(ភ្នំពេញ)៖ ដោយការស្នើសុំពន្យារសុពលភាពបណ្ណការងារ និងសៀវភៅការងារជនបរទេស សម្រាប់ឆ្នាំ២០២៥ នៅមានភាពយឺតយ៉ាវ ក្រសួង នឹងពន្យារពេលនៃការផ្តល់បណ្ណការងារ និងសៀវភៅការងារជនបរទេសឆ្នាំ២០២៥ រហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ ដើម្បីជួយសម្រួលដល់ការរៀបចំស្នើសុំពន្យារសុពលភាពនេះឱ្យបានទាន់ពេលវេលា។
តាមសេក្ដីជូនដំណឹងរបស់ក្រសួងការងារ ដែលបណ្ដាញសារព័ត៌មាន Fresh News ទទួលបាន គឺការស្នើសុំ និងការពន្យារសុពលភាពបណ្ណការងារ និងសៀវភៅការងារជនបរទេស តាមរយៈគេហទំព័រ www.fwcms.mlvt.gov.kh ត្រូវធ្វើឱ្យបានមុនកាលបរិច្ឆេទខាងលើនេះជាកំហិត។
ក្រសួងការងារនឹងចាត់វិធានការ ផាកពិន័យចំពោះការខកខានក្នុងការពន្យារសុពលភាពបណ្ណការងារ និងសៀវភៅការងារជនបរទេស មុនកាល កំណត់ខាងលើ ស្របតាមជំពូកទី១៦ នៃច្បាប់ស្តីពីការងារ និងប្រកាសអន្តរក្រសួងលេខ៤៩៨ សហវ.ប្រក.អទច ចុះថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ ស្តីពីការផាកពិន័យចំពោះ បុគ្គលប្រព្រឹត្តល្មើសនឹងបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ និងបទប្បញ្ញត្តិជាធរមាន។
បន្ថែមពីនេះ ក្រសួងការងារក៏សង្ឃឹមយ៉ាងមុតមាំថា ម្ចាស់ ឬនាយក សហគ្រាស គ្រឹះស្ថាន និងជនបរទេសទាំងអស់នឹងអនុវត្តតាមសេចក្តីជូនដំណឹងនេះប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវ៕
ខាងក្រោមនេះ ជាសេក្ដីជូនដំណឹងរបស់ ក្រសួងការងារ៖