(ភ្នំពេញ)៖ លោក សុខ ចាន់ភក្ដី រដ្ឋលេខាធិការក្រសួងព័ត៌មាន បានថ្លែងថា ក្រសួងព័ត៌មានបង្កើតនឹងដាក់ចេញនូវ «យុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ» ដើម្បីជំរុញការផ្សព្វផ្សាយព័ត៌មានពិត និងបង្កើនការយល់ដឹង ដល់ពលរដ្ឋទាក់ទងនឹងផលប៉ះពាល់ នៃព័ត៌មានក្លែងក្លាយ។
ការថ្លែងនេះរបស់លោកសុខ ចាន់ភក្ដី បានធ្វើឡើងក្នុងឱកាសលោអញ្ជើញជាតំណាងលោក នេត្រ ភក្ដ្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ក្នុងឱកាសអញ្ជើញចូលរួមក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅឆ្នាំ២០២៥ របស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ IPA នារសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥។
ក្នុងឱកាសនេះលោក សុខ ចាន់ភក្ដី បានលើកឡើងថា ក្រសួងព័ត៌មានស្នើដល់សមាគម និងសមាជិករបស់សមាគម IPA ចូលរួមផ្សព្វផ្សាយព័ត៌មានពិត ប្រឆាំងព័ត៌មានក្លែងក្លាយផងដែរ។
មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន បានបន្តថា យុទ្ធនាការនេះក៏ជាការឃោសនា និងផ្សព្វផ្សាយជាសាធារណៈពីវិធានការទប់ស្កាត់ការសាយភាយព័ត៌មានក្លែងក្លាយការប្រើប្រាស់បណ្ដាញសង្គម ប្រកបដោយប្រសិទ្ធភាព និងការចែករំលែកព័ត៌មានជាដើម។
ជាមួយគ្នានេះ លោករដ្ឋលេខាធិការក្រសួងព័ត៌មាន ក៏បានគាំទ្រដល់សមាគមដែលបានចូលរួមផ្សព្វផ្សាយអំពីធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ដែលធម្មនុញ្ញនេះមានសារៈសំខាន់សម្រាប់ការពារអ្នកសារព័ត៌មាន ដោយឈរលើក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាន។
បើយោងតាម លោកបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសារព័ត៌មានឯករាជ្យ IPA បានឱ្យដឹងថា មកដល់ពេលនេះ សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យបង្កើតឡើងដោយក្រុមយុវជនខ្មែរ ដែលមានអាជីពជាអ្នកសារព័ត៌មាន ជាអ្នកស្រឡាញ់វិស័យព័ត៌មាន និងការងារសង្គម មនុស្សធម៌ សាសនា អប់រំ កីឡា សិល្បៈ និងការអភិវឌ្ឍនធនធានមនុស្ស។ សមាគមត្រូវបានចុះបញ្ជីក្នុងក្រសួងមហាផ្ទៃលេខ ១០៩៥ ប្រក ចុះថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ និងលិខិតអនុញ្ញាតឱ្យធ្វើសកម្មភាពលើវិស័យសារព័ត៌មានរបស់ក្រសួងព័ត៌មានលេខ ០០៥ ព.ស. ល.អ ចុះថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣។
លោកបណ្ឌិតបានបន្ថែមថា បច្ចុប្បន្នសមាគមសារព័ត៌មានឯករាជ្យ មានអង្គភាពសារព័ត៌មានជាសមាជិកសរុបចំនួន៦២អង្គភាព និងមានក្រុមហ៊ុនសហគ្រាស គ្រឹះស្ថានសិក្សាជាដៃគូ សរុបចំនួន២៤ស្ថាប័ន។ សាមាគមសារព័ត៌មានឯករាជ្យរាប់ចាប់ពីថ្នាក់ដឹកនាំ សមាជិក សមាជិកាថ្នាក់កណ្ដាល និងថ្នាក់ដឹកនាំ សមាជិក សមាជិកានៅថ្នាក់រាជធានី ខេត្តទាំង១០ ជិត ៣,០០០នាក់៕