(កំពង់ចាម)៖ ព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ នៅស្តូបវិមានរំលឹកគុណូបការៈដល់យុទ្ធជនចិន២រូប គឺលោក Chen Zhiguo និងលោក Yu Shili ដែលបានពលីក្នុងបុព្វហេតុបេសកកម្មថែរក្សាសន្តិភាពនៅកម្ពុជា ក្រោមឆ័ត្រអង្គការសហប្រជាជាតិ។
ថ្លែងទៅកាន់អ្នកចូលរួមដែលជាតំណាងអញ្ជើញពីរដ្ឋបាលសាលាស្រុកជើងព្រៃ លោកនាយក គណៈគ្រប់គ្រង សិស្សវិទ្យាល័យ ហ៊ុន សែន ស្គន់ ប្រជាការពារ និងមហាជនទូទៅប្រមាណ ៨០រូប លោក Liu Zhanguo ប្រធានការិយាល័យមូលនិធិចិន ដើម្បីសន្តិភាពនិងការអភិវឌ្ឍប្រចាំកម្ពុជាបានថ្លែងថា ដើម្បីបុព្វហេតុសន្តិភាពកម្ពុជា លោកបានបង្ហូរឈាមនៅលើទឹកដីខ្មែរ និងបានពលីទាំងវ័យក្មេងៗ។
ឈ្មោះរបស់ពួកលោកទាំង២គឺ លោក Chen Zhiguo និង លោក Yu Shili។ ក្នុងនាមជាអ្នកនាំសារនៃមិត្តភាព រវាងប្រទេសទាំងពីរ លោកទាំងពីរបានយកលោហិតរបស់ខ្លួន ស្រោចជាជីបន្ថែមភាពលូតលាស់ នៃមែកធាងដើមឈើ មិត្តភាពកម្ពុជា-ចិន។ ក្នុងឱកាសនៃពិធីបុណ្យឆេងម៉េង យើងទាំងអស់គ្នាមកកាន់ស្តូបវិមាននេះ ដើម្បីរំលឹកដល់គុណូបការៈគុណ របស់លោកទាំង២ ក្នុងពេលដែលស្តូបវិមាននេះបង្ហាញ ជាប់ជានិច្ចពីវីរភាពដ៏អង់អាចក្នុងបុព្វហេតុរបស់ប្រទេសចិន រួមចំណែកដល់ការធានាបានសន្តិភាពនៅកម្ពុជា ដោយរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា។ លោកក៏បានបង្ហាញថា ពិធីបុណ្យឆេងម៉េងបង្កើនសាមគ្គីភាពដល់មិត្តភាពកម្ពុជា-ចិន។
ក្នុងនាមអាជ្ញាធរមូលដ្ឋាន លោក គឹម បូរ៉ាឌី អភិបាលរងនៃគណៈអភិបាលស្រុកជើងព្រៃ បានគូសរំលេចពីសាវតារជាតិ នៃយុទ្ធជនចិនទាំង២រូបថា ចាប់ពីខែមេសា ឆ្នាំ១៩៩២ ដល់ខែកញ្ញា ឆ្នាំ១៩៩៣ រដ្ឋាភិបាលចិនបានបញ្ជូនកងទ័ពរក្សា សន្តិភាពមកកម្ពុជា តាមសំណើរបស់អង្គការសហប្រជាជាតិ។ ពួកលោកទាំង២បានឆ្លងកាត់ការលំបាកផ្សេងៗ និងចូលរួមចំណែកជួសជុលផ្លូវ ជាង៥០០គីឡូម៉ែត្រ សាងសង់ស្ពានចំនួន៣៦កន្លែង ជួសជុលអាកាសយានដ្ឋានចំនួន២ និងសាងសង់បន្ទាយរាប់ពាន់ម៉ែត្រការ៉េ។ ទោះយ៉ាងណា នៅល្ងាចថ្ងៃទី២១ ខែឧសភា ឆ្នាំ១៩៩៣ ក្នុងអំឡុងពេលដើរល្បាត ទាហានចិនទាំងពីររូបនេះត្រូវបានពលីក្នុងការវាយប្រហារមួយ។ ជារៀងរាល់ឆ្នាំ រដ្ឋបាលស្រុកជើងព្រៃតែងបានរៀបចំ ពិធីគោរពវិញ្ញាណក្ខន្ធ និងតែងបានរំលឹកព្រឹត្តិការណ៍នេះជាប់ជាប្រចាំ។
ក្នុងនាមអ្នករៀបចំកម្មវិធី លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានជម្រាបថា ការរៀបចំព្រឹត្តិការណ៍នាថ្ងៃនេះក្នុងគោលបំណងសំខាន់ចំនួន៤ គឺ៖ ១-គោរពវិញ្ញាណក្ខន្ធដល់យុទ្ធជនចិន ដែលបានពលីក្នុងបុព្វហេតុសន្តិភាព ២-ចែករំលែកសារៈសំខាន់នៃគុណតម្លៃសន្តិភាព ៣-ពន្លាតទំនាក់ទំនងរវាង ប្រជាជននិងប្រជាជន កម្ពុជា-ចិន ទី៤-រំលេចនូវកិច្ចសហប្រតិបត្តិការកាន់តែរឹងមាំនៃសង្គមស៊ីវិល របស់ប្រទេសយើងទាំងពីរក្នុងកិច្ចបង្កើន ការអភិវឌ្ឍនៅជនបទ៕
វិទ្យុមិត្តភាពកម្ពុជាចិន