(កំពង់ចាម)៖ បន្ទាប់ពីទទួលបាននូវប្រព័ន្ធធារាសាស្ត្រ ជាសមិទ្ធផលថ្មីសម្រាប់បង្កបង្កើនផលដំណាំកសិកម្មតំណាងប្រជាពលរដ្ឋនាស្រុកកងមាស ខេត្តកំពង់ចាម បានបង្ហាញក្ដីសប្បាយរីករាយបំផុត និងគោរពថ្លែង អំណរគុណសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃប្រទេសកម្ពុជា និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ចំពោះសមិទ្ធផលថ្មីនេះ សម្រាប់ការប្រើប្រាស់ទឹកស្រោចស្របដំណាំស្រូវប្រាំង ១១០ហិកតា និងស្រូវវស្សា ៣២០ហិកតា រួមជាមួយដីដាំដំណាំរួមផ្សំ ៥០ហិចតាទៀត។

លោក វ៉ាន់ ណារ៉ា ប្រជាពលរដ្ឋរស់នៅក្នុងភូមិស្រុកកងមាស បានលើកឡើងថា លោកសប្បាយចិត្ត​ និងរីករាយបំផុតដែលរាជរដ្ឋាភិបាល បានធ្វើប្រឡាយប្រវែង ២,៧០០ម៉ែត្រនេះ ហើយនឹងមានទឹកសម្រាប់ស្រោចស្រព ក្នុងការបង្កបង្កើនផលដំណាំកសិកម្ម។ លោកសូមគោរពថ្លែងអំណរគុណដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងអភិបាលខេត្តកំពង់ចាម ជាខ្លាំងដែលបានគិតគូរធ្វើប្រឡាយទឹកនាឃុំព្រែកក្របៅទាំងមូល។

មិនខុសពីលោក វ៉ាន់ ណារ៉ា, ប្រជាពលរដ្ឋរស់នៅឃុំព្រែកក្របៅ នៃស្រុកកងមាស ក៏សម្តែងអារម្មណ៍សប្​បាយចិត្ត​ខ្លាំង ហើយគោរពជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ស្រដៀងៗគ្នាផងដែរ។

ក្នុងឱកាសសំណេះសំណាលជាមួយប្រជាពលរដ្ឋនោះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានលើកឡើងថា ប្រព័ន្ធធារាសាស្ត្រនេះ គឺជាសមិទ្ធផលប្រវត្តិសាស្ត្រ សម្រាប់ឃុំព្រែកក្របៅ ដែលអាចស្រោចស្រព ដំណាំទាំងរដូវប្រាំង និងរដូវវស្សាបានប្រមាណជាង ៤០០ហិកតា។ ដូច្នេះសូមប្រជាកសិករ ខិតខំប្រឹងប្រែងក្នុងការដាំដុះ បង្កបង្កើនផលប្រកបដោយសមធម៌ ទទួលបានផលប្រយោជន៍ស្មើៗគ្នា ដើម្បីជាការចូលរួមលើកកម្ពស់ កម្រិតជីវភាពរបស់ប្រជាកសិករទាំងអស់គ្នា។

លោកអភិបាលខេត្ត បានបញ្ជាក់ថា សមិទ្ធផលដែលរដ្ឋាភិបាលបានប្រគល់ជូននាពេលនេះ គឺជាមូលដ្ឋានក្នុងការជំរុញឲ្យប្រជាកសិករ ខិតខំប្រឹងប្រែងឈានឆ្ពោះទៅរំដោះខ្លួនពីភាពក្រីក្រ ពិសេសចំពោះអ្នកដែលមានជីវភាពធូរធារហើយ ត្រូវប្រឹងប្រែងបន្តទៀត ខិតខំបង្កបង្កើនផល និងបង្កើនមុខរបរផ្សេងៗ ដើម្បីឲ្យខ្លួនកាន់តែមានជីវភាពធូរធារបន្តទៅមុខទៀត។

សូមបញ្ជាក់ថា សំណង់ប្រព័ន្ធធារាសាស្ត្រនេះ មានសំណង់សិល្បការទ្វារពីចំនួនពីរកន្លែង សំណង់លូចំនួន២កន្លែង និងប្រឡាយទាំងមូលនេះមានប្រវែង២,៧០០ម៉ែត្រ សំណង់ប្រព័ន្ធធារាសាស្ត្រនេះអាចបម្រើផលប្រយោជន៍ដល់ ប្រជាពលរដ្ឋចំនួន៣,០៩០គ្រួសារ ក្នុងឃុំចំនួន៣ នៅស្រុកកងមាស សម្រាប់ការប្រើប្រាស់ទឹកស្រោចស្របដំណាំស្រូវប្រាំង១១០ហិកតា និងស្រូវវស្សា៣២០ហិកតា រួមជាមួយដីដាំដំណាំរួមផ្សំ ៥០ហិចតាទៀតនេះបើតាមការលើកឡើងពី លោក ប៊ុន ហ៊ាន រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម៕

សូមទស្សនាវីដេអូប្រជាពលរដ្ឋបានលើកឡើងដូតតទៅ៖