(ភ្នំពេញ)៖ អ្នកឧកញ៉ា អ៊ឹង លីហេង ប្រធានអង្គការមូលនិធិរ៉ូតថារីនៅកម្ពុជា បានដឹកនាំគណៈត្រិភូអង្គការមូលនិធិរ៉ូតថារី នៅកម្ពុជា អញ្ចើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខនន្ធសព ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥។
ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន ដែលបានទទួលមរណភាពកាលពីថ្ងៃសុក្រ ១៥រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ២:២៧នាទី ក្នុងជន្មាយុ ៧៨ឆ្នាំ ដោយរោគាពាធ។
ក្នុងសមានទុក្ខដ៏ក្រៀមក្រំនោះ អ្នកឧកញ៉ា អ៊ឹង លីហេង និងប្រតិភូអង្គការមូលនិធិរ៉ូតថារីនៅកម្ពុជា សូមគោរពចូលរួមរំលែកមរណទុក្ខជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំពោះការបាត់បង់ ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន។
មរណភាពរបស់ ឯកឧត្តមអ្នក ឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ មិនត្រឹមជាការបាត់បង់បងប្រុស បងថ្លៃ ឪពុកបង្កើត ឪពុកធំ ឪពុកក្មេក និងជីតា ប្រកបដោយ ព្រហ្មវិហារធម៌របស់ប្អូនៗ កូនចៅ និងក្មួយៗទាំងអស់នោះទេ ប៉ុន្តែជាការបាត់ បង់ឥស្សរជនជាន់ខ្ពស់ដ៏ឆ្នើមមួយរូបរបស់កម្ពុជា ដែលកន្លងមក អ្នកឧកញ៉ាបានលះបង់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី និងវីរភាពអង់អាចប្រកបដោយឆន្ទៈមនសិការ ក្នុងបុព្វហេតុ បម្រើជាតិ សាសនា និងព្រះមហាក្សត្រ។
គណៈត្រិភូអង្គការមូលនិធិរ៉ូតថារីនៅកម្ពុជា សូមឧទ្ទិសបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី វត្ថុស័ក្ដិសិទ្ធិ ទាំងឡាយក្នុងលោក សូមឱ្យវិញ្ញាណក្ខន្ធ ឯកឧត្តមអ្នកឧកញ៉ា ឧត្ដមមេត្រីវិសិដ្ឋ បានទៅចាប់បដិសន្ធិ និងសោយសុខ ក្នុងសុគតិភពជានិច្ចនិរន្តរ៍ កុំបីឃ្លៀងឃ្លាតឡើយ៕