(ពោធិ៍សាត់)៖ លោក ហាក់ ប៊ុនធឿន រដ្ឋលេខាធិការ តំណាងលោកបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា និងលោកស្រី ស្រី តូច, លោក រុន សារី អភិបាលរងខេត្ត តំណាងលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញជាធិបតី ក្នុងពិធីកាត់ខ្សែបូរសម្ពោធឆ្លងព្រះវិហារ និងសមិទ្ធផលនានា ដែលមានតម្លៃជាង២លានដុល្លារ នៅវត្តគិរីបរវង្ស ស្ថិតនៅភូមិបរវង្ស សង្កាត់ចំរើនផល ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

លោក អែម សុធា ប្រធានមន្ទីរធម្មការ និងសាសនាខេត្តពោធិ៍សាត់ បានលើកអំពីប្រវត្តិ និងសមិទ្ធផលនានា ក្នុងវត្តគិរីបរវង្ស ស្ថិតនៅលើភ្នំមានផ្ទៃដី១៤៥ហិកតា ដឹកនាំដោយព្រះភិក្ខុ ចន្ទធម្មោ គ្រីវ សុផល ជាព្រះចៅអធិការ ដែលកើតឡើងនៅឆ្នាំ២០០៤។ គិតមកដល់ពេលនេះ កសាងបានព្រះវិហារអំពីថ្មសុទ្ធ មានបណ្តោយ១២ម៉ែត្រ ទទឹង៩ម៉ែត្រ ក្រៅពីនោះកសាងបាន ព្រះអង្គធំ កម្ពស់៤ម៉ែត្រ ព្រះសេអាមេត្រី ព្រះអង្គភាជន៍មាស ជណ្តើរខាងមុខ ព្រះបរិនិព្វាន ព្រះពុទ្ធបដិមា ព្រះអង្គប្រកនាគ បដិមាគង់លើទូកព្រះនរាណ៍ ព្រះពុទ្ធរូបទ្រង់សោយចង្ហាន់ ក្លោងទ្វារ សាលាឆាន់ និងកសាងម្ពុជពន្ធចេតីយ ដោយចំណាយថវិកាអស់ជាង២លានដុល្លារ។

នាឱកាសនោះលោក ហាក់ ប៊ុនធឿន រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើ សាកសួរសុខទុក្ខ ពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា, សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាពិសេស លោក បណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ដោយបានថ្លែងថា សមិទ្ធផលទាំងនេះ បានប្រសូតចេញពីសទ្ធាជ្រះថ្លាក្នុងការដឹកនាំរបស់ព្រះចៅអធិការវត្ត រួមនឹងសប្បុរសជន ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តជិតឆ្ងាយទាំងអស់ ដែលបង្ហាញពីកម្លាំង សាមគ្គីភាព ចូលរួមបន្សល់ទុកកេរដំណែល សម្រាប់កូនចៅជំនាន់ក្រោយ និងសង្គមជាតិ។

លោកសូមសម្តែងនូវកត្តញូកតវេទីតាធម៌ ក្រាបថ្វាយបង្គុំ ដោយក្តីគោរពចំពោះព្រះមន្ត្រីសង្ឃ ព្រះចៅអធិការ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ដែលបាននិមន្តចូលរួម និងគោរពថ្លែងអំណរគុណ ចំពោះលោក លោកស្រី សីលវ័ន្ត សីលវតី លោកគ្រូ អ្នកគ្រូ ក្មួយៗសិស្សានុសិស្ស បងប្អូនប្រជាពលរដ្ឋ និងកងកម្លាំង ព្រមទាំងសូមកោតសរសើរយ៉ាងជ្រាលជ្រៅ ថ្វាយប្រគេនព្រះគ្រូ ចន្ទធម្មោ គ្រីវ សុផល ព្រះចៅអធិការវត្ត លោកអាចារ្យ គណៈកម្មការ និងបងប្អូនពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់ ដែលបានខិតខំ និងចូលរួមកសាងសមិទ្ធផលទាំងនេះឡើង និងសូមឱ្យកុសល ដែលកើតពីសទ្ធា នៃការចូលរួមរបស់សប្បុរសជនទាំងឡាយ បាននាំមកនូវសេចក្ដីសុខ និងសេចក្ដីចម្រើនគ្រប់កាល និងគ្រប់វេលា។

លោករដ្ឋលេខាធិការ បានគូសបញ្ជាក់ថា ទាំងនេះគឺជាកេរ្តិ៍ដំណែលសាសនាដ៏មានតម្លៃ ផ្សារភ្ជាប់នឹងព្រលឹងជាតិ នៃបុព្វបុរសយើងតាំងពីបុរាណកាល ក្រោមបាវចនា «ជាតិ សាសនា ព្រះមហាក្សត្រ» និងដើម្បីងាយស្រួលដល់ពុទ្ធបរិស័ទ ក្នុងការបំពេញកុសលផ្សេងៗ តាមទំនៀមទម្លាប់ ប្រពៃណីសាសនាផងដែរ។ សមិទ្ធផលក្នុងពុទ្ធចក្រនាថ្ងៃនេះ ពិតជាបានឆ្លុះបញ្ចាំងពីសាមគ្គីភាព ប្រកបដោយជំនឿដ៏ជ្រះថ្លារបស់បងប្អូនប្រជាពលរដ្ឋ ក្រោមម្លប់នៃសុខសន្តិភាព ដែលពុទ្ធបរិស័ទគ្រប់រូប ហើយចិត្តជាសទ្ធានេះ គឺបានមកពីចិត្តស្អាត គ្មានហ្មងសៅ គ្មានមន្ទិលក្នុងការប្រព្រឹត្តនូវអំពើល្អ ដែលនេះបង្ហាញថាប្រជាពលរដ្ឋខ្មែរយើងមានបេះដូងស្អាត។ នៅក្នុងសិក្ខាបទសីលប្រាំព្រះពុទ្ធ ក៏បានសម្តែងដែរថា ការប្រព្រឹត្តសីល ដែលជាសេចក្តីល្អ នឹងនាំមកនូវសេចក្តីសុខចម្រើន ដល់បុគ្គលអ្នកប្រណិបត្តិផង និងសាយភាយដល់សង្គមជាតិទាំងមូលផង។ ប្រសិនបើយើងគ្រប់គ្នា ម្នាក់ប្រព្រឹត្តអំពើល្អ១ ក្នុង១ថ្ងៃ នោះយើងនឹងមានអំពើជាង១០លានអំពើល្អ ក្នុង១ថ្ងៃ។ ឈរលើគោលការណ៍ធម៌នៃពុទ្ធឱវាទ និងតាមរយៈការសាងអំពើល្អជាកុសល និងបម្រើឱ្យផលប្រយោជន៍ជាតិ តម្កល់ប្រយោជន៍ប្រជាពលរដ្ឋកម្ពុជា ជាធំនោះ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលបានប្រសូត្រចេញពីការបោះឆ្នោតដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងតម្លាភាព ស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស បានទទួលការគាំទ្រ និងជំនឿទុកចិត្តពីប្រជាពលរដ្ឋដ៏ច្រើនលើសលប់ កំពុងអនុវត្តបេសកកម្មដ៏ឧត្តុង្គឧត្តមជាប្រវត្តិសាស្ត្ររបស់ខ្លួន ជាមួយនឹងកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយការប្តេជ្ញាចិត្តយ៉ាងមុតមាំ ឥតរាថយយ៉ាងស្វាហាប់ ក្នុងការបម្រើជាតិ និងប្រជាជន ដោយសម្រេចបាននូវសមិទ្ធផលយ៉ាងច្រើន ប្រកបដោយក្តីមោទនភាព។

ក្នុងឱកាសនោះ លោក និងលោកស្រី ក៏បានចែកអំណោយ ជូនដល់លោកតា លោកយាយ ប្រជាពលរដ្ឋ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងមន្ត្រីអ្នកមុខអ្នកការ នាពេលនោះផងដែរ៕