(ភ្នំពេញ)៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥នេះ បានដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ចូលរួមគោរពវិញ្ញាណក្ខន្ធ ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន ដែលតម្កល់នៅគេហដ្ឋានខណ្ឌទួលគោក រាជធានីភ្នំពេញ។

ក្នុងឱកាសចូលគោរពគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ា និងគណៈប្រតិភូ បានសម្តែងនូវសមានទុក្ខដ៏មហាក្រៀមក្រំបំផុត និងតក់ស្លុត ក្នុងចិត្ត ជាអនេកប្បការ ចំពោះចំពោះការទទួលមរណភាព របស់ ឯកឧត្តម អ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុនសាន រដ្ឋលេខាធិការ ក្រសួងសាធា រណការនិងដឹកជញ្ជូនត្រូវជាបងប្រុសបង្កើតរបស់សម្តេចតេជោនិងបានចាត់ទកមរណភាព របស់ឯកឧត្តមអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋិ គឺជាការបាត់បង់នូវឥស្សរជនដ៏ឆ្នើម១រូប បិតា បិតាក្មេក និងជីតា ប្រកបដោយ ព្រហ្មវិហារធម៌ និងជាបងប្រុសជាទីគោរពស្រឡាញ់បំផុតរបស់សម្តេចតេជោ ហ៊ុន សែន ព្រមទាំងក្រុមគ្រួសារ សាច់ញាតិដ៏គួរឱ្យសោកសង្រេងនិងអាឡោះអាល័យ។ គំរូវីរភាពនិងស្នាដៃរបស់ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ បានដក់ជាប់ ក្នុងក្រឳបេះដូងប្រជាពលរដ្ឋគ្រប់ៗរូប ដែលបានលះបង់កម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតី និងធនធានផ្ទាល់ខ្លួន ចូលរួមចំណែកកសាងជាតិមាតុភូមិជាមួយរាជរដ្ឋាភិបាល ក្រោមម្លប់សុខសន្តិភាព។

ជាមួយសមានទុក្ខដ៏សែនក្រៀមក្រំនេះ អ្នកឧកញ៉ា គិត ម៉េង និងគណៈប្រតិភូ បានឧទ្ទិសបួងសួងដល់វិញ្ញាណក្ខន្ធ ឯកឧត្តម អ្នកឧកញ៉ា ឧត្ដមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទៅសោយសុខក្នុងឋានសុគតិភពជានិច្ចនិរន្តរ៍កុំឃ្លៀងឃ្លាតឡើយ។

សូមជម្រាបថា អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា និងលោកជំទាវ ព្រមទាំងប្រធានសភាពាណិជ្ជកម្មរាជធានី-ខេត្ត ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងសមាជិក សមាជិកា នៃសភាពាណិជ្ជកម្មកម្ពុជា បានផ្ញើសារលិខិតរំលែកមរណទុក្ខគោរពជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងក្រុមគ្រួសារ បន្ទាប់ពីទទួលដំណឹងដ៏សែនក្រៀមក្រំ និងសោកសៅជាទីបំផុតថា ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ដែលត្រូវជាបងប្រុសបង្កើត ជាទីគោរពស្រលាញ់បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានទទួលមរណភាពនៅថ្ងៃសុក្រ ១៥រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ០២៖ ២៧នាទី ក្នុងជន្មាយុ ៧៨ឆ្នាំ ដោយរោគាពាធ៕