិព័រណ៌អន្តរជាតិជាច្រើនតាមបណ្តាប្រទេសជាដៃគូ ជាពិសេសប្រទេសចិន ដែលបានបង្ហាញទៅភាគីមិត្តចិន និងអន្តរជាតិ បានស្វែងយល់ពីផលិតផល និងសក្តានុពលដ៏អស្ចារ្យរបស់កម្ពុជា។

លទ្ធផលដែលសម្រេចបាននាថ្ងៃនេះ គឺជាបទពិសោធន៍ថ្មីមួយទៀត ដែលកម្ពុជាអាចបង្ហាញពីវប្បធម៌ អរិយធម៌ និងផលិតផលជាច្រើនរបស់ខ្លួន ទៅកាន់ប្រជាជនចិន និងបណ្តាអ្នកប្រើប្រាស់ តាមរយៈថ្នាលពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចរបស់ក្រុមហ៊ុន JD.com ដែលនឹងរួមចំណែកដល់ការកសាង និងអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា។

លោកស្រី ខា ឡេង បានបន្ថែមថា ឆ្នាំ២០២៥ ជាឆ្នាំទេសចរណ៍កម្ពុជា-ចិន ដែលនេះជាឱកាសក្នុងការបន្តផ្សារភ្ជាប់ និងពង្រីកទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ទំនាក់ទំនងពាណិជ្ជកម្ម ពង្រឹងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការល្អ និងដើម្បីជាការបន្តគាំទ្រដល់កិច្ចសហប្រតិបត្តិការត្បូងពេជ្រកម្ពុជា-ចិន។ ក្រសួងពាណិជ្ជកម្មត្រៀមខ្លួនជាស្រេចក្នុងការគាំទ្រ និងសម្របសម្រួលដល់វិនិយោគិន និងធុរកិច្ចចិន នៅគ្រប់ដំណាក់កាលនៃប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា និងប្តេជ្ញាបន្តលើកកម្ពស់ពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទ្វេភាគីជាមួយនឹងទីផ្សារអំណោយផលសេដ្ឋកិច្ចបើកចំហរ និងការទាញប្រយោជន៍ជាអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មជាច្រើន ជាពិសេសការគាំទ្រពេញទំហឹងពីរាជរដ្ឋាភិបាលដល់វិស័យឯកជន ដែលជួយអោយកម្ពុជា ជាទីតាំងសក្តានុពលដ៏សំខាន់ សម្រាប់ការធ្វើពាណិជ្ជកម្ម និងការវិនិយោគ។

សម្រាប់អ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមសហព័ន្ធអ្នកវិនយោគកម្ពុជា បានថ្លែងថា គម្រោងនៃការដាក់ឱ្យប្រើប្រាស់នូវ «ពន្លាជាតិកម្ពុជា» នៅលើថ្នាល ពាណិជ្ជកម្មរបស់ក្រុមហ៊ុន JD.com ជាការបើកច្រកទីផ្សារសម្រាប់កម្ពុជា កាន់តែធំទូលាយ ដែលនេះមិនត្រឹមតែជួយបង្កើនការនាំចេញរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចផ្សព្វផ្សាយដល់អ្នកប្រើប្រាស់ទាំងអស់ នៅក្នុងថ្នាលពាណិជ្ជកម្មខាងលើនេះ អាចស្វែងយល់កាន់តែស៊ីជម្រៅពីវប្បធម៌ និងតម្លៃផលិតផលកម្ពុជាផងដែរ។

អ្នកឧកញ៉ា លី ឃុនថៃ បានបន្តថា លទ្ធផលដែលសម្រេចបាននាពេលនេះគឺជាការរួមបញ្ចូលនូវថ្នាលពាណិជ្ជកម្មទំនើបរបស់ក្រុមហ៊ុន JD.corn និងបច្ចេកវិទ្យាទំនើបជាច្រើនទៅក្នុងប្រព័ន្ធភស្តុភារកម្មរបស់កម្ពុជា ដែលនឹងជួយកម្ពុជាសម្រេចបាននូវការ បង្កើតហេដ្ឋារចនាសម្ព័ន្ធភស្តុភារកម្មទំនើប និងនិរន្តរភាពនៃភាពរីកចម្រើនជាពិសេសជួយពង្រឹង និងពង្រីកនូវកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងចិនកាន់តែជិតស្និទ្ធថែមទៀត ជាពិសេសនេះក៏ជាការចូលរួមថែរក្សា ចំណងមិត្តភាពដ៏រឹងមាំរវាងប្រជាជន និងប្រជាជន ប្រទេស និងប្រទេសជាមិត្តភាពដែកថែប និងប្រៀបបានទៅនឹងទឹកទន្លេមេគង្គដែលហូរមិនចេះរីងស្ងួត៕