(ភ្នំពេញ)៖ គណៈប្រតិភូធនាគារជាតិកាណាដា និងធនាគារ ABA បានជួបពិភាក្សាជាមួយ ធនាគារជាតិនៃកម្ពុជា បង្ហាញពីការគាំទ្រឥតងាករេរបស់ខ្លួន នៅក្នុងវិស័យហិរញ្ញវត្ថុរបស់ កម្ពុជា នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥។ ធនាគារជាតិកាណាដា ជាធនាគារធំមួយក្នុងប្រទេសកាណាដា និងជាភាគហ៊ុនិករបស់ធនាគារ ABA ដែលជាធនាគារពាណិជ្ជធំបំផុតមួយនៅកម្ពុជា។

គណៈប្រតិភូ ដែលដឹកនាំដោយលោក Laurent Ferreira អគ្គនាយក និងជានាយកប្រតិបត្តិ ធនាគារជាតិកាណាដា ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពី លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា។

ជំនួបពិភាក្សានេះ បានប្រព្រឹត្តទៅប្រកបដោយផ្លែផ្កា ខណៈដែលភាគីបានពិភាក្សាលើប្រធានបទជាច្រើន រួមមានវឌ្ឍនភាពឌីជីថល ហិរញ្ញវត្ថុបៃតង ឱកាសវិនិយោគនានា និងតួនាទីរបស់ធនាគារ ABA ដែលកំពុងចូលរួមអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេស និងទាក់ទាញបណ្ដាវិនិយោគិនមកព្រះរាជាណាចក្រកម្ពុជា។

ក្នុងជំនួបនេះ លោក Laurent Ferreira បានកោតស្ញប់ស្ញែងចំពោះកិច្ចខិតខំប្រឹងប្រែងឥតងាករេរបស់ធនាគារជាតិនៃកម្ពុជាក្នុងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុរបស់កម្ពុជា ហើយលោកបានលើកឡើងពីឧត្តមភាពរបស់ធនាគារជាតិនៃកម្ពុជា ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។

ជាមួយនឹងទំនុកចិត្តខ្ពស់ ចាប់តាំងពីឆ្នាំ២០១៤មក ធនាគារជាតិកាណាដា បានធ្វើការវិនិយោគ ៩០០លានដុល្លារអាមេរិក ហើយតែងតែរក្សាប្រាក់ចំណេញទាំងអស់របស់ ABA បន្តដាក់វិនិយោគនៅក្នុង ABA វិញដើម្បីពង្រឹងមូលដ្ឋានមូលធនរបស់ធនាគារ ដែលជំរុញការប្ដេជ្ញាចិត្តរបស់ ABA ឲ្យកាន់តែមោះមុតបន្ថែមទៀត ចំពោះការអភិវឌ្ឍ និងកំណើនប្រកបដោយចីរភាពរបស់កម្ពុជា។

លោក Laurent Ferreira បានថ្លែងថា «ធនាគារជាតិកាណាដាឲ្យតម្លៃខ្ពស់ ចំពោះឱកាសប្រតិបត្តិការនៅ ប្រទេសកម្ពុជាតាមរយៈធនាគារ ABA ដែលជាបុត្រសម្ពន្ធពេញលេញ របស់ខ្លួន»

លោកបានបន្ថែមផងដែរថា «សេដ្ឋកិច្ចកំពុងបន្តរីកច្រើនទៅមុខ និងបរិយាកាសធុរកិច្ចអំណោយផលល្អរបស់កម្ពុជា បានផ្ដល់ជាមូលដ្ឋានអនុគ្រោះដ៏ប្រសើរ នាំមកនូវភាពរីកចម្រើនរបស់ ABA។ ចាប់ពីធ្វើការវិនិយោគតាំងពីឆ្នាំ២០១៤មក ធនាគារ ABA ជាមួយថ្នាក់ដឹកនាំមានសមត្ថភាព និងបុគ្គលិកបម្រើការយ៉ាងមោះមុត បានបន្តរីកចម្រើនលូតលាស់យ៉ាងល្អ ធ្វើឲ្យយើងខ្ញុំកាន់តែមានភាពជឿជាក់លើបរិយាកាសវិនិយោគដ៏ទាក់ទាញរបស់កម្ពុជា»

ទន្ទឹមនឹងនេះ ធនាគារ ABA បានបន្តវឌ្ឍនភាពទៅជាគ្រឹះស្ថានហិរញ្ញវត្ថុដ៏រឹងមាំមួយ ដែលគាំទ្រដល់កំណើនសេដ្ឋកិច្ចកម្ពុជា។ ធនាគារបានបន្ដផ្តល់ប្រាក់កម្ចីចំនួន៨.៦ពាន់លានដុល្លារ ដល់វិស័យសំខាន់ៗដូចជា វិស័យពាណិជ្ជកម្ម ទេសចរណ៍ កម្មន្ដសាល និងកសិកម្ម។

ABA ក៏បានផ្តល់ហិរញ្ញប្បទានយ៉ាងសកម្ម ដល់គម្រោងហេដ្ឋារចនាសម្ពន្ធនានា ដើម្បីការអភិវឌ្ឍ ក៏ដូចជាភាពរីកចម្រើនរបស់ប្រទេសជាតិ។ហិរញ្ញប្បទានថ្មីៗរបស់ធនាគាររួមមាន សញ្ញាបណ្ណបៃតង សំដៅគាំទ្រដល់កសិដ្ឋានថាមពលពន្លឺព្រះអាទិត្យ ដែលនឹងជួយឲ្យប្រជាពលរដ្ឋកម្ពុជា ទទួលបានថាមពលអគ្គិសនីក្នុងតម្លៃធូរថ្លៃ កាត់បន្ថយថ្លៃចំណាយលើផលិតកម្ម ឬការផលិត និងបង្កើនសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជានៅក្នុងតំបន់។

បន្ថែមពីលើនេះ ABA ក៏បានផ្ដល់ហិរញ្ញប្បទាន ដល់គម្រោងអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលជាគំនិតផ្តួចផ្តើមដ៏ធំ និងមានសារៈសំខាន់មួយ សម្រាប់បង្កើនការតភ្ជាប់សេដ្ឋកិច្ច និងជំរុញកំណើនទេសចរណ៍ និងវិស័យភស្តុភារកម្ម។

លោក Laurent Ferreira បានសង្កត់ធ្ងន់ថា ភាពជោគជ័យនៃការវិនិយោគរបស់ធនាគារជាតិកាណាដា នៅក្នុងធនាគារកម្ពុជា បានលើកមុខមាត់របស់កម្ពុជា នៅប្រទេសកាណាដា ក្នុងនាមជាគោលដៅវិនិយោគដ៏ទាក់ទាញ។ ធនាគារជាតិកាណាដា ចូលរួមយ៉ាងសកម្ម ក្នុងការណែនាំអំពីកម្ពុជាដល់អតិថិជនរបស់ខ្លួន ដែលស្វែងរកការពង្រីកវិសាលភាពទៅក្រៅប្រទេស ដោយពង្រឹងទំនុកចិត្តបន្ថែមទៀតចំពោះសក្តានុពលរបស់ព្រះរាជាណាចក្រកម្ពុជា។

គួររំលឹកផងដែរថា កាលពីខែសីហា ឆ្នាំ២០២៤ ធនាគារជាតិកាណាដា បានរៀបចំកិច្ចប្រជុំកំពូលរវាងគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា និងបណ្ដាធុរជន និងវិនិយោគិនឆ្នើម របស់កាណាដា។ កម្មវិធីជំរុញ និងទាក់ទាញវិនិយោគិន(Investment Roadshow) ដែលដឹកនាំដោយលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញពីឱកាសវិនិយោគដ៏ទាក់ទាញរបស់កម្ពុជា នៅសហរដ្ឋអាមេរិក និងកាណាដា។

ធនាគារ ABA មានមោទនភាពយ៉ាងក្រៃលែង ចំពោះជំនួបកាលពីពេលថ្មីៗនេះរវាងគណៈប្រតិភូនៃធនាគារជាតិកាណាដា និងទេសាភិបាលធនាគារជាតិនៃកម្ពុជា ដែលពង្រឹងការប្តេជ្ញាចិត្តក្នុងការគាំទ្រវិស័យធនាគាររបស់កម្ពុជា តាមរយៈសេវាកម្មធនាគារនវានុវត្ត ផ្តោតលើអតិថិជនជាចម្បង។

ក្នុងនាមជានិយតករ វិស័យធនាគារកម្ពុជា ធនាគារជាតិនៃកម្ពុជា កំពុងដើរតួយ៉ាងសំខាន់បំផុត ក្នុងការធានាស្ថិរភាព ហិរញ្ញវត្ថុ ពង្រឹងនវានុវត្តន៍ ឆ្ពោះទៅកាន់កំណើន ប្រកប ដោយ ចីរភាព។ ធនាគារ ABA សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះធនាគារជាតិនៃកម្ពុជា សម្រាប់ការបន្តណែនាំ ចង្អុលបង្ហាញ និងភាពជាអ្នកដឹកនាំប្រកបដោយចក្ខុវិស័យ ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍ និងភាពជោគជ័យរបស់ធនាគារយើងខ្ញុំ។

ដំណើរវឌ្ឍនភាពរបស់ធនាគារ ABA គឺពិតណាស់ បានផ្សារភ្ជាប់ទៅនឹងវិបុលភាពរុងរឿងរបស់ប្រទេសកម្ពុជា។ ABA នឹងបន្ដចូលរួមកសាងវិស័យធនាគាររបស់កម្ពុជាឲ្យកាន់តែរឹងមាំ និងរីកចម្រើនប្រកបដោយចីរភាពស្របតាមគោលដៅអភិវឌ្ឍន៍រយៈពេលវែងរបស់ជាតិយើង។ ជាមួយការបន្តគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា ធនាគារ ABA ប្ដេជ្ញារួមចំណែកសម្រេចចក្ខុវិស័យរួម ដើម្បីកម្ពុជាកាន់តែមានវិបុលភាពរីកចម្រើនពេញដោយបរិយាបន្នហិរញ្ញវត្ថុ៕