(បាត់ដំបង)៖ លោក សុខ លូ អភិបាល ខេត្តបាត់ដំបង និងជាប្រធានកាយរឹទ្ធិខេត្តបាត់ដំបង នាព្រឹកថ្ងៃចន្ទ ទី៣១ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញគណៈអធិបតី ក្នុងពិធីសច្ចាប្រណិធាន និងបំពាក់កន្សែងជូនយុវជនកាយរឹទ្ធិ និងថ្នាក់ដឹកនាំកាយរឹទ្ធិ ស្រុកបវេល និងគ្រឹះស្ថានសិក្សាមួយចំនួននៃស្រុកថ្មគោល ដែលជាប់ព្រំប្រទល់ស្រុកបវេល សរុបចំនួន ៤០០នាក់ (ស្រី២៥៧នាក់) ដែលមានការចូលរួមពីសំណាក់ លោក លោកស្រី ប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត កងកម្លាំងទាំង៣ប្រភេទ លោកគ្រូ អ្នកគ្រូ និងអ្នកពាក់ព័ន្ធផ្សេងទៀត។

ពិធីសច្ចាប្រណិធាន និងបំពាក់កន្សែងជូនយុវជនកាយរឹទ្ធិនាថ្ងៃនេះ បានឆ្លើយតបទៅនឹងខ្លឹមសារនៃកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញឱ្យយុវជនកម្ពុជា ចូលរួមអនុវត្តគម្រោងសកម្មភាពនានា ដើម្បីសម្រេចបាននូវ គោលដៅអភិវឌ្ឍប្រកបដោយចីរភាព (SDGs) និងចូលរួមក្នុងបុព្វហេតុកសាងពន្លកយុវវ័យប្រកបដោយចំណេះដឹង សីលធម៌ល្អ ចរិយាសម្បតិ្ត ថ្លៃថ្នូរ ជាពលរដ្ឋល្អ ប្រកាន់ខ្ជាប់នូវកាតព្វកិច្ចជួយអ្នកដ៏ទៃ ជួយសង្គមជាតិ និងភក្តីភាពជានិច្ជាមួយរាជរដ្ឋាភិបាលកម្ពុជា។

បច្ចុប្បន្ននេះ សមាជិកកាយរឹទ្ធិនៅតាមបណ្តាកងឯកភាពគ្រឹះស្ថានសិក្សា បឋមសិក្សា រហូតដល់មធ្យម សិក្សាទូទាំងខេត្តបាត់ដំបង បានខិតខំប្រឹងប្រែងធ្វើសកម្មភាពជាច្រើនទាំងក្នុងសាលា និងក្រៅសាលារួមមាន ការងារបោះជំរុំ និងទស្សនកិច្ចសិក្សា, ការងារអប់រំបណ្ដុះបណ្ដាល, ការងារអនាម័យបរិស្ថាន, និងការងារសង្គមនិងសប្បុរសធម៌ ស្របតាមទិសស្លោក «កាយរឹទ្ធិត្រូវធ្វើអំពើល្អឱ្យបានមួយយ៉ាងតិចក្នុងមួយថ្ងៃ»។

ក្នុងនោះផងដែរ កាយរឹទ្ធិបានចូលរួមយ៉ាងសកម្មក្នុងការងារអប់រំ និងការអភិវឌ្ឍកុមារ និងយុវជន តាមរយៈកម្មវិធី អប់រំក្រៅប្រព័ន្ធ និងការអប់រំបែបកាយរឹទ្ធិកម្មដ៏មានប្រសិទ្ធភាព ដែលបានគាំទ្រយ៉ាងពេញ ទំហឹងដល់កម្មវិធី សិក្សាក្រៅម៉ោងបន្ថែមឈានដល់ការសម្រេចបាននូវសូចនាករសំខាន់ៗ លើការប្រឡងប្រណាំងនានារួមមាន អង្គភាពផ្តល់សេវាសាធារណៈគំរូ ស្តង់ដាសាលារៀនគំរូ នាយកល្អ សាលារៀនស្អាត គ្រូបង្រៀនល្អ។

លើសពីនេះ កាយរឹទ្ធិជាតិកម្ពុជាបានចូលរួមអនុវត្តយ៉ាងសកម្មដល់ការអនុវត្តគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍយុវជនកម្ពុជា គោលនយោបាយជាតិស្តីពីការសិក្សាពេញមួយជីវិត និងផែនការយុទ្ធសាស្ត្រ វិស័យអប់រំ សំដៅរួមចំណែកអភិវឌ្ឍកម្មវិធីសម្រាប់កុមារ និងយុវជនកម្ពុជា ឱ្យមានវិជ្ជាសម្បទា បំណិនសម្បទា ចរិយាសម្បទា និងជំនាញសតវត្សរ៍ទី២១ ឆ្លើយតបទៅនឹងបដិវត្តន៍ឧស្សាហកម្ម៤.០ និងបរិវត្តកម្មឌីជីថល។

បេសកកម្មរបស់កាយរឹទ្ធិជាតិកម្ពុជា ពិតជាបានឆ្លើយតបយ៉ាងវិជ្ជមាន និងមានប្រសិទ្ធភាពបំផុតដល់ អនុសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ស្តីពីការ លើកកម្ពស់គុណភាពអប់រំ ដោយផ្តោតលើការពង្រឹងគុណភាពសាលារៀនរដ្ឋ កែប្រែជាសាលារៀនគំរូ ចាប់ពី ថ្នាក់មត្តេយ្យសិក្សាដល់មធ្យមសិក្សា ដោយបញ្ចូលសកម្មភាពកាយរឹទ្ធិចូលរួមការពង្រឹង សកម្មភាពក្រៅម៉ោងសិក្សាការពង្រឹងវិន័យ សីលធម៌ ចរិយាធម៌ សុជីវធម៌ គុណធម៌ និងឥរិយាបថល្អរបស់សិស្សនៅតាមស្តង់ដាសាលារៀនគំរូ។

ការរៀបចំ «ក្លឹបកាយរឹទ្ធិ» នៅតាមសាលារៀន ពិតជាបានបណ្តុះបណ្តាល និងអភិវឌ្ឍបុគ្គលិកលក្ខណៈពេញលេញ និងបំណិនសតវត្សរ៍ទី២១ដល់យុវជន និងកុមារដើម្បីប្រែក្លាយពួកគេទៅជាពលរដ្ឋល្អ ព្រមទាំងជួយគាំទ្រដល់ក្រុមប្រឹក្សាកុមារកម្ពុជា ក្រុមប្រឹក្សាយុវជនកម្ពុជា និងការពង្រឹងការគ្រប់គ្រងនៅតាម គ្រឹះស្ថានសិក្សា ព្រមទាំងការជំរុញចលនាប្រឡងប្រណាំងបីល្អ «កូនល្អ សិស្សល្អ មិត្តល្អ» ដូចជាការបង្កើតក្លឹប សកម្មភាពយុវជន និងក្លឹបសិក្សាសម្រាប់ជួយបំប៉នបន្ថែមដល់សិស្សត្រៀមប្រឡងមធ្យមសិក្សាទុតិយភូមិ។ ទាំងអស់នេះ គឺជាយន្តការដ៏មានសារៈសំខាន់ក្នុងការគាំទ្រសាលារៀនគំរូ និងប្រែក្លាយយុវជននិងកុមារទៅជា ពលរដ្ឋល្អ ពលរដ្ឋសកល និងមានស្មារតីស្រឡាញ់ជាតិ ការពារមាតុភូមិ និងការអភិវឌ្ឍសង្គមកម្ពុជា៕