(ភ្នំពេញ)៖ លោកស្រីបណ្ឌិត ជា សិរី ប្រធានក្រុមប្រឹក្សាភិបាលនៃអង្គការរក្សាកុមារ បានថ្លែងថា ការបាត់បង់ការស្ដាប់ឮ មិនមែនប៉ះពាល់តែសរីរាង្គកាយប៉ុណ្ណោះទេ តែប៉ះពាល់ធ្ងន់ដល់ផ្លូវចិត្ត ដោយសារមិនអាចទទួលបានព័ត៌មានពេញលេញ និងមានឧបសគ្គក្នុងការទំនាក់ទំនង។
ការបាត់បង់ការស្ដាប់ឮ មានការកើនឡើងនៅកម្ពុជា ដូច្នេះយើងត្រូវតែធ្វើសកម្មភាពឥឡូវនេះ ដោយផ្តល់សេវាថែទាំត្រចៀក និងការស្តាប់ឮជាប្រចាំ ដើម្បីធានាថា អ្នកជំងឺត្រចៀក និងជនមានពិការភាព បាត់បង់ការស្ដាប់ឮ អាចសម្រេចបាននូវសក្តានុពលរបស់ខ្លួនបានពេញលេញ។
ការលើកឡើងរបស់លោកស្រីបណ្ឌិត ជា សិរី ធ្វើឡើងក្នុងទិវាស្ដាប់ឮកម្ពុជា លើកទី៨ ឆ្នាំ២០២៥ ក្រោមប្រធានបទបង្កើនអានុភាព សម្រាប់តម្លៃទាំត្រចៀកនិងការស្តាប់ឮនៅថ្ងៃ៣០ ខែមីនា ឆ្នាំ២០២៥។
លោកស្រីបណ្ឌិត ជា សិរី បានថ្លែងថា «ខ្ញុំសូមអបអរសាទរចំពោះទិវាស្តាប់ឮកម្ពុជាលើកទី៨ ឆ្នាំ២០២៥ ក្រោមប្រធានបទ បង្កើនអានុភាព សម្រាប់តម្លៃទាំត្រចៀក និងការស្ដាប់ឮ។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំ និងគណៈគ្រប់គ្រងអង្គការ រក្សាកុមារ និងវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី ដែលបានសហការរៀបចំទិវាស្ដាប់ឮកម្ពុជាលើកទី៨នេះ ឡើងព្រមទាំងសូមថ្លែងអំណរគុណ ចំពោះអាជ្ញាធរមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ មន្ទីរអប់រំយុវជន និងកីឡារាជធានីភ្នំពេញ លោកនាយកវិទ្យាល័យ លោកគ្រូ អ្នកគ្រូ និងដៃគូអភិវឌ្ឍនានា ព្រមទាំងវិស័យឯកជន ដែលបានផ្តល់កិច្ចសហប្រតិបត្តិការល្អ និងរួមសាមគ្គីគ្នារៀបចំទិវាស្តាប់ឮកម្ពុជានេះឡើង»។
គោលបំណងនៃទិវាស្តាប់ឮនាឆ្នាំនេះរួមមាន៖
១៖ ការយល់ដឹងសម្រាប់តម្លៃទាំត្រចៀក និងការស្ដាប់ឮ។
២៖ ការធ្វើតេសកម្រិតនៃការស្ដាប់ឮ ការប្រើឧបករណ៏ជំនួយសម្លេង និងប្រឹក្សាយោបល់ពីតម្លៃទាំត្រចៀក និងការស្តាប់ឮ។
៣៖ ការបណ្ដុះបណ្តាលជំនាញវិជ្ជាជីវៈ និងការរកការងារធ្វើ។
លោកស្រីបណ្ឌិតបានបន្ដថា បើតាមទិន្នន័យនៃអង្គការសុខភាពពិភពលោកបញ្ជាក់ថា ៨០% នៃប្រជានជនក្នុងប្រទេសកំពុងអភិវឌ្ឍ ដែលទាមទារតម្លៃទាំការស្ដាប់ឮ មិនបានទទួលសេវាកម្មពិនិត្យ និងព្យាបាលឡើយ លើសពីនេះការបាត់បង់ការស្ដាប់ឮមានការកើនឡើងនៅកម្ពុជា ដូច្នេះយើងត្រូវតែធ្វើសកម្មភាពឥឡូវនេះ ដោយផ្តល់សេវាថែទាំត្រចៀក និងការស្តាប់ឮជាប្រចាំ ដើម្បីធានាថា អ្នកជំងឺត្រចៀក និងជនមានពិការភាព បាត់បង់ការស្ដាប់ឮ អាចសម្រេចបាននូវសក្តានុពលរបស់ខ្លួនបានពេញលេញ។
លោកស្រីបណ្ឌិតបានបន្ដថា «បញ្ហាស្តាប់ឮ មិនមែនជាបញ្ហាដែលប៉ះពាល់តែសរីរាង្គកាយ ប៉ុណ្ណោះទេ តែវាបានបណ្តាលឱ្យមានបញ្ហាផ្លូវចិត្ត ដោយសារមិនអាចទទួលបាននូវព័ត៌មានពេញលេញ និងមានឧបសគ្គនៅក្នុងការទំនាក់ទំនង»។
លោកស្រីបណ្ឌិត ជា សិរី បានថ្លែងថា មនុស្សគ-ថ្លង់កម្ពុជា ពិតជាមានសំណាង និងមានភព្វវាសនាដោយទទួលបានការអប់រំ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជាមូលដ្ឋានគ្រឹះនៃការលើកស្ទួយសិទ្ធិមនុស្សគថ្លង់នៅកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធាន កិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ។
ទិវាមនុស្សគថ្លង់អន្តរជាតិ ដែលជាការទទួលស្គាល់ពីសារៈសំខាន់នៃការប្រើប្រាស់ភាសាសញ្ញ និងជាទិសដៅឈានទៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ពិសេសជាការបំពេញ តាមការសន្យា របស់រដ្ឋជាភាគីនៃអនុសញ្ញាស្តីពីសិទ្ធិជនមានពិការភាព និងស្របតាមទិសស្លោកមិនទុកឱ្យនរណាម្នាក់ នៅដាច់ដោយឡែក។ ទិវានេះនឹងផ្ដល់ឱកាសគាំទ្រ និងការពារអត្តសញ្ញាណភាសាសញ្ញា និងភាពចម្រុះនៃវប្បធម៌របស់អ្នកប្រើប្រាស់ភាសាសញ្ញាទាំងនៅកម្ពុជា និងនៅលើពិភពលោក។
លោកស្រីបណ្ឌិតបានបញ្ជាក់ថា ភាសាសញ្ញា គឺជាមធ្យោបាយដ៏សំខាន់សម្រាប់មនុស្សគថ្លង់ ដើម្បីបង្ហាញពីខ្លួនឯង ភ្ជាប់ទំនាក់ទំនងជាមួយអ្នកដទៃ និងចូលរួមក្នុងគ្រប់វិស័យនៃសេដ្ឋកិច្ច សង្គម វប្បធម៌ និងនយោបាយ។
ការបើប្រាស់ភាសាសញ្ញា ក៏មានសារៈសំខាន់ផងដែរក្នុងការធានាការទទួលបានព័ត៌មាន និងការទទួលបាននូវសេវាកម្មនានា រាប់បញ្ចូលទាំងក្នុងគ្រាមានអាសន្នដែលជាការបំពេញនូវសិទ្ធិសម្រាប់មនុស្សថ្លង់ជាង៧០លាននាក់ នៅជុំវិញពិភពលោក។
លោកស្រីបណ្ឌិតបានបន្ថែមថា «ខ្ញុំសូមថ្លែងអំណរគុណចំពោះសប្បុរសជនទាំងអស់ ដែលតែងតែបានជួយឧបត្តម្ភ គាំទ្រដល់កុមារគថ្លង់ ដែលជាការបង្ហាញពីការចូលរួមជួយ សម្រាលបន្ទុករបស់រាជរដ្ឋាភិបាល និងអាជ្ញាធរផងដែរ។ ខ្ញុំសូមជំរុញលើកទឹកចិត្ត ដល់ក្មួយៗសិស្សានុសិស្សទាំងអស់ថា ការដែលពិការភ្នែក និងគថ្លង់មិនមែនជាឧបសគ្គ ក្នុងការរកការងារធ្វើនោះទេ ព្រោះរដ្ឋាភិបាលតម្រូវឱ្យគ្រប់ស្ថាប័នរដ្ឋ និងឯកជននៅពេលប្រឡងជ្រើសបុគ្គលិកចូលបម្រើការងារ ត្រូវទុកចំនួន២ភាគរយសម្រាប់ជនពិការ»៕