(ភ្នំពេញ)៖ គណៈកម្មាធិការសាខាគណបក្ស «ខ១១» នៃគណៈកម្មាធិការគណបក្សខុទ្ទកាល័យ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥នេះ បានចូលគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម អ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន ដែលតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាន។

ក្នុងវេលាពោរពេញដោយ សមានទុក្ខនេះ គណៈកម្មាធិការសាខាគណបក្ស «ខ១១» នៃគណៈកម្មាធិការគណបក្សខុទ្ទកាល័យ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសម្តែងនូវសមានទុក្ខដ៏មហាក្រៀមក្រំបំផុត និងតក់ស្លុតក្នុងចិត្តជាអនេកប្បការ ចំពោះការទទួលមរណភាព របស់ ឯកឧត្តម អ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន រដ្ឋលេខាធិការក្រសួងសាធា រណការនិងដឹកជញ្ជូន ត្រូវជាបងប្រុសបង្កើតរបស់ សម្តេចតេជោ និងបានចាត់ទុកមរណភាព របស់ឯកឧត្តមអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋិ គឺជាការបាត់បង់នូវឥស្សរជនដ៏ឆ្នើម១រូប បិតា បិតាក្មេក និងជីតា ប្រកបដោយ ព្រហ្មវិហារធម៌ និងជាបងប្រុសជាទីគោរពស្រឡាញ់បំផុតរបស់សម្តេចតេជោ ហ៊ុន សែន ព្រមទាំងក្រុមគ្រួសារ សាច់ញាតិដ៏គួរឱ្យសោកសង្រេងនិងអាឡោះអាល័យ។ គំរូវីរភាពនិងស្នាដៃរបស់ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ បានដក់ជាប់ ក្នុងក្រឳបេះដូងប្រជាពលរដ្ឋគ្រប់ៗរូប ដែលបានលះបង់កម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតី និងធនធានផ្ទាល់ខ្លួន ចូលរួមចំណែកកសាងជាតិមាតុភូមិជាមួយរាជរដ្ឋាភិបាល ក្រោមម្លប់សុខសន្តិភាព។

ជាមួយនឹងសមានទុក្ខដ៏សែនក្រៀមក្រំនេះ គណៈកម្មាធិការសាខាគណបក្ស «ខ១១» នៃគណៈកម្មាធិការគណបក្ស ខុទ្ទកាល័យ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម អ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

សូមបញ្ជាក់ថា ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បងប្រុសច្បងរបស់ សម្តេចតេជោ ហ៊ុន សែន បានទទួលអនិច្ចកម្ម នាម៉ោង២៖២៧នាទីព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ក្នុងជន្មាយុ៧៨ឆ្នាំ ដោយរោគាពាធ៕