(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមថានឹងទម្លាក់គ្រាប់បែក ក៏ដូចជាដាក់ពន្ធបន្ទាប់បន្សំផ្សេងទៀត ប្រសិនបើអ៉ីរ៉ង់មិនឈានទៅសម្រេចកិច្ចព្រមព្រៀងជាមួយទីក្រុងវ៉ាស៉ីនតោន ជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៣១ ខែមីនា ឆ្នាំ ២០២៥។

នេះជាសុន្ទរកថាដំបូងរបស់លោក ត្រាំ ចាប់តាំងពីអ៉ីរ៉ង់បដិសេធការចរចាដោយផ្ទាល់ ជាមួយទីក្រុងវ៉ាស៉ីនតោន កាលពីសប្តាហ៍មុន។ ថ្លែងប្រាប់ NBC News ក្នុងបទសម្ភាសន៍មួយតាមទូរស័ព្ទ លោក ត្រាំ និយាយថា «ប្រសិនបើពួកគេ (អ៉ីរ៉ង់) មិនធ្វើកិច្ចព្រមព្រៀងទេ នោះនឹងមានការទម្លាក់គ្រាប់បែក។ វាជាការទម្លាក់គ្រាប់បែក ដែលពួកគេមិនធ្លាប់ឃើញពីមុនមក»។ លោកបន្ថែមថា «មានករណីមួយទៀតថា បើពួកគេមិនធ្វើកិច្ចព្រមព្រៀង ខ្ញុំនឹងដាក់ពន្ធបន្ទាប់បន្សំ ដូចខ្ញុំបានធ្វើកាលពី ៤ឆ្នាំមុន»។

គួរបញ្ជាក់ថា ថ្មីៗនេះ អ៉ីរ៉ង់បាននិយាយថា គោលនយោបាយរបស់ខ្លួន មិនតម្រូវឱ្យចូលចរចាផ្ទាល់ជាមួយអាមេរិក ខណៈកំពុងស្ថិតក្រោមយុទ្ធនាការដាក់សម្ពាធជាអតិបរមា និងការគំរាមកំហែងផ្នែកយោធានោះទេ។ ប្រធានាធិបតីអ៉ីរ៉ង់ លោក Masoud Pezeshkian កាលពីថ្ងៃអាទិត្យ ក៏បាននិយាយដែរថា ការចរចាដោយផ្ទាល់ជាមួយសហរដ្ឋអាមេរិកត្រូវបានច្រានចោល ប៉ុន្តែអ៉ីរ៉ង់នឹងនៅតែចូលរួមក្នុងការចរចាដោយប្រយោល៕